កីឡាអន្តរជាតិ
អន្តរជាតិ
World Cup នារី៖ ម៉ារ៉ុកជាក្រុមទី១៦ ឡើងទៅវគ្គខ្វែង ក្រោយប្រជែងឈ្នះអាល្លឺម៉ង់
04, Aug 2023 , 9:46 am        
រូបភាព
រកឃើញ១៦ក្រុមចុងក្រោយឡើងទៅកាន់វគ្គ១/៨ផ្តាច់ព្រ័ត្រ FIFA  Women's World Cup ឆ្នាំ២០២៣ ក្រោយឆ្លងកាត់ការប្រកួតវគ្គចែកពូលទាំង៣២ក្រុមរួចរាល់។ ក្រុមម្ចាស់ការពារតំណែងជើងឯកអាម៉េរិក និងសហម្ចាស់ផ្ទះអូស្ត្រាលីសុទ្ធតែបានឡើងទៅវគ្គខ្វែង ស្របពេលសហម្ចាស់ផ្ទះនូវែលសេឡង់ រួមជាមួយក្រុមខ្លាំងដូចជាប្រេស៊ីល អាល្លឺម៉ង់ និងអ៊ីតាលីអស់ការប្រកួត។



ក្រោយឆ្លងកាត់ការប្រកួតវគ្គសន្សំពិន្ទុក្នុងមួយក្រុម៣ប្រកួតរួចមក គេបានរកឃើញ១៦ក្រុមឡើងទៅវគ្គបន្ត និង១៦ក្រុមទៀតត្រឡប់ទៅផ្ទះ។ ជំនួបចុងក្រោយពូល H បានធ្វើឱ្យមានការភ្ញាក់ផ្អើល ក្រោយអាល្លឺម៉ង់មិនរកបាន៣ពិន្ទុបន្ថែមក្នុងការប្រកួតទល់កូរ៉េខាងត្បូងដោយបានត្រឹមលទ្ធផល ១-១ ស្របពេលម៉ារ៉ុកឈ្នះកូឡំប៊ី ១-០ ដណ្តើមបានកៅអីឡើងទៅវគ្គ១៦ក្រុមចុងក្រោយ។
 
មុនជំនួបចុងក្រោយនេះ អាល្លឺម៉ង់ មាន៣ពិន្ទុក្នុងដៃស្ថិតនៅលេខ២ពូល H ស្មើពិន្ទុម៉ារ៉ុកដែលឈរលេខ៣ ដោយខុសសំណល់គ្រាប់បាល់ ស្របពេលកូឡំប៊ីបានកៅអីស្វ័យប្រវត្តិ និងកូរ៉េខាងត្បូងសល់ឱកាសប្រជែងតិចបំផុត។ យ៉ាងណា ក្រុមពីអាហ្វ្រិកម៉ាករុកធ្វើបានល្អនៅជំនួបចុងក្រោយទោះប៉ះក្រុមខ្លាំង ឯអាល្លឺម៉ង់ និងកូរ៉េខាងត្បូងសល់ត្រឹមសោកស្តាយ។
 


ម៉ារ៉ុកជាក្រុមទី១៦ ដែលឡើងទៅវគ្គខ្វែងបន្ទាប់ពី កូឡំប៊ី ស៊ុយអែត អាហ្វ្រិកខាងត្បូង បារាំង ហ្សាម៉ាអ៊ិក ហូឡង់ ម្ចាស់ការពារជើងឯកអាម៉េរិក អង់គ្លេស ដាណឺម៉ាក ជប៉ុន អេស្ប៉ាញ អូស្ត្រាលី នីហ្សេរីយ៉ា ស្វ៊ីស និងន័រវែស។ ចំណោម១៦ក្រុមនេះ មានក្រុមពីអឺរ៉ុប ចំនួន៨ អាម៉េរិកឡាទីន១ អាហ្វ្រិក៣ អាស៊ី២ និងអាម៉េរិកកណ្តាល១។

ក្រុមហាលអាវត្រឹមវគ្គចែកពូលទាំង១៦ក្រុម ក្នុងនោះមាន សហម្ចាស់ផ្ទះនូវែលសេឡង់ ហ្វីលីពីន កាណាដា អៀរឡង់ សំប៊ី កូស្តារីកា ចិន ហៃទី ព័រទុយហ្កាល់ វៀតណាម ប្រេស៊ីល ប៉ាណាម៉ា អ៊ីតាលី អាហ្សង់ទីន កូរ៉េខាងត្បូង និងអាល្លឺម៉ង់។
 
ជំនួបវគ្គ១៦ក្រុមចុងក្រោយដែលនឹងចាប់ផ្តើមប្រកួតចាប់ពីថ្ងៃទី៥ ខែសីហាតទៅរួមមាន៖ 
ស្វ៊ីស ជួប អេស្ប៉ាញ, ជប៉ុន ជួប ន័រវែស, ហូឡង់ ប៉ះ អាហ្វ្រិកខាងត្បូង, ស៊ុយអែត ជួប អាម៉េរិក, អង់គ្លេស ជួប នីហ្សេរីយ៉ា, អូស្ត្រាលី ជួប ដាណឺម៉ាក, កូឡំប៊ី ជួប ហ្សាម៉ាអ៊ីក និងបារាំង ជួប ម៉ារ៉ុក៕
 

© រក្សាសិទ្ធិដោយ thmeythmey.com