កីឡាជាតិ
ជាតិ
ចំបាប់ ហែលទឹក វាយកូនឃ្លី និងបាល់ទះ ឈ្នះមេដាយមាស ពីកីឡាប៉ូលិសពិភពលោក​ នៅកាណាដា
31, Jul 2023 , 10:51 am        
រូបភាព
ក្រុមកីឡាបាល់ទះក្រសួងមហាផ្ទៃ ចំបាប់ វាយកូនឃ្លី និងហែលទឹក សុទ្ធតែឈ្នះមេដាយមាស ក្នុងព្រឹត្តិការណ៍កីឡាប៉ូលិស និងកងពន្លត់អគ្គិភ័យពិភពលោក (The 20th World Police and Fire Games 2023) នៅប្រទេសកាណាដា។ គិតត្រឹមថ្ងៃទី៣១ ខែកក្កដា ក្រុមក្រសួងមហាផ្ទៃទទួលមេដាយបណ្តោះអាសន្នចំនួន១៨ ក្នុងនោះមាស៩ និងប្រាក់៩។



នាជំនួបវគ្គផ្តាច់ព្រ័ត្រនៅព្រឹកថ្ងៃទី៣១ ខែកក្កដា ក្នុងក្រុង Winnipeg ប្រទេសកាណាដា ក្រុមកីឡាបាល់ទះក្នុងសាលក្រសួងមហាផ្ទៃផ្នែកបុរស បានយកឈ្នះក្រុមប្រេស៊ីល CBMDF ក្នុងលទ្ធផល ៣-០ សិត ដើម្បីគ្រងតំណែងជើងឯក។ ៧ប្រកួតរបស់ក្រុមបាល់ទះបុរសក្រសួងមហាផ្ទៃ មិនដែលស្គាល់ពាក្យចាញ់ឡើយក្នុងព្រឹត្តិការណ៍ The 20th World Police and Fire Games 2023 នេះ។
 
ដោយឡែក កីឡាចំបាប់ក្រសួងមហាផ្ទៃ ដណ្តើមបានមេដាយមាស៣ និងប្រាក់ចំនួន៤ សរុប៧មេដាយ។ កីឡាករ កីឡាការិនី ដែលដណ្តើមបានមេដាយ រួមមាន៖ កីឡាករ ឆាំ ពិស៊ិន មេដាយមាស ប្រភេទទម្ងន់ ៧០ គីឡូក្រាម, កីឡាករ ហេង វុទ្ធី មេដាយមាស ប្រភេទទម្ងន់ ៨៦គីឡូក្រា, កីឡាករ អេង ផានិត មេដាយមាស ប្រភេទទម្ងន់ ៦៥គីឡូក្រាម, កីឡាករ ងួន មករា មេដាយប្រាក់ ប្រភេទទម្ងន់ ៧៩គីឡូក្រាម, កីឡាករ នង គ្រឹស្នា មេដាយប្រាក់ ប្រភេទទម្ងន់៧៤គីឡូក្រាម, កីឡាករ នុត សេរីរដ្ឋា មេដាយប្រាក់ ប្រភេទទម្ងន់ ៦១គីឡូក្រាម និងកីឡាការិនី នុត ស្រីរ័ត្ន មេដាយប្រាក់ ប្រភេទទម្ងន់ ៥៥គីឡូក្រាម។
 
សម្រាប់កីឡាវាយកូកឃ្លីលើតុ ក្រុមកម្ពុជា ឈ្នះមេដាយចំនួន៥ ក្នុងមេដាយមាស ២ និងប្រាក់៣ ក្រោយដំណើរការប្រកួតអស់រយៈពេល២ថ្ងៃ ពីថ្ងៃទី២៩ និង៣០ ខែកក្កដា។ អត្តពលិកវាយកូនឃ្លីលើតុកម្ពុជាដែលប្រជែងឈ្នះមេដាយរួមមាន៖ 
 
វិញ្ញាសាឯកត្តជនបុរសអាយុ១៨ឆ្នាំឡើង កីឡាករ ណៃ សារ៉ាវ័យ មេដាយមាស និងកីឡាករ សឺង តុលា មេដាយប្រាក់។ 
វិញ្ញាសាឯកត្តជនបុរសអាយុ៣០ឆ្នាំឡើង កីឡាករ គឹម សុវណ្ណា មេដាយប្រាក់ និងវិញ្ញាសាវាយគូបុរសអាយុ១៨ឆ្នាំឡើង កីឡាករ សំណាង វីរៈបុត្រ និង គឹម សុវណ្ណា មេដាយមាស និងកីឡាករ ណៃ សារ៉ាវ័យ និង សឺង តុលា មេដាយប្រាក់។
 
សម្រាប់ កីឡាហែលទឹកវិញ ក្រុមក្រសូងមហាផ្ទៃកម្ពុជា ទទួលបានមេដាយបណ្តោះអាសន្នចំនួន៥ ក្នុងនោះមាស៣ និងប្រាក់២ ពីការប្រកួតក្នុងព្រឹត្តិការណ៍កីឡានគរបាល និងកងពន្លត់អគ្គិភ័យពិភពលោក លើកទី២០ ឆ្នាំ២០២៣ ខណៈការប្រកួតនៅសល់២លើកបន្តទៀត។
 
អត្តពលិកហែលទឹកក្រសួងមហាផ្ទៃ ដែលបានដណ្តើមបានជ័យលាភី មានដូចជា កីឡាការិនី សុខ វល័ក្ខ មេដាយមាស វិញ្ញាសាហែលកង្កែប ៥០ម៉ែត្រ និងមេដាយមាស វិញ្ញាសាហែលសេរី ១០០ម៉ែត្រនារី។ កីឡាករ ហែម ប៉ុច មេដាយមាស វិញ្ញាសាហែលសេរី ១០០ម៉ែត្របុរស និងមេដាយប្រាក់ វិញ្ញាសាហែលសេរី ៤០០ម៉ែត្របុរស។ កីឡាករ លឹម កែវឧត្តម មេដាយប្រាក់ វិញ្ញាសាហែលមេអំបៅ ១០០ម៉ែត្របុរស។
 
ចំនួនមេដាយខាងលើ ជាលទ្ធផលបឋមប៉ុណ្ណោះ ស្របពេលក្រុមកម្ពុជានៅសល់ការប្រកួតប្រជែងដណ្តើមមេដាយជាបន្តបន្ទាប់ទៀត។ ព្រឹត្តិការណ៍កីឡានគរបាល និងកងពន្លត់អគ្គិភ័យពិភពលោក លើកទី២០ ឆ្នាំ២០២៣ ចាប់ផ្តើមប្រកួតពីថ្ងៃទី២៨ ខែកក្កដា រហូត​ដល់​ថ្ងៃ​ទី៦ ខែសីហា ឆ្នាំ២០២៣នៅ ទីក្រុង  Winnipeg ប្រទេសកាណាដា៕
 

Tag:
 The 20th World Police and Fire Games 2023
© រក្សាសិទ្ធិដោយ thmeythmey.com