ជាតិ
សម្តេច ហ៊ុន សែន អរគុណមេដឹកនាំបរទេស ដែលសាទរបក្សប្រជាជន ក្នុងការឈ្នះឆ្នោតជាថ្មី
27, Jul 2023 , 4:46 pm        
រូបភាព
សម្តេច ហ៊ុន សែន ទៅបោះឆ្នោតនៅការិយាល័យបោះឆ្នោត ក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។
សម្តេច ហ៊ុន សែន ទៅបោះឆ្នោតនៅការិយាល័យបោះឆ្នោត ក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។
ដោយ៖ ទេពញាណ 

មានមេដឹកនាំនៃប្រទេសមួយចំនួនហើយ ដូចជា ចិន វៀតណាម និងឡាវ ជាដើម ដែលបានចេញមកអបអរសាទរសម្តេច ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ចំពោះការទទួលបានជ័យជម្នះជាថ្មី ក្នុងការបោះឆ្នោតជាតិ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣កន្លងទៅ។



តាមរយៈសារលើបណ្តាញធ្វីតធ័រ (Twitter) នៅថ្ងៃ២៦កក្កដា សម្តេច ហ៊ុន សែន បានអរគុណមេដឹកនាំប្រទេសទាំង៣ ដែលបានចូលរួមអបអរសាទរដល់សម្តេច ក៏ដូចជា គណបក្សប្រជាជនកម្ពុជា។ ប្រធានាធិបតីចិន និងនាយករដ្ឋមន្រ្តីចិន បានសាទរសម្តេចតាមរយៈលិខិត។ នាយករដ្ឋមន្រ្តីវៀតណាម បានហៅទូរស័ព្ទទៅសម្តេច ដើម្បីអបអរ។ នាយករដ្ឋមន្រ្តីឡាវ បានផ្ញើសារអបអរ ជូនសម្តេចតាមតេឡេក្រាម។ 
 
សម្តេច ហ៊ុន សែន ដែលកំពុងកាន់តំណែងនាយករដ្ឋមន្រ្តីចាំផ្ទះ បានសរសេរដូច្នេះថា៖«ទោះបីលទ្ធផលផ្លូវការ មិនទាន់បានប្រកាស តែការហៅទូរស័ព្ទ និងផ្ញើសារមកជូនពរក្រៅផ្លូវការ គឺជាកាយវិការមិត្តភាពស្រឡាញ់រាប់អានគ្នា បន្ទាប់ពីកម្ពុជាចាត់តាំងការបោះឆ្នោតបានល្អជាមួយជោគជ័យរបស់គណបក្សប្រជាជនកម្ពុជា»។
 
លទ្ធផលផ្លូវការ និងចំនួនអាសនៈរដ្ឋសភា ដែលគណបក្សត្រូវទទួលបាន នឹងត្រូវគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ប្រកាសនៅដើមខែសីហា ឆ្នាំ២០២៣។ ទោះលទ្ធផលផ្លូវការមិនទាន់ចេញ តែគេបានគណនាក្រៅផ្លូវការមុនទៅហើយថា គណបក្សប្រជាជនកម្ពុជា បានអាសនៈ១២០ ហើយនៅសល់៥អាសនៈទៀត បានទៅលើគណបក្សហ៊្វុនស៊ិនប៉ិច។ 
 
ការទទួលបានសំឡេងឆ្នោតគាំទ្រដ៏ច្រើនលើសលប់នេះ ធ្វើឲ្យគណបក្សប្រជាជនកម្ពុជា បានកាន់អំណាច និងដឹកនាំរដ្ឋាភិបាលបន្តទៀត នៅក្នុងអាណត្តិទី៧នេះ ដែលជាអាណត្តិថ្មី។ សម្តេច ហ៊ុន សែន ដែលកាន់តំណែងនាយករដ្ឋមន្រ្តីជាប់រហូតមក ប្រកាសឈប់កាន់តំណែងនេះហើយ ហើយអ្នកថ្មី ដែលទទួលតំណែងនាយករដ្ឋមន្រ្តីនេះ គឺលោក ហ៊ុន ម៉ាណែត ជាកូនប្រុសច្បងរបស់សម្តេច៕ 
 

Tag:
 ហ៊ុន សែន
  បក្សប្រជាជន
  មេដឹកនាំបរទេស
© រក្សាសិទ្ធិដោយ thmeythmey.com