ជាតិ
មន្រ្តីពន្យល់រឿងកាត់ផ្លូវបេតុងដាក់លូតាមក្រោយនៅក្រុងសៀមរាប
31, Jul 2023 , 9:59 am        
រូបភាព
សៀមរាប៖ មានពលរដ្ឋមិនតិចទេដែលមានចម្ងល់ និងពេលខ្លះបញ្ចេញសំដីមិនសមរម្យផង​ដល់អាជ្ញាធរ ជុំវិញរឿងកាត់ផ្លូវធ្វើលូតាមក្រោយ។ ផ្លូវបេតុងខ្លះទើបសាងសង់បានស្អាតមិនដល់មួយឆ្នាំស្រួលបួលផង ក៏មានគម្រោងកាត់ ជីកដាក់លូ បណ្ដាលឱ្យផ្លូវនោះខូចខាតធ្វើដំណើរលែងស្រួលក៏មាន។ ហេតុអ្វី​ទើបមានរឿងនេះកើតឡើង?

 
ជុំវិញករណីនេះ អភិបាលរងក្រុងសៀមរាប លោក ហាយ យង់ ពន្យល់ថា រឿងនេះអាជ្ញាធរក៏យល់ថា វាមិនល្អដូចតែគ្នាហ្នឹង។ តែលោកថា ខេត្តសៀមរាបមានដៃគូអភិវឌ្ឍន៍ច្រើន ដែលគម្រោងខ្លះមកមុន ខ្លះមកក្រោយដែលពិបាកក្នុងការរៀបចំ។ លោក ហាយ យង់ លើកជាឧទាហរណ៍មួយ ពេលខ្លះ​គម្រោងស្ថាបនាផ្លូវធ្លាក់មុនគម្រោងធ្វើលូ ហើយប្រសិនអាជ្ញាធរបដិសេធមិនឱ្យធ្វើទេ នោះគេនឹងដក គម្រោងចេញទាំងស្រុងតែម្ដង។ ដូច្នេះដើម្បីកុំឱ្យខាត មានតែបណ្ដោយឱ្យគេគាស់កាត់ដាក់លូទៅ។ 
 
ថ្លែងប្រាប់សារព័ត៌មានឌីជីថលថ្មីៗតាមទូរសព្ទ មន្រ្តីខាងលើបញ្ជាក់យ៉ាងដូច្នេះថា៖« វាមានហេតុផលថា ប្រសិនបើយើងមិនអនុញ្ញាតឱ្យគម្រោងដំណើរការទេ អាគម្រោងមិនឱ្យគេកាត់ផ្លូវបេតុងនោះទេ អាគម្រោងកញ្ចប់ថវិកាទាំងអស់គេត្រូវដកចេញ អ៊ីចឹងយើងខាត»។ 
 
យ៉ាងណាលោក ហាយ យង់ បញ្ជាក់ថា បច្ចុប្បន្នថ្នាក់ដឹកនាំខេត្តបានចេញគោលការណ៍លែងឱ្យមានការ កាត់ផ្លូវដូចកន្លងមកហើយ ឱ្យមានការសិក្សាជម្រើសផ្សេង ព្រោះក្រោយកាត់រួចផ្លូវនោះនឹងខូចខាតស្ទើរ ទាំងស្រុងតែម្ដង។ លោក យង់ បន្ថែមត្រង់ចំណុចនេះថា៖« យើងឃើញថា ក្រោយពេលកាត់ហើយ ការធ្វើឡើងវិញវាមិនអាចភ្ជាប់បានទេ វាមិនអាចតាមស្ដង់ដាតែមួយឡើងវិញបានទេ អាកន្លែងដែលកាត់ វាអាចស្រុត វាអាចបាក់ វាខូច»។
 
ដើម្បីជ្រាបច្បាស់ សូមអញ្ជើញទស្សនាវីដេអូខាងក្រោមនេះ៖

គួរបញ្ជាក់ថា កន្លងមកមានពលរដ្ឋក្នុងក្រុងសៀមរាបជាច្រើនបានបង្ហាញអារម្មណ៍មិនសប្បាយចិត្ត ទៅនឹងគម្រោងកាត់ផ្លូវដាក់លូតាមក្រោយ ដែលធ្វើឱ្យខូចសោភ័ណភាពផ្លូវ មុខផ្ទះ និងរំខានដល់អាជីវកម្ម ពួកគេជាដើម។ ក៏មានដែរ ការកាត់ចិញ្ចើមផ្លូវថ្មើរជើងដែលមានក្រាលការ៉ូឡាលើគម្រោងផ្លូវ៣៨ខ្សែ ដែលដាក់ប្រព័ន្ធលូ ទឹកស្អាត និងខ្សែកាបជាដើម។ល៕
 
 

Tag:
 ប្រព័ន្ធលូ
  ក្រុងសៀមរាប
  ហាយ យង់
© រក្សាសិទ្ធិដោយ thmeythmey.com