ជាតិ
​​​ន​យោ​បាយ​ជាតិ​
តំណាងកម្ពុជា ប្រាប់បរទេសឲ្យគោរពឆន្ទៈពលរដ្ឋខ្មែរ ក្នុងការរើសបក្សដឹកនាំប្រទេស
28, Jul 2023 , 7:59 pm        
រូបភាព
លោក អ៊ិន តារា ឯកអគ្គរាជទូត និងជាតំណាងស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ ចូលរួមកិច្ចប្រជុំមួយរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ កាលពីខែមីនា ឆ្នាំ២០២៣ (រូបពីហ្វេសប៊ុក៖ Permanent Mission of the Kingdom of Cambodia to the UN Office at Geneva)។
លោក អ៊ិន តារា ឯកអគ្គរាជទូត និងជាតំណាងស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ ចូលរួមកិច្ចប្រជុំមួយរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ កាលពីខែមីនា ឆ្នាំ២០២៣ (រូបពីហ្វេសប៊ុក៖ Permanent Mission of the Kingdom of Cambodia to the UN Office at Geneva)។
ដោយ៖ ទេពញាណ 

ក្នុងចំណោមបរទេស ដែលបង្ហាញការមិនពេញចិត្តចំពោះការបោះឆ្នោតនៅកម្ពុជា ក៏មានលោក វ៉ុលកឺ ទើក (Volker Türk) ម្នាក់ផងដែរ ដែលជាឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិប្រចាំទីក្រុងហ្ស៊ឺណែវ ប្រទេសស៊្វីស។  
តាមរយៈសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ ដែលមានការិយល័យនៅទីក្រុងហ្ស៊ឺណែវដែរនោះ ឆ្លើយតបដូច្នេះថា៖«តួអង្គខាងក្រៅទាំងអស់ ត្រូវគោរពឆន្ទៈរបស់ប្រជាជនកម្ពុជា ដែលជាម្ចាស់សន្លឹកឆ្នោត ចំពោះការជ្រើសរើសដ៏ត្រឹមត្រូវរបស់ពួកគាត់ នូវគណបក្សនយោបាយ ដែលពួកគាត់ជឿជាក់ថា អាចដឹកនាំប្រទេសជាតិបានប្រសើរបំផុតនៅលើមាគ៌ាសន្តិភាព ស្ថិរភាព និងវិបុលភាពយូរអង្វែង»។ 
 
លោក វ៉ុលកឺ ទើក លើកឡើងថា ការបោះឆ្នោតនៅកម្ពុជា ក្នុងឆ្នាំ២០២៣នេះ មានការរឹតត្បិត ដែលធ្វើឲ្យប៉ះពាល់ដល់ការចូលរួមដោយស្មើភាពគ្នាក្នុងដំណើរការបោះឆ្នោត។ សម្តីរបស់លោក ត្រូវបានស្រង់យកទៅសរសេរក្នុងសេចក្តីថ្លែងការណ៍ ដែលត្រូវផ្សព្វផ្សាយលើគេហទំព័រការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ។
 
តំណាងកម្ពុជា បដិសេធថា ការលើកឡើងនេះ មិនត្រឹមត្រូវឡើយ។ តំណាងកម្ពុជា បានលើកយកតួលេខអ្នកទៅបោះឆ្នោត មកបង្ហាញថា ប្រជាពលរដ្ឋខ្មែរជាង៨,២លាននាក់ បានទៅបោះឆ្នោត ជ្រើសរើសគណបក្ស១ ក្នុងចំណោមគណបក្សទាំង១៨។ 
 
តំណាងកម្ពុជា អះអាងថា អត្រាអ្នកបោះឆ្នោតរហូតដល់ជាង៨,២លាននាក់នេះ ជាអត្រាខ្ពស់ជាងគេនៃអ្នកទៅបោះឆ្នោតលើពិភពលោក។ តំណាងកម្ពុជា បន្តថា ចំនួនអ្នកទៅបោះឆ្នោតជាង៨,២លាននាក់នេះ ឆ្លុះបញ្ចាំងពីពហុបក្ស និងប្រជាធិបតេយ្យដ៏រស់រវើកនៅកម្ពុជា។
 
ចំពោះការបោះឆ្នោតនៅកម្ពុជា មិនមែនមានតែបរទេសរិះគន់នោះទេ តែក៏មានបរទេសអបអរសាទរផងដែរ។ មេដឹកនាំចិន វៀតណាម និង ឡាវ ជាដើម សុទ្ធតែបានចេញមកអបអរសាទរសម្តេច ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា ដែលទទួលបានជ័យជម្នះក្នុងការបោះឆ្នោតជាថ្មី។ 
 
លទ្ធផលបណ្តោះអាសន្ន បង្ហាញថា គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងឆ្នោតច្រើនលើសលប់ ដែលធ្វើឲ្យគណបក្សនេះ នៅតែបន្តកាន់អំណាច និងដឹកនាំរដ្ឋាភិបាលដដែល។ ប៉ុន្តែ នាយករដ្ឋមន្រ្តីក្នុងអាណត្តិទី៧នេះ មិនមែនសម្តេច ហ៊ុន សែន ដដែលឡើយ។ អ្នកថ្មីដែលនឹងឡើងកាន់តំណែងនាយករដ្ឋមន្រ្តីជំនួសសម្តេច គឺលោក ហ៊ុន ម៉ាណែត ជាកូនប្រុសច្បងរបស់សម្តេច៕  
 
 
 
 
 

Tag:
 តំណាងកម្ពុជា
  បរទេស
© រក្សាសិទ្ធិដោយ thmeythmey.com