ដោយ៖ សែម ប្រាក់ដាវ
ភ្នំពេញ៖ ស្ថិតនៅតំបន់វត្តដំបូកខ្ពស់ សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាហ្វេថង់ជាទីពេញនិយមមួយសម្រាប់ពលរដ្ឋនៅទីនោះ។ ពលរដ្ឋនៅតំបន់នោះ ភាគច្រើនចូលចិត្តពិសាកាហ្វេទាំងអស់ មិនថាចាស់ ឬក្មេងនោះទេ។
អ្នកស្រី សុវណ្ណី ជាអ្នកលក់កាហ្វេហ្វីន ឬកាហ្វេថង់ បានឱ្យដឹងថា ពលរដ្ឋនៅម្ដុំវត្តដំបូកខ្ពស់ ចូលចិត្តពិសាកាហ្វេថង់។ មូលហេតុដែល «កាហ្វេថង់» ពេញនិយមសម្រាប់តំបន់នេះ ព្រោះកាហ្វេធ្វើថ្មីៗ និងមានក្លិនឈ្ងុយពីកាហ្វេ។
អ្នកស្រី ហួត សុវណ្ណី អ្នកលក់កាហ្វេ
អ្នកស្រី សុវណ្ណី ប្រកបរបរលក់កាហ្វេ៤ឆ្នាំហើយ ប៉ុន្តែការលក់កាហ្វេថង់នេះ ទើបតែចាប់ផ្ដើមបានជាង១ឆ្នាំតែប៉ុណ្ណោះ។ ពីម៉ោង៦ព្រឹក ដល់ម៉ោង១ថ្ងៃត្រង់ ជាពេលដែលអ្នកស្រីលក់កាហ្វេថង់ដាច់បំផុត។ ក្នុងមួយថ្ងៃ អ្នកស្រីអាចលក់អស់ប្រមាណ៥គីឡូក្រាមនៃកាហ្វេ។
ការដាក់តាំងកាហ្វេហ្វីន ឬកាហ្វេថង់ ជាភាពទាក់ទាញអតិថិជនឱ្យចូលទិញ និងបង្ហាញថាអ្នកស្រីលក់កាហ្វេធ្វើពីដៃ មិនមែនប្រើម៉ាស៊ីន។ ស្រី្តវ័យ ៣៦ឆ្នាំរូបនេះ បញ្ជាក់ថា៖ «ក្នុងថ្ងៃ ឆុងកាហ្វេហ្វីន ៦ទៅ៨ដង ដោយមួយដងមាន១៨ហ្វីន។ ការឆុងកាហ្វេដាក់ហ្វីននេះ លឿនចំណេញពេលត្រឹមតែ៤នាទីតែប៉ុណ្ណោះ អាចលក់ទាន់អ្នកទិញ»។
កាហ្វេហ្វីន។ រូបភាពដោយ៖ កញ្ញា សែម ប្រាក់ដាវ។
នៅក្បែរតូបរបស់អ្នកស្រី សុវណ្ណី មានតូបលក់កាហ្វេជាច្រើន។ ទោះបីជាតំបន់វត្តដំបូកខ្ពស់ មានអ្នកលក់កាហ្វេច្រើនពិតមែន តែអ្នកស្រី លក់ដាច់ធម្មតា។ អ្នកស្រី ហួត សុវណ្ណី គិតថារបរលក់កាហ្វេនេះ អាចចិញ្ចឹមអ្នកស្រីពេញមួយជីវិតតែម្តង។
តាមរយៈមុខរបរនេះ បានធ្វើឱ្យជីវភាពរបស់អ្នកស្រី មានជីវភាពសមរម្យ។ កាហ្វេថង់នេះ មានតម្លៃ២៥០០រៀល មិនថាដាក់ថង់ ឬដាក់កែវនោះទេ តម្លៃដូចគ្នា។ ក្រៅពីលក់កាហ្វេថង់ អ្នកស្រី ក៏លក់កាហ្វេដូងផងដែរ។ អ្នកស្រី អាចរកចំណូលពីការលក់កាហ្វេនេះ ក្នុងមួយថ្ងៃចន្លោះពី ៥០ទៅ៦០ម៉ឺនរៀល។
«បច្ចុប្បន្នអ្នកទិញពេញនិយមកាហ្វេថង់នេះ អ៊ីចឹងខ្ញុំធ្វើតាមអតិថិជន ព្រោះជាតម្រូវការអ្នកទិញ។ ភាពទាក់ទាញរបស់តូបកាហ្វេរបស់ខ្ញុំ គឺការដាក់ទាំងហ្វីននៅមុខហាង ដែលអាចបញ្ជាក់ថាលក់កាហ្វេដោយដៃ ហើយភ្ញៀវបានសាកម្ដងហើយតែងតែមកទិញម្ដងទៀត»។ នេះជាការបញ្ជាក់បន្ថែមរបស់អ្នកស្រី ហួត សុវណ្ណី។
កាហ្វេហ្វីន។ រូបភាពដោយ៖ កញ្ញា សែម ប្រាក់ដាវ
អ្នកស្រី ហួត សុវណ្ណី