កីឡាអន្តរជាតិ
អន្តរជាតិ
World Cup នារី៖ គ្រូវៀតណាម ថាជ័យជម្នះរបស់ហ្វីលីពីនដាក់សម្ពាធវៀតណាមមុនប៉ះព័រទុយហ្កាល់
27, Jul 2023 , 11:59 am        
រូបភាព
គ្រូបង្វឹកក្រុមជម្រើសជាតិនារីវៀតណាម លោក Mai Duc Chung សារភាពថា វៀតណាមស្ថិតក្រោមសម្ពាធនៅមុនការប្រកួតទល់ព័រទុយហ្កាល់ក្នុងជំនួបទីពីរពូល E ដោយសារតែជ័យជម្នះរបស់ហ្វីលីពីនលើម្ចាស់ផ្ទះនូវែលសេឡង់ក្នុងព្រឹត្តិការណ៍ FIFA Women's World Cup។



ក្រុមនារីហ្វីលីពីន បានធ្វើឱ្យមានការភ្ញាក់ផ្អើល ក្រោយយកឈ្នះម្ចាស់ផ្ទះនូវែលសេឡង់ ១-០ ក្នុងប្រត្តិសាស្ត្ររបស់ខ្លួន នៅជំនួបលើកទី២ ពូល A។ ហ្វីលីពីន ជាក្រុមនារីតំបន់អាស៊ីអាគ្នេយ៍ទី២ ដែលឈ្នះការប្រកួតនៅពានរង្វាន់ពិភពលោក បន្ទាប់ពីថៃ យកឈ្នះកូដឌីវ័រ ៣-២ នៅ World Cup ឆ្នាំ២០១៥។
 
ជ័យជម្នះរបស់ហ្វីលីពីន បានក្លាយជាប្រធានបទរសើបសម្រាប់គ្រូវៀតណាមលោក Mai Duc Chung។ គ្រូ​បង្វឹកសញ្ជាតិវៀតណាម វ័យ៧២ឆ្នាំរូបនេះ មើលឃើញថា មាន​ការ​ប្រៀប​ធៀបរវៀងក្រុមហ្វីលីពីន និងវៀតណាម មុនក្រុមលោក​ត្រូវតតាំង​ជាមួយ​ព័រទុយហ្កាល់នៅជំនួបទី២ពូល E នារសៀលថ្ងៃទី២៧ ខែកក្កដា វេលាម៉ោង២និង៣០នាទី [ម៉ោងនៅកម្ពុជា]។
 
«ហ្វីលីពីនពិតជាសំណាងណាស់។ នូវែលសេឡង់បានវាយលុកច្រើន ហើយថែមទាំងមានឱកសរកគ្រាប់បាល់ច្រើនលើក ប៉ុន្តែធ្វើមិនបានសម្រេច។ សំណាងបែបនេះក៏អាចកើតឡើងសម្រាប់វៀតណាមខ្លះដែរ»។ លោក Chung បាននិយាយបែបនេះក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី២៦ ខែកក្កដា។ នេះបើតាមការផ្សាយរបស់កាសែត vnexpress។
 
គ្រូបង្វឹករូបនេះ បន្ថែមថាបើទោះជ័យជម្នះរបស់ហ្វីលីពីនដាក់សម្ពាធលើវៀតណាមមែន ប៉ុន្តែវាក៏ជាសំណាងមួយសម្រាប់បាល់ទាត់អាស៊ីអាគ្នេយ៍ដែរ។ ម្យ៉ាង លោក Chung គិតថាប្រសិនបើហ្វីលីពីនឈ្នះ នោះវៀតណាមក៏ត្រូវតែឈ្នះដូចគ្នាដែរ។ ប៉ុន្តែយ៉ាង ក្រុមអាស៊ានទាំងពីរមិនអាចមានការប្រៀបធៀគ្នានោះទេ ដ្បិតហ្វីលីពីនមាន កីឡាការិនី​ដែល​មាន​សញ្ជាតិ​ជា​ច្រើន ខណៈ​​វៀតណាម​ទាំង​អស់​សុទ្ធ​តែ​កីឡាការិនីមានដើមកំណើតវៀតណាម។ 
 
ជំនួបដំបូងពូល E វៀតណាម ដែលបង្ហាញខ្លួនលើកដំបូងនៅ World Cup ជាប្រវត្តិសាស្ត្រដូចហ្វីលីពីនដែរនោះ បានចាញ់ក្រុមការពារតំណែងជើងឯកអាម៉េរិកក្នុងលទ្ធផល ៣-០ ស្របពេលព័រទុយហ្កាល់ចាញ់ហូឡង់១-០។ ក្រុមទាំងពីរសុទ្ធតែត្រូវការឈ្នះរៀងខ្លួនក្រុមជំនួបលើកទី២ ឬបានត្រឹមស្មើ ដើម្បីមានឱកាសប្រជែងដល់ជំនួបចុងក្រោយ។
 
ក្នុងពូល E នេះ អាម៉េរិកឈរលេខ១បណ្តោះអាសន្ន តាមពីក្រោយដោយហូឡង់ ដែលមាន៤ពិន្ទុដូចគ្នា ក្រោយក្រុមទាំងពីរនេះប្រកួតស្មើ ១-១ នៅជំនួបទី២។ ជំនួបចុងក្រោយ អាម៉េរិកប៉ះព័រទុយហ្កាល់ ឯ វៀតណាម ជួបហូឡង់៕
 

Tag:
 Women\'s World Cup
  វៀតណាម
© រក្សាសិទ្ធិដោយ thmeythmey.com