កីឡាជាតិ
ជាតិ
នាយពាក់មី រៀបចំប្រកួតបាល់ទាត់សប្បុរសធម៌ បំណងឱ្យពលរដ្ឋចងចាំ «ពេទ្យគន្ធបុប្ផា»
29, Jul 2023 , 10:20 pm        
រូបភាព
លោក ចែម ចាន់រ៉ា(អាវផ្ទៃមេឃ)ជាមួយមិត្តសិល្បៈយកថវិការជូនមន្ទីរពេទ្យគន្ធបុប្ផា។
លោក ចែម ចាន់រ៉ា(អាវផ្ទៃមេឃ)ជាមួយមិត្តសិល្បៈយកថវិការជូនមន្ទីរពេទ្យគន្ធបុប្ផា។
ដោយ:
លោក ចែម ចាន់រ៉ា ហៅនាយពាក់មី បញ្ជាក់ថាមូលហេតុដែលបង្កើតកម្មវិធីប្រកួតបាល់ទាត់ដើម្បីសប្បុរសធម៌ព្រោះចង់ឱ្យប្រជាជននៅតែចងចាំ «មន្ទីរពេទ្យគន្ធបុប្ផា» និងនៅតែគិតថាគន្ធបុប្ផាមានកុមារតូចៗដែលកំពុងសម្រាកព្យាបាល។ លោក ចាន់រ៉ា និយាយដូច្នេះក្នុងបទសម្ភាសផ្ទាល់ជាមួយសារព័ត៌មានថ្មីៗ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣។
 
«មូលហេតុដែលខ្ញុំរកមូលនិធិជូនមន្ទីរពេទ្យគន្ធបុប្ផាក្នុងគោលបំណងរបស់ខ្ញុំគិតច្បាស់ហើយថាការប្រមូលលុយពីការទាត់បាល់មិនបានប៉ុន្មានទេ! ប៉ុន្តែអ្វីដែលយើងចង់ធ្វើចង់ផ្សព្វផ្សាយដើម្បីឱ្យអារម្មណ៍បងប្អូននៅតែចងចាំគន្ធបុប្ផា»។ នាយពាក់មី លើកឡើងដូច្នេះ ហើយបន្ថែមថាមន្ទីរពេទ្យគន្ធបុប្ផា នៅតែត្រូវការជំនួយមិនត្រូវភ្លេចបានឡើយ។ 

ក្រុមបាត់ដំបងយូណាយធីត និងផ្ការីកគ្រប់រដូវ។

តារាកំប្លែងរូបនេះបន្តថា ការប្រកួតកីឡាបាល់ទាត់ដើម្បីសប្បុរសធម៌គឺមិនត្រឹមតែជួយទៅដល់មន្ទីរពេទ្យគន្ធបុប្ផានោះទេ គឺនឹងបន្តជួយមន្ទីរពេទ្យផ្សេងទៀតដែលជួបការលំបាក។

«ថ្ងៃទី៣០ ខែកក្កដា នេះយើងនឹងប្រកួតជាមួយក្រុមបាល់ទាត់បាត់ដំបងយូណាធីត។ ការប្រកួតក្នុងគោលបំណងជួយមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង»។ យ៉ាងណាស្ថាបនិកក្រុមផ្ការីកគ្រប់រដូវក៏បញ្ជាក់ផងដែរថាក្រុមនៅតាមបណ្តាខេត្តផ្សេងក៏អាចដាក់ពាក្យប្រកួតជាមួយក្រុមរបស់លោកបានដែរ។
 
លោក ចែម ចាន់រ៉ា និយាយថា៖«មិនថាតែមន្ទីរពេទ្យគន្ធបុប្ផានោះទេ ពេទ្យស្វាយរៀង បាត់ដំបង និងមន្ទីរពេទ្យនៅតាមតំបន់ផ្សេងៗដែលគាត់ចង់ធ្វើដើម្បីព្យាបាលកុមារ ឬក៏ជួយដល់ប្រជាជនយើងសប្បាយចិត្តនឹងធ្វើ»។ ការសម្រេចងាកមកលេងកីឡាបាល់ទាត់ លោកពាក់មី ប្រាប់ថាព្រោះតែការស្រឡាញ់​ និងជួយឱ្យមានសុខភាពល្អផងដែរ។ លោកបង្ហើបទៀតថា លោក ជាអ្នកគាំទ្រក្រុមបិសាចក្រហមយូណាយធីត និងមានកីឡាករ គ្រីស្ទៀនណូរ៉ូណាល់ដូ (Cristiano Ronaldo) ជានិមិត្តរូបតាំងពីដំបូង។
 
«និមិត្តរូបរបស់ខ្ញុំគឺ Ronaldo ហើយក្រុមដែលខ្ញុំស្រឡាញ់គឺ Manchester United។ ទោះបី រ៉ូណាល់ដូ ចេញពីក្លិបក៏ខ្ញុំនៅតែស្រឡាញ់ ManU តែ Ronaldo ខ្ញុំគាំទ្រតាំងពីចេះមើលបាល់ទាត់»។

លោក ចាន់រ៉ា និយាយដូច្នេះ។ ទោះក្នុងអាជីពជាតារាសម្តែងតែលោក មើលឃើញពីភាពជឿនលឿននៃវិស័យបាល់ទាត់នៅកម្ពុជាគឺខុសប្លែកច្រើន។ «យើងឃើញថាវិស័យបាល់ទាត់នៅកម្ពុជាយើងគឺរីកចម្រើនជាងមុន ទោះបីជាមិនទាន់បានជោគជ័យតែការប្រកួតរបស់យើងគឺមិនទប់ពេកទេ មានការប្រយុទ្ធច្រើន ហើយប្រជាជនចូលរួមលេងកីឡាបាល់ទាត់ច្រើន»។
 
គួបញ្ជាក់ថា ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់មិត្តភាព ដើម្បីសប្បុរសធម៌ជួយមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង រវាងក្រុមបាល់ទាត់បាត់ដំបងយូណាធីត និងផ្ការីកគ្រប់រដូវ នឹងធ្វើនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣ នៅទីលានបាល់ទាត់ សាកលវិទ្យាល័យជាតិខេត្តបាត់ដំបង៕

Tag:
 (កីឡាបាល់ទាត់
 ចែម ចាន់រ៉ា)
© រក្សាសិទ្ធិដោយ thmeythmey.com