ជាតិ
បុរាណវិទូ ពន្យល់មូលហេតុនៃការបំផ្លាញរូបចម្លាក់ព្រះពុទ្ធចោល នៅប្រាសាទព្រះខ័ន
12, Oct 2023 , 9:39 pm        
រូបភាព
សៀមរាប៖ ប្រាសាទព្រះខ័ន ត្រូវបានកសាងឡើងដោយព្រះបាទជ័យវរ្ម័នទី៧ ក្រោយព្រះអង្គបានវាយឈ្នះទ័ពចាម នៅ​ចុង​សតវត្សរ៍​ទី​១២​ ​ក្នុង​គ.ស​១១៩១​។ ក្នុងរាជ្យរបស់ព្រះបាទជ័យវរ្ម័នទី៧ ព្រះអង្គរ​ បានកាន់លទ្ធិព្រះពុទ្ធសាសនាមហាយាន។ ប្រាសាទព្រះខ័ន ត្រូវបានកសាងឡើងដើម្បីឧទ្ទិសជូនព្រះបិតារបស់ព្រះអង្គ។


 
សូមទស្សនាវីដេអូបទសម្ភាសរវាងលោក សែម វណ្ណា អ្នកសារព័ត៌មានឌីជីថលថ្មីៗ និងលោក ជា សារិទ្ធ បុរាណវិទូ នៃអាជ្ញាធរជាតិអប្សរា ដូចខាងក្រោម៖ 



ព្រះបាទជ័យវរ្ម័នទី៧ បានប្ដូរពីព្រហ្មសាសនា មកព្រះពុទ្ធសាសនាមហាយាន។ នៅតាមផ្លូវចូលប្រាសាទព្រះខ័ន ផ្នែកខាងកើត រូបគោលព្រះពុទ្ធប្រមាណ១០០ដើម ត្រូវបានធ្វើសងខាងផ្លូវចូល មុននឹងដល់គោបុរៈ។ រូបគោលព្រះពុទ្ធនេះ មានឆ្លាក់រូបព្រះពុទ្ធ ជុំវិញ ដែលបង្ហាញថា សម័យរបស់ព្រះបាទជ័យវរ្ម័នទី៧ យកសាសនាព្រះពុទ្ធនិកាយ មហាយាន ជាសាសនាគោល។ 
 
បច្ចុប្បន្ន រូបសសរគោលព្រះពុទ្ធទាំងនេះ ត្រូវបានគេបំផ្លាញចោល ប៉ុន្តែនៅមានរូបមួយ មានសភាពស្អាតនៅឡើយ។ បុរាណវិទូ ជា សារិទ្ធ បានអះអាងថា មូលហេតុសំខាន់ នៃការបំផ្លាញនេះ ដោយសារការប្ដូរសាសនា ក្នុងរាជ្យស្ដេចក្រោយមក។ 
 
«ក្នុងរាជ្យបន្ទាប់​ពីព្រះបាទជ័យវរ្ម័នទី៧ គេប្ដូរទៅជា ព្រហ្មញសាសនាវិញ។ អ៊ីចឹង ប្រាសាទនេះ ត្រូវបានគេកែ។ ដូច្នេះអ្វីទាក់ទងព្រះពុទ្ធសាសនា ត្រូវបានគេបំផ្លាញចោល។ រូបចម្លាក់ខ្លះ​ ត្រូវបានគេកែ ទៅជាទេព ក្នុងព្រហ្មញសាសនា»។ លោក ជា សារិទ្ធ បុរាណវិទូ នៃអាជ្ញាធរជាតិអប្សរា ពន្យល់ដូច្នេះ។ 
 
ការប្ដូររូបចម្លាក់ទាក់ទងសាសនាព្រះពុទ្ធនេះ ប្រហែលជានៅសតវត្សរ៍ទី១៣ ឬ១៤។ ប្រាសាទទាំងអស់ក្នុងរាជ្យរបស់ព្រះបាទជ័យវរ្ម័នទី៧ ត្រូវបានគេកែទៅជា ប្រាសាទព្រហ្មញសាសនា៕ 

Tag:
 (ប្រាសាទព្រះខ័ន
  ព្រះបាទជ័យវរ្ម័នទី៧)
© រក្សាសិទ្ធិដោយ thmeythmey.com