ជាតិ
បោះឆ្នោត
សន្លឹកឆ្នោត៖ មាន៣បក្ស ដែលបានជាង១ម៉ឺន, ៦បក្សទៀត បានលើស២ម៉ឺន
27, Jul 2023 , 12:29 pm        
រូបភាព
មន្រ្តីគ.ជ.ប រាប់សន្លឹកឆ្នោតនៅការិយាល័យបោះឆ្នោតមួយ ក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល ក្រោយការបោះឆ្នោត ត្រូវបានបញ្ចប់ នៅល្ងាចថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។
មន្រ្តីគ.ជ.ប រាប់សន្លឹកឆ្នោតនៅការិយាល័យបោះឆ្នោតមួយ ក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល ក្រោយការបោះឆ្នោត ត្រូវបានបញ្ចប់ នៅល្ងាចថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។
ដោយ៖ ទេពញាណ 

ក្នុងចំណោមគណបក្សទាំង១៨ ដែលចូលរួមប្រកួតក្នុងការបោះឆ្នោតជាតិឆ្នាំ២០២៣នេះ គណបក្សខ្លះ ទទួលបានសំឡេងតិចតួចប៉ុណ្ណោះ ដែលមិនអាចជួយឲ្យគណបក្សទាំងនោះ ទទួលបានអាសនៈក្នុងរដ្ឋសភាឡើយ។ គ្មានគណបក្សណា ទទួលបានសន្លឹកឆ្នោតតិចជាង១ម៉ឺននោះទេ។



លំដាប់ចំនួនសន្លឹកឆ្នោតរបស់គណបក្សទាំង១៨ពីតិចទៅច្រើន៖
 
១)   គណបក្សកសិករ បានជាង១,២ម៉ឺនសន្លឹក
២)   គណបក្សកម្លាំងប្រជាធិបតេយ្យ បានជាង១,៣ម៉ឺនសន្លឹក 
៣)  ​គណបក្សបំណងពលរដ្ឋ បានជាង១,៣ម៉ឺនសន្លឹក
៤)   គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ បានជាង២ម៉ឺនសន្លឹក 
៥)   គណបក្សខ្មែរអភិរក្ស បានជាង២ម៉ឺនសន្លឹក 
៦)   គណបក្សស្រ្តីដើម្បីស្រ្តី បានជាង២,២ម៉ឺនសន្លឹក 
៧)​  គណបក្សសញ្ជាតិកម្ពុជា បានជាង២,៣ម៉ឺនសន្លឹក 
៨)   គណបក្សឯកភាពជាតិខ្មែរ បានជាង២,៥ម៉ឺនសន្លឹក
៩)​   គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច បានជាង២,៦ម៉ឺនសន្លឹក
១០) គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានជាង៣,៥ម៉ឺនសន្លឹក
១១)​ គណបក្សខ្មែរតែមួយ បានជាង៣,៦ម៉ឺនសន្លឹក
១២) គណបក្សខ្មែរឈប់ក្រ បានជាង៤ម៉ឺនសន្លឹក
១៣) គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា បានជាង៥,២ម៉ឺនសន្លឹក
១៤) គណបក្សធម្មាធិបតេយ្យ បានជាង៨,៤ម៉ឺនសន្លឹក 
១៥) គណបក្សយុវជនកម្ពុជា បានជាង៩,៧ម៉ឺនសន្លឹក
១៦) គណបក្សខ្មែររួបរួមជាតិ បានជាង១៣ម៉ឺនសន្លឹក 
១៧) គណបក្សហ៊្វុនស៊ិនប៉ិច បានជាង៧១,៦ម៉ឺនសន្លឹក
១៨) គណបក្សប្រជាជនកម្ពុជា បានជាង៦,៣លានសន្លឹក
 
ប្រជាពលរដ្ឋជាង៩,៧លាននាក់ មានឈ្មោះក្នុងបញ្ជីបោះឆ្នោត ដោយក្នុងនោះ មានជាង៨,២លាននាក់ ដែលបានទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តីនីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។ ក្នុងចំណោមសន្លឹកឆ្នោតជាង៨,២លានសន្លឹក សន្លឹកឆ្នោតបានការ មានជាង៧,៧លាន ហើយសន្លឹកឆ្នោតមិនបានការ មានជាង៤៤ម៉ឺន។ 
 
កាលពីថ្ងៃទី២៣ ខែកក្កដា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញលទ្ធផលបណ្តោះអាសន្នអំពីចំនួនសន្លឹកឆ្នោតខាងលើ ដែលគណបក្សនីមួយៗទទួលបាន។ លទ្ធផលផ្លូវការនៃការបោះឆ្នោត និងចំនួនអាសនៈដែលគណបក្សត្រូវទទួលបាន នឹងត្រូវគ.ជ.ប ប្រកាសនៅដើមខែសីហា។ 
 
ការគណនាក្រៅផ្លូវការ បង្ហាញថា គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាច ទទួលបានអាសនៈ១២០ក្នុងរដ្ឋសភា ហើយនៅសល់៥អាសនៈទៀត បានទៅលើគណបក្សហ៊្វុនស៊ិនប៉ិច។ 
 
គណបក្សប្រជាជនកម្ពុជា នៅតែបន្តកាន់អំណាច និងដឹកនាំរដ្ឋាភិបាលដដែល។ អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ នាយករដ្ឋមន្រ្តីកម្ពុជាក្នុងអាណត្តិថ្មីនេះ មិនមែនសម្តេច ហ៊ុន សែន ទៀតឡើយ គឺលោក ហ៊ុន ម៉ាណែត ជាកូនប្រុសច្បងរបស់សម្តេច។ 
 
សម្តេច ហ៊ុន សែន​ ប្រធានគណបក្សប្រជាជនកម្ពុជា និងបច្ចុប្បន្ន ជានាយករដ្ឋមន្រ្តីចាំផ្ទះ បានប្រកាសថា លោក ហ៊ុន ម៉ាណែត នឹងក្លាយជានាយករដ្ឋមន្រ្តី ចាប់ពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ទៅ គឺនៅក្រោយរដ្ឋសភាបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត៕ 
 

Tag:
 សន្លឹកឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com