កីឡាជាតិ
ជាតិ
ជម្រុះ World Cup ជុំទី១៖ កម្ពុជា ជួបប៉ាគីស្ថាន ដោយជើងទី១ធ្វើនៅពហុកីឡដ្ឋានអូឡាំពិក
27, Jul 2023 , 2:00 pm        
រូបភាព
ក្រុមកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជា ត្រូវតតាំងប៉ាគីស្ថាន ក្នុងការប្រកួតជម្រុះបឋម FIFA World Cup ឆ្នាំ២០២៦ ជុំទី១។



ក្រោយចាប់ឆ្នោតរើសក្រុម ក្នុងការប្រកួតវគ្គជម្រុះកីឡាបាល់ទាត់ពិភពលោកតំបន់អាស៊ី នៅថ្ងៃទី២៧ ខែកក្កដា ក្រុមគោព្រៃកម្ពុជា ត្រូវប៉ះក្រុមប៉ាគីស្ថាន។ ជំនួបជើងទី១ ក្នុងវគ្គជម្រុះជុំទី១ កម្ពុជា ត្រូវទទួលក្រុមប៉ាគីស្ថាននៅថ្ងៃទី១២ ខែតុលា នៅពហុកីឡដ្ឋានជាតិអូឡាំពិក។ ជើងទី២នៅទឹកដីប៉ាគីស្ថាន និងធ្វើឡើងនៅ៥ថ្ងៃបន្ទាប់។

ដោយឡែកជំនួបរបស់ក្រុមអាស៊ីអាគ្នេយ៍ផ្សេងទៀត សិង្ហបុរី ជួបកោះហ្គាំ, មីយ៉ាន់ម៉ា ប៉ះម៉ាកាវ, ទីម័រខាងកើត ជួបឆាយនីសតាយប៉ិ, ឥណ្ឌូណេស៊ី ជួបព្រុយណេ, ឡាវ ជួបណេប៉ាល់។ សម្រាប់ថៃ ម៉ាឡេស៊ី ហ្វីលីពីន និងវៀត មិនមានក្នុងការប្រកួតជម្រុះជុំទី១នេះ ដោយសារក្រុមទាំង៤មានកូតាខ្ពស់ ត្រូវជម្រុះនៅជុំទី២តែម្តង។

World Cup ឆ្នាំ២០២៦ មានសហម្ចាស់ផ្ទះចំនួន៣ រួមគ្នារៀបចំ ក្នុងមានអាម៉េរិក កាណាដា និងម៉ិកស៊ិក ដែលនឹងចាប់ផ្តើមប្រកួតនៅថ្ងៃទី១១ ខែមិថុនា ដល់ថ្ងៃទី១៩ កក្កដា ឆ្នាំ២០២៦។

ការប្រកួតជម្រុះនេះ World Cup ក៏រួមបញ្ចូលគ្នាក្នុងការប្រកួតជម្រុះពានរង្វាន់ទ្វីបអាស៊ី AFC Asian Cup ឆ្នាំ២០២៧ ដែលធ្វើនៅប្រទេសអារ៉ាសាអូឌីតផងដែរ។ ប្រសិនបើកម្ពុជា ឆ្លងផុតជម្រុះបឋមជុំទី១នេះ ពួកគេនឹងបន្តចូលវគ្គចែកពូលដោយត្រូវជួបអារ៉ាប៊ីសាអូឌីត ហ៊្សកដានី និងតាហ្សីគីស្ថាន ក្នុងពូល G៕








© រក្សាសិទ្ធិដោយ thmeythmey.com