ជាតិ
ធ្វើការនៅតែមុខកាមេរ៉ា!
12, Aug 2023 , 2:42 pm        
រូបភាព
ថ្ងៃនេះ សុធីរ និង សំណាង បានឆ្លៀតពីការងារ និងការរកស៊ីរបស់ពួកគេ ហើយណាត់មកជួបគ្នានៅហាងបាយមួយកន្លែង ដើម្បីពិភាក្សា និងចែករំលែកគំនិត ជាពិសេសព័ត៌មានផ្សេងៗនៅក្នុងសង្គម។ សុធីរ បានលើកប្រធានមួយ រិះគន់ទៅអ្នកធ្វើការ ឬធ្វើសកម្មភាពផ្សេងៗបាន លុះត្រាតែមានកាមេរ៉ា ថតឆ្វេងស្ដាំ ពីមុខពីក្រោយ ថតបង្ហោះលើបណ្ដាញសង្គម ទើបអាចបំពេញកិច្ចការងារទាំងនោះបាន។



សុធីរ៖ គិតទៅសង្គមបច្ចុប្បន្ននេះ ពោរពេញទៅដោយការសម្ដែងច្រើនណាស់។ «ពិតដូចជាមិនពិត, មិនពិតដូចជាពិត»!
 
សំណាង៖ វាថីហ្អែង អាធីរ?
 
សុធីរ៖​ អញ អត់មានកើតអីទេ! គ្រាន់តែអញឆ្ងល់ថា មនុស្សបច្ចុប្បន្ន ចូលចិត្តតែបង្ហាញសកម្មភាពខ្លួន លើបណ្ដាញសង្គម ទាំងដោយសកម្មភាពនោះ មានទាំងពិត និងមិនពិត។
 
សំណាង៖ អញអត់យល់ន័យហ្អែងទេ អាធីរ!
 
សុធីរ៖ អើ! អញចង់ពន្យល់ប្រាប់ហ្អែងថា មនុស្សសម័យបច្ចេកវិទ្យានេះ ពោរពេញដោយការសម្ដែងច្រើន ជាពិសេសនៅពីមុខកាមេរ៉ា និងលើបណ្ដាញសង្គមជាដើម។ ត្រង់ចំណុចនេះ អញលើកឧទាហរណ៍ប្រាប់ហ្អែងមួយថា មានមិត្តភក្តិអញមួយ នៅកន្លែងធ្វើការ គឺតែងតែបង្ហោះរូបភាពខ្លួន ពីសកម្មភាពការងារ និងកិច្ចការងារសង្គម​ នៅលើបណ្ដាញសង្គមFacebook , TikTok , Instagram អីជាដើម ដើម្បីឱ្យថ្នាក់ដឹកនាំស្ថាប័ន ឬអ្នកដទៃ បានឃើញខ្លួនថា បានធ្វើសកម្មភាពនេះ សកម្មភាពនោះ។
 
សំណាង៖ (និយាយកាត់សម្ដីសុធីរ) អើ! ហើយចុះគេបង្ហោះរូបសកម្មភាពគេ លើបណ្ដាញសង្គមនេះ វាខុសដែរមែន?
 
សុធីរ៖ អញទទួលស្គាល់ថា វាមិនខុសអីទេ ព្រោះវាជាសិទ្ធិរបស់ពួកគេ។ ប៉ុន្តែសូមឱ្យសកម្មភាពដែលពួកគេបង្ហោះទាំងនោះ កើតចេញពីបំណង និងទង្វើពិតប្រាកដដ៏ត្រឹមត្រូវមួយ កុំឱ្យតែបង្ហោះដើម្បីចង់បានតែមុខមាត់ ព្រោះអ្នកខ្លះ ពេលអត់មានកាមេរ៉ាថតឆ្វេងស្ដាំ ពីមុខពីក្រោយនោះ ធ្វើការអត់សូវសកម្មទេ ខ្ជិលច្រអូស យឺតយ៉ាវ ដែលអាចប៉ះពាល់ដល់សកម្មភាពការងារជាក្រុម។ ប៉ុន្តែនៅពេលមានកាមេរ៉ាថតវិញ ពួកគេប្រឹងប្រែងយ៉ាងសកម្មភាព ដើម្បីឱ្យអ្នកដទៃឃើញ។ តែធាតុពិត មិនដូចចរិត និងសមត្ថភាពរបស់បុគ្គលម្នាក់នោះទេ។
 
សំណាង៖ ចុះបុគ្គលម្នាក់ហ្នឹង គាត់បង្ហោះ ឬរាយការណ៍តែសកម្មភាពល្អៗ របស់គាត់ ទៅថ្នាក់ដឹកនាំ ឬនៅលើបណ្ដាញសង្គមនេះ តើមេដឹកនាំស្ថាប័ន អាចដឹងធាតុពិតគាត់ដែរទេ?
 
សុធីរ៖ អញមិនច្បាស់ទេ! តែបើតាមការកត់សម្គាល់របស់អញវិញ មេដឹកនាំ ដែលឆ្លាត ពូកែ​ មានសុភវិនិច្ឆ័យ និងគ្មានភាពលម្អៀងនោះ គឺគាត់ច្បាស់ជាដឹងថា ការងារបុគ្គលម្នាក់នោះ ល្អ ឬអាក្រក់ , ចុះទៅបំពេញការងារយ៉ាងសកម្មពិតប្រាកដ ឬគ្រាន់តែថតបង្ហោះហើយ ដើរចេញពីកន្លែងនោះវិញ។ នោះក៏ព្រោះតែមេដឹកនាំល្អ និងពូកែ គាត់មិនសម្លឹងមើលលើរូបភាពនោះឡើយ គឺគាត់មើលលើលទ្ធផលរបាយការណ៍ ថា ទទួលបានផ្លែផ្កា និងផលវិជ្ជមានកម្រិតណា? ជោគជ័យកម្រិតណា? ស្របតាមផែនការសកម្មភាពការងារ និងគោលដៅ ដែលស្ថាប័នចង់បានដែរទេ?
 
ម្យ៉ាងទៀត ថ្នាក់ដឹកនាំពូកែ ក៏អាចយល់ និងដឹងបានដែរ ចំពោះបុគ្គលិកល្អ ដែលមានសមត្ថភាពខ្ពស់ ហើយសកម្ម និងមានភាពវៃឆ្លាត ហើយចេះធ្វើការងារជាក្រុម និងជួយដឹកនាំក្រុមការងារ និងក្រុមហ៊ុនឱ្យមានការរីកចម្រើន ទោះបីជាមិនថតរូបបង្ហោះក៏ដោយ។
 
សំណាង៖ ថ្នាកដឹកនាំ អាចដឹង! ចុះសាធារណជនទូទៅវិញ តើអាចដឹងចរិតលក្ខណៈបុគ្គលនោះដែរទេ បើគ្រាន់តែមើលលើរូបថតសកម្មភាពលើបណ្ដាញសង្គមនេះ?
 
សុធីរ៖ បើសិនជាមិត្តភក្តិ ឬអ្នកស្គាល់គ្នានោះ គឺប្រាកដណាស់ពិតជាអាចដឹងថា បុគ្គលនោះជាមនុស្សបែបណា? សកម្មភាពរបស់បុគ្គលនោះ ជាសកម្មភាពពិត ឬក៏សម្ដែង គឺអាចកត់សម្គាល់បាន។ ប៉ុន្តែបើសាធារណជនទូទៅ មិនស្គាល់គ្នា ហើយមើលតែសកម្មភាពល្អៗ ដែលបុគ្គលនោះ​បង្ហោះលើបណ្ដាញសង្គមវិញ គឺពិបាកសន្និដ្ឋានដែរ។
 
សំណាង៖ បើតាមស្ដាប់ហ្អែងនិយាយមក បានន័យថា អ្នកថតបង្ហោះសកម្មភាពខ្លួននៅលើបណ្ដាញសង្គម សុទ្ធតែអាក្រក់ទាំងអស់ហ្មង?
 
សុធីរ៖ អញគ្មានន័យបែបនេះទេ សម្លាញ់! អ្វីដែលអញលើកឡើងមកនេះ វាគ្រាន់តែជាផ្នែកមួយ នៃពាក្យថា «ពិតដូចជាមិនពិត, មិនពិតដូចជាពិត» ប៉ុណ្ណោះ! តាមពិតទៅ វាក៏មានដែរ អ្នកដែលធ្វើការងារល្អ ហើយថតរូបបង្ហោះលើបណ្ដាញសង្គមនោះ ព្រោះពួកគេចង់បង្ហាញពីអនុស្សាវរីយ៍ ដែលពួកគេបានដិតដាមជាមួយសកម្មភាពការងារនៅទីនោះ ទាំងការលំបាក ហត់នឿយ និងភាពសប្បាយរីករាយជាដើម។
 
សម្លាញ់ទាំងពីរ ក៏បានចែកផ្លូវគ្នាទៅបំពេញការងារ និងមុខជំនួញរៀងៗខ្លួនវិញ ក្រោយទទួលទាន អាហារថ្ងៃត្រង់ អមជាមួយការចែករំលែកពីចំណេះដឹង និងបញ្ហាសង្គម៕
 

Tag:
 តុកាហ្វេ
  សំណាង
  សុធី
© រក្សាសិទ្ធិដោយ thmeythmey.com