អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ឧបនាយករដ្ឋមន្ត្រីថៃ ថា លោក ថាក់ស៊ីនអាចសុំការលើកទោសពីព្រះមហាក្សត្រ
27, Jul 2023 , 5:09 pm        
រូបភាព
អតីតនាយករដ្ឋមន្រ្តីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា  ។ រូបភាព AFP ។
អតីតនាយករដ្ឋមន្រ្តីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា ។ រូបភាព AFP ។
នៅថ្ងៃទី ២៧ ខែកក្កដា ឧបនាយករដ្ឋមន្រ្តីថៃ Wissanu Krea-ngam បាននិយាយថា អតីតនាយករដ្ឋមន្រ្តីលោក ថាក់ស៊ីន ស៊ីណាវ៉ាត់ អាចដាក់ញត្តិសុំការលើកលែងទោសពីព្រះមហាក្សត្រពេលលោកត្រឡប់ចូលស្រុកវិញ។

 
អតីតនាយករដ្ឋមន្រ្តីថៃលោក ថាក់ស៊ីន គ្រោងវិលចូលប្រទេសថៃវិញនៅថ្ងៃទី ១០ ខែសីហា ។ លោកនឹងត្រូវជាប់ពន្ធនាគាររយៈពេល១០ឆ្នាំ ជុំវិញករណីជាច្រើនដែលត្រូវបានកាត់ទោសដោយតុលាការកំពូលថៃ ដែលលោកតែងតែអះអាងថា ជាកាត់ទោសក្រោមហេតុផលនយោបាយ ។
 
ជុំវិញរឿងនេះ ឧបនាយករដ្ឋមន្រ្តីថៃ Wissanu Krea-ngam អះអាងថា​លោក ថាក់ស៊ីន អាចសុំការលើកលែងទោសពីព្រមហាក្សត្របាន។ លោក Wissanu ដែលជារដ្ឋមន្រ្តីស្ដីទីក្រសួងយុត្តិធម៌ថៃនិយាយថា ៖ « អ្នកទោសទាំងអស់មានសិទ្ធិស្វែងរកការលើកលែងទោសពីព្រះមហាក្សត្រនៅថ្ងៃដំបូងនៃការជាប់ពន្ធនាគារ ពីព្រោះសិទ្ធិនេះ​អាចទទួលបាននៅក្នុងអំឡុងពេលនៃការផ្តន្ទាទោស»។ 
 
លោក ថាក់ស៊ីន អាចអនុវត្តទោសខុសពីអ្នកទោសទូទៅ ដោយសាររូបលោកមានអាយុលើសពី៦០ឆ្នាំ ។ លោក Wissanu អះអាងថា អ្នកទោសដែលឈឺក៏ទទួលបានសិទ្ធពិសេសមួយចំនួន វិនិឆ្ឆ័យទៅតាមលក្ខណៈពាក់ព័ន្ធ។ 
 
យ៉ាងណាមិញ បើទោះបីជាមានបន្ទប់ពិសេស​នៅក្នុងពន្ធនាគារក៏ដោយ របស់បរប្រើប្រាស់អាស្រ័យលើនាយកដ្ឋានពន្ធនាគារជាអ្នកចាត់ចែង។ លោក Wissanu មិនជឿថា អតីនាយករដ្ឋមន្រ្តីលោក ថាក់ស៊ីន រូបនេះនៅក្រៅពន្ធនាគារទេ។ 
 
លោក Wissanu បាន​បញ្ជាក់​ថា​ ទោះ​ជា​យ៉ាង​ណា​ លោកថាក់ស៊ីន​នឹង​ចូល​គុក​។ លោកបន្ថែមថា សមាជិកគ្រួសារអាចទទួលលោកថាក់ស៊ីនបាននៅអាកាសយានដ្ឋានដនមឿង ហើយទៅសួរសុខទុក្ខនៅពន្ធនាគារភ្លាមៗបាន។
 
ការគ្រោងវិលចូលស្រុករបស់លោក ថាក់ស៊ីន នាពេលនេះ ស្របពេលដែលប្រទេសថៃកំពុងតែអូសបន្លាយវិបត្តិនយោបាយក្រោយបោះឆ្នោតហើយជាង២ខែ ដែលមិនទាន់ជ្រើសបាននាយករដ្ឋមន្រ្តី ដើម្បីដឹកនាំបង្កើតរដ្ឋាភិបាលថ្មីនៅឡើយទេ។
 
លោក ថាក់ស៊ីន អាយុ ៧៤ ឆ្នាំ មានទ្រព្យសម្បត្តិនៅក្នុងអាជីវកម្មទូរគមនាគមន៍ និងជានាយករដ្ឋមន្ត្រីចាប់ពីឆ្នាំ ២០០១ រហូតដល់ត្រូវបានបណ្តេញចេញពីរដ្ឋប្រហារឆ្នាំ ២០០៦។ បច្ចុប្បន្នលោករស់នៅ​និរទេសខ្លួន ដើម្បី​គេច​ពី​ការកាត់ទោស​ដាក់​ពន្ធនាគារ​ពី​បទ​ប្រព្រឹត្ត​អំពើពុករលួយ​កាលពី​ឆ្នាំ ២០០៨។
 
បើយោងតាមកាសែតបាងកកប៉ុស្តិ៍ លោក ថាក់ ស៊ីន បានរងនូវបទចោទប្រកាន់ចំនួន ៤ករណី ។ ទីមួយពីបទរំលោភសិទ្ធិអំណាចទិញដីរដ្ឋដែលមានតម្លៃទាបជាងទីផ្សារ ខណៈបទចោទទីពីរ ជុំវិញការរត់គេចខ្លួនពាក់ព័ន្ធការលេងល្បែង។ ចំណែកទីបី គឺការផ្តល់ប្រាក់កម្ចីលុយរដ្ឋទៅដល់ប្រទេសមីយ៉ាន់ម៉ា ក្នុងការទិញសម្ភារៈពីក្រុមហ៊ុនទូរគមនាគមន៍ផ្ទាល់ខ្លួន ហើយជាចុងក្រោយ គឺការកាន់កាប់ភាគហ៊ុនក្នុងក្រុមហ៊ុនទូរគមនាគមន៍ Shin Corp ដែលជាការហាមឃាត់សម្រាប់អ្នកនយោបាយថៃ៕ 
 

Tag:
 ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com