កីឡាអន្តរជាតិ
អន្តរជាតិ
World Cup នារី៖ អាហ្សង់ទីន និងប្រេស៊ីល ចាប់ដៃគ្នាធ្លាក់ត្រឹមវគ្គចែកពូល
03, Aug 2023 , 10:59 am        
រូបភាព
ក្រុមកីឡាបាល់ទាត់ជម្រើសជាតិនារីអាហ្សង់ទីន និងប្រេស៊ីល ធ្លាក់ត្រឹមវគ្គចែកពូល FIFA Women's World Cup ឆ្នាំ២០២៣ ក្រោយបញ្ចប់ក្នុងចំណាត់ថ្នាក់ទី៣ក្នុងពូលរៀងខ្លួន។ ក្រុមនារីប្រេស៊ីលមិនឆ្លងទៅវគ្គ១៦ក្រុមពានរង្វាន់បាល់ទាត់ពិភពលោកលើកដំបូង ក្នុងរយៈពេល២៨ឆ្នាំ។



នាជំនួបកាត់សេចក្តីនៅថ្ងៃទី២ ខែសីហា ដើម្បីរើសយកពីក្រុមទៅកាន់វគ្គ១៦ក្រុមចុងក្រោយ ស៊ុយអែត ដែលជាក្រុមខ្លាំងក្នុងពូល D បានបន្តឈ្នះអាហ្សង់ទីន ២-០ ថែមទៀត បើទោះទទួលបានកៅអីទៅវគ្គបន្តស្វ័យប្រវត្តិក្រោយរកបានជ័យជម្នះ២ប្រកួតដំបូងហើយក្តី។ ពីរគ្រាប់របស់ស៊ុយអែត សម្រេចបានដោយខ្សែប្រយុទ្ធឆ្នើម Rebecka Blomqvist។
 
ជ័យជន្នះរបស់ស៊ុយអែត បានផ្តល់ការខកចិត្តដល់អាហ្សង់ទីនផងដែរ។ ឆ្លងកាត់៣ប្រកួត ក្រុមពីអាម៉េរិកឡាទីនមិនស្គាល់ឈ្នះឡើយ ដោយចាញ់ពីរ និងស្មើ១មាន១ពិន្ទុ ស្ថិតនៅបាតតារាងពូល G។ ស៊ុយអែត បញ្ចប់ក្នុងចំណាត់ថ្នាក់កំពូលតារាងមាន៩ពិន្ទុពេញ។
 
អ៊ីតាលី ក៏បន្សល់ត្រឹមសោកស្តាយ ក្រោយមិនអាចយកបានតែត្រឹម១ពិន្ទុពីអាហ្វ្រិកខាងត្បូង នៅជំនួបកាត់សេចក្តី។ អ៊ីតាលីបញ្ចប់ក្នុងចំណាត់ថ្នាក់ទី៣ពូល G ដោយរកបាន៣ពិន្ទុ ស្របពេលអាហ្វ្រិកខាងត្បូងនៅលេខ២ មាន៤ពិន្ទុ។
 
ប្រេស៊ីល ដែលត្រូវការឈ្នះចាំបាច់នៅជំនួបចុងក្រោយ បានត្រឹមស្មើប៉ុណ្ណោះទល់គូប្រជែងហ្សាម៉ាអ៊ីក ក្នុងលទ្ធផល ០-០។ ប្រេស៊ីល បញ្ចប់ក្នុងចំណាត់ថ្នាក់ទី៣ ពូល F ដោយរកបាន៤ពិន្ទុ ឯហ្សាម៉ាអ៊ីកបានលេខ២មាន៥ពិន្ទុ។ បារាំងឈរកំពូលតារាងមាន៧ពិន្ទុ និងប៉ាណាម៉ានៅបាតរាងគ្មានពិន្ទុរាប់។ នេះជាការធ្លាក់ចេញពីការប្រកួត World Cup ត្រឹមវគ្គចែកពូលលើកដំបូងរបស់ក្រុមនារីប្រេស៊ីល ក្នុងរយៈពេល២៨ឆ្នាំ។
 
គិតមកដល់ពេល គេបានរកឃើញ១៥ក្រុមហើយ បានឡើងទៅកាន់វគ្គ១៦ក្រុមចុងក្រោយពានរង្វាន់កីឡាបាល់ទាត់ពិភពលោកនារី ដែលធ្វើឡើងនៅនូវែលសេឡង់ និងអូស្ត្រាលី។ ឯមួយក្រុមទៀតត្រូវកាត់សេចក្តីនៅជំនួបចុងក្រោយពូល H រវាងអាល្លឺម៉ង់ កូរ៉េខាងត្បូង និងម៉ារុក ខណៈកូឡំប៊ីបានកៅអីស្វ័យប្រវត្តិ។ ឆ្លងកាត់២ប្រកួត កូឡំប៊ីមាន៦ពិន្ទុ តាមពីក្រោយដោយក្រុមលេខ២អាល្លឺម៉ង់ដែលមាន៣ពិន្ទុ ស្មើម៉ារុក ឯកូរ៉េខាងត្បូង​នៅបាតរាង មានឱកាសតិចតួចបំផុតដើម្បីឡើងទៅវគ្គបន្ត។ ជំនួបចុងក្រោយពូល H កូឡំប៊ីប៉ះអាល្លឺម៉ង់ ឯម៉ារុក ជួបកូរ៉េខាងត្បូង។
 
១៥ក្រុមដែលបានកៅអីទៅវគ្គបន្តរួមមាន កូឡំប៊ី ស៊ុយអែត អាហ្វ្រិកខាងត្បូង បារាំង ហ្សាម៉ាអ៊ិក ហូឡង់ ម្ចាស់ការពារជើងឯកអាម៉េរិក អង់គ្លេស ដាណឺម៉ាក ជប៉ុន អេស្ប៉ាញ អូស្ត្រាលី នីហ្សេរីយ៉ា ស្វ៊ីស និងន័រវែស។
 
ក្រុមហាលអាវត្រឹមវគ្គចែកពូលរកឃើញ១៤ក្រុម ក្នុងនោះមាន សហម្ចាស់ផ្ទះនូវែលសេឡង់ ហ្វីលីពីន កាណាដា អៀរឡង់ សំប៊ី កូស្តារីកា ចិន ហៃទី ព័រទុយហ្កាល់ វៀតណាម ប្រេស៊ីល ប៉ាណាម៉ា អ៊ីតាលី និងអាហ្សង់ទីន៕
 
 

Tag:
 Women\'s World Cup
© រក្សាសិទ្ធិដោយ thmeythmey.com