អន្តរជាតិ
លោក Henri Konan Bédié អតីតប្រធានាធិបតីកូតឌីវ័រ ស្លាប់ក្នុងអាយុ​៨៩​ឆ្នាំ
02, Aug 2023 , 4:29 pm        
រូបភាព
លោក Henri Konan Bédié ប្រធានាធិបតីកូតឌីវ័រ ពីឆ្នាំ១៩៩៣ ដល់ឆ្នាំ១៩៩៩។ រូបថត AFP
លោក Henri Konan Bédié ប្រធានាធិបតីកូតឌីវ័រ ពីឆ្នាំ១៩៩៣ ដល់ឆ្នាំ១៩៩៩។ រូបថត AFP
ដោយ: រួបរួម
អតីត​ប្រធានាធិបតីកូតឌីវ័រ លោក Henri Konan Bédié បាន​ទទួលមរណភាព​ក្នុងអាយុ​៨៩​ឆ្នាំ​នៅ​ក្នុង​មន្ទីរពេទ្យ​ឯកជន​មួយនា​ក្រុង Abidjan។ នេះ​បើតាម​ការ​ផ្សាយ​របស់ទីភ្នាក់ងារព័ត៌មាន AFP ក្រោយទទួលបាន​ការ​បញ្ជាក់ពីសមាជិក​បក្ស​មួយ​រូបកាលពីថ្ងៃទី១ ខែ​សីហា។



ជាប្រមុខ​រដ្ឋ​ចន្លោះពី​ឆ្នាំ​១៩៩៣ ដល់ឆ្នាំ​១៩៩៩ លោក Henri Konan Bédié ដែលជា​ប្រធាន​បក្ស​ប្រជាធិបតេយ្យ​កូតឌីវ័រ (PDCI) ក៏ស្ថិតក្នុងចំណោម​បេក្ខជន​ម្នាក់​សម្រាប់​ការ​បោះឆ្នោត​នា​ឆ្នាំ​២០២៥​ផងដែរ ទោះបីជាលោកមាន​វ័យ​ចំណាស់ក៏ដោយ។
 
ក្រោយ​បិតាឯករាជ្យជាតិ គឺលោក Félix Houphouët-Boigny បាន​កាន់តំណែងជា​ប្រធានាធិបតី​តាំងពី​ឆ្នាំ​១៩៦០ ដល់​ជីវិត​ចុងក្រោយ​នា​ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​១៩៩៣ លោក Bédié ដែល​កាលណោះជា​ប្រធាន​រដ្ឋសភា ត្រូវ​ជ្រើស​តាំងឱ្យ​បន្ត​ដឹកនាំ​រដ្ឋាភិបាល។
 
នៅ​ឆ្នាំ​១៩៩៩ លោក Bédié ត្រូវបាន​ទម្លាក់ពី​តំណែង​ដោយ​រដ្ឋប្រហារ​យោធាដែល​ដឹកនាំ​ដោយឧត្តមសេនីយ៍ Robert Guei។ នា​ការបោះឆ្នោត​ឆ្នាំ​២០១០ លោក​បានជាប់ត្រឹម​ចំណាត់ថ្នាក់​លេខ៣​នៅជុំទីមួយ ហើយ​នៅ​ឆ្នាំ​២០២០ លោក​បាន​ដកបេក្ខភាព​របស់ខ្លួន។
 
កើតពីគ្រួសារកសិករ​មួយ​ លោក Bédié បាន​ប្រឡូកក្នុងឆាកនយោបាយ​កូតឌីវ័រយ៉ាងផុស​ផុល ដោយធ្លាប់ធ្វើ​ជាឯកអគ្គរដ្ឋទូត​ប្រចាំសហរដ្ឋអាម៉េរិកពី​ឆ្នាំ​១៩៦១-១៩៦៦, រដ្ឋមន្ត្រី​សេដ្ឋកិច្ច និងហិរញ្ញ​វត្ថុពី​ឆ្នាំ១៩៦៦-១៩៧៧, ប្រធាន​រដ្ឋសភា ពី​ឆ្នាំ១៩៨០-១៩៩៣ និង​ជាប្រធានាធិបតីពី​ឆ្នាំ​១៩៩៣-១៩៩៩៕
 

© រក្សាសិទ្ធិដោយ thmeythmey.com