អន្តរជាតិ
អាម៉េរិកថា រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីទៅកូរ៉េខាងជើងដើម្បីរកអាវុធបន្ថែម
30, Jul 2023 , 2:00 pm        
រូបភាព
រដ្ឋមន្ត្រីការបរទេសអាម៉េរិក អាន់តូនី ប្លីងខិន នៅថ្ងៃទី២៨ ខែកក្កដា បានលើកឡើងថា អាម៉េរិកជឿជាក់ថា ដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីទៅកាន់កូរ៉េខាងជើងក្នុងពិធីប្រារព្ធខួបបញ្ចប់សង្រ្គាមកូរ៉េលើកទី៧០ គឺដើម្បីស្វែងរកការផ្គត់ផ្គង់អាវុធបន្ថែមក្នុងការឈ្លានពានអ៊ុយក្រែន។



កូរ៉េខាងជើងបានប្រារព្ធខួបលើកទី ៧០ នៃការបញ្ចប់សង្រ្គាមកូរ៉េកាលពីថ្ងៃទី២៧ ខែកក្កដាកន្លងទៅ ដោយមានវត្តមានរបស់រដ្ឋមន្រ្តីការពារជាតិរុស្ស៊ី លោក Sergei Shoigu និងសមាជិកការិយាល័យនយោបាយបក្សកុម្មុយនីស្តចិន លោក Li Hongzhong។ បន្ទាប់ពីដំណើរទស្សនកិច្ចរបស់ប្រមុខការពារជាតិរុស្ស៊ីទៅកូរ៉េខាងជើងនេះ រដ្ឋមន្ត្រីការបរទេសអាម៉េរិកលោក អាន់តូនី ប្លីងខិន បានលើកឡើងថា រុស្ស៊ីកំពុងព្យាយាមទិញអាវុធពីសម្ព័ន្ធមិត្តរបស់ខ្លួនជុំវិញពិភពលោក។
 
«យើងកំពុងឃើញថារុស្ស៊ីព្យាយាមយ៉ាងខ្លាំងក្នុងការស្វែងរកការគាំទ្រ និងការទិញសព្វាវុធគ្រប់ទីកន្លែងដែលរុស្ស៊ីអាចស្វែងរកបានដើម្បីបន្តអំពើឈ្លានពានរបស់ខ្លួនប្រឆាំងនឹងអ៊ុយក្រែន»។ លោក ប្លីងខិន បានលើកឡើងបែបនេះ។ 
 
បើតាមលោក​ ប្លីងខិន កន្លងមក រុស្ស៊ីធ្លាប់បានទិញយន្តហោះដ្រូនជាច្រើនដែលរុស្ស៊ីបានប្រើប្រាស់ដើម្បីបំផ្លាញហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងសម្លាប់ជនស៊ីវិលនៅអ៊ុយក្រែន។ ប្រមុខការបរទេសអាម៉េរិករូបនេះ ក៏បានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការពាររុស្ស៊ីទៅកូរ៉េខាងជើងក៏មានបំណងចង់ទិញអាវុធពីកូរ៉េខាងជើងដែរ។ 
 
គួរបញ្ជាក់ថា រុស្ស៊ី ដែលជាសម្ព័ន្ធមិត្តចាស់វស្សារបស់កូរ៉េខាងជើង​ ជាប្រទេសមួយក្នុងចំណោមប្រទេសមួយចំនួនតូចដែលទីក្រុងព្យុងយ៉ាងរក្សាទំនាក់ទំនងមិត្តភាពជាមួយ។ បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន អមដោយមន្ត្រីរុស្ស៊ី និងចិន បានពិនិត្យក្បួនដង្ហែដែលរួមមានការបង្ហាញពីដ្រូនប្រភេទថ្មី និងមីស៊ីលនុយក្លេអ៊ែរ។
 
កន្លងមក អាម៉េរិកក៏ធ្លាប់បានចោទរុស្ស៊ីថា ទិញគ្រាប់រ៉ុក្កែត និងកាំភ្លើងធំរាប់លានគ្រាប់ពីកូរ៉េខាងជើងសម្រាប់ការប្រយុទ្ធអ៊ុយក្រែន រុស្ស៊ីជួ​បប្រទះកង្វះ​ការផ្គត់ផ្គង់​ធ្ងន់ធ្ងរ។ លើសពីនេះ អាម៉េរិកក៏ធ្លាប់ដាក់ការសង្ស័យលើចិនពីការលក់អាវុធដល់រុស្ស៊ីផងដែរ៕ 

Tag:
 (អាម៉េរិក
  រុស្ស៊ី
  កូរ៉េខាងជើង)
© រក្សាសិទ្ធិដោយ thmeythmey.com