កីឡាអន្តរជាតិ
អន្តរជាតិ
Silva ព្យួរស្បែកជើងពីអាជីពកីឡាករបាល់ទាត់ត្រឹមវ័យ៣៧ឆ្នាំ ដោយសាររបួសសរសៃពួរ
28, Jul 2023 , 4:09 pm        
រូបភាព
David Silva អតីតអតីតខ្សែបម្រើឆ្នើម Manchester City នៅថ្ងៃទី២៧ ខែកក្កដា បានប្រកាសចូលនិវត្តន៍ពីអាជីពកីឡាករបាល់ទាត់ត្រឹមវ័យ៣៧ឆ្នាំ។ ការប្រកាសបញ្ចប់អាជីព ធ្វើឡើងប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពី Silva បានរងរបួសសរសៃពួរ (ACL) ក្នុងការហ្វឹកហាត់ជាមួយ Real Sociedad មុនបើករដូវកាលថ្មី។

 
អតីតខ្សែបម្រើជម្រើសជាតិអេស្ប៉ាញរូបនេះ បានរងរបួសជង្គង់ឆ្វេងកាលពីដើមខែកក្កដា ខណៈកំពុងហ្វឹកហាត់ជាមួយក្រុម Real Sociedad ដើម្បីត្រៀមចូលរដូវកាលទី៤ របស់ខ្លួននៅក្របខណ្ឌ La Liga របស់អេស្ប៉ាញ។
 
«ថ្ងៃនេះជាថ្ងៃដ៏សោកសៅមួយសម្រាប់ខ្ញុំ»។ Silva បាននិយាយនៅក្នុងវីដេអូខ្លីមួយដែលត្រូវបានបង្ហោះលើបណ្តាញសង្គម Twitter របស់ខ្លួនដោយរៀបរាប់ពីចំណុចសំខាន់ៗមួយចំនួននៃអាជីពកីឡាករបាល់ទាត់របស់ខ្លួនជិត២០ឆ្នាំ។
 
កីឡាករកូនកាត់ជប៉ុន-អេស្ប៉ាញវ័យ៣៧ឆ្នាំរៀបរាប់ថា៖«ថ្ងៃនេះជាពេលដែលត្រូវនិយាយលាពីអាជីពដែលខ្ញុំស្រឡាញក្នុងជីវិត។ ថ្ងៃនេះជាពេលដែលត្រូវនិយាយលាមិត្តរួមការងាររបស់ខ្ញុំ ដែលប្រៀបដូចជាគ្រួសាររបស់ខ្ញុំ។ ខ្ញុំនឹងនឹកអ្នកទាំងអស់គ្នា»។
 
Silva ចាប់ផ្តើមអាជីពនេះដំបូងនៅឆ្នាំ២០០៤ជាមួយក្លិប Valencia ដោយជួយក្រុមអេស្ប៉ាញនេះឈ្នះ Copa del Rey ពីរដង មុនផ្លាស់ទៅ Man City នៅឆ្នាំ២០១០។ ១០ឆ្នាំនៅអង់គ្លេស Silva ជួយក្រុមមេឃខៀវឈ្នះ Premier League ៤លើក FA Cup ២លើកជាប់គ្នា និង League Cups ៥លើក។ ឆ្នាំ២០២០ រូបគេបានផ្លាស់ទៅអេស្ប៉ាញវិញដោយចូលរួមជាមួយ Real Sociedad រហូតប្រកាសបញ្ចប់អាជីពនៅឆ្នាំ២០២៣នេះ។
 
Silva ដែលជាកីឡាករលេចធ្លោនៅតំបន់បម្រើ ក៏បានជួយក្រុមជម្រើសជាតិអេស្ប៉ាញឈ្នះជើងឯក FIFA World Cup ឆ្នាំ២០១០ផងដែរ។ ជាប់ជម្រើសជាតិពីឆ្នាំ២០០៦ដល់២០១៨ Silva បង្ហាញខ្លួនបាន១២៥ប្រកួត និងស៊ុតបញ្ចូលទីបាន៣៥គ្រាប់៕
 
 

Tag:
 David Silva
  ចូលនវិត្តន៍
© រក្សាសិទ្ធិដោយ thmeythmey.com