កីឡាអន្តរជាតិ
អន្តរជាតិ
AFF U23៖ កម្ពុជា ប៉ះព្រុយណេ ក្នុងជំនួបបើកឆាកពូល A នៅថ្ងៃទី១៧ ខែសីហា
04, Aug 2023 , 5:39 pm        
រូបភាព
ក្រុមកីឡាបាល់ទាត់អាយុក្រោម​២៣ឆ្នាំកម្ពុជា ត្រូវជួបព្រុយណេនៅជំនួបបើកឆាកពូល A ក្នុងការប្រកួត​ដណ្តើម​ពានរង្វាន់ជើងឯកអាស៊ីអាគ្នេយ៍ (AFF U23 Championship 2023) នៅថ្ងៃទី១៧ ខែសីហា នាកីឡដ្ឋាន Rayong ប្រទេសថៃ។



U23 កម្ពុជា ក្រោមការដឹកនាំរបស់គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនលោក Felix G.Dalmas ស្ថិតនៅក្នុងពូល A ជាមួយ​ម្ចាស់ផ្ទះថៃ ព្រុយណេ និងមីយ៉ាន់ម៉ា ក្នុងការប្រកួត​ដណ្តើម​ពានរង្វាន់ AFF U23 ឆ្នាំ២០២៣ ដែលរៀបចំនៅប្រទេសថៃ។ AFF U23 ចែកចេញជា៣ពូល ដោយពូល A មាន៤ក្រុមលើសគេ ខណៈពូល B និង C មាន៣ក្រុម។ 
 
ពូល B មានទីម័រខាងកើត ម៉ាឡេស៊ី និងឥណ្ឌូណេស៊ី ខណៈពូល C មាន វៀតណាម ហ្វីលីពីន និងឡាវ។ ក្រុមលេខ១នៃពូលនីមួយៗ រួមជាមួយក្រុម​លេខ២ល្អជាងគេ នឹងឈាន​ទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
 
ព្រឹត្តិការណ៍នេះ នឹងចាប់ផ្តើមការប្រកួតពីថ្ងៃទី១៧ ដល់ទី២៦ ខែសីហា។ កម្ពុជា នឹងត្រូវបើកឆាកប្រកួតដំបូងក្នុងពូល A របស់ខ្លួនទល់ព្រុយណេ នៅវេលាម៉ោង៤រសៀល ថ្ងៃទី១៧ សីហា មុនពេលម្ចាស់ថៃ ស្វាគមន៍មីយ៉ាន់ម៉ា នៅម៉ោង៨យប់។
 
ជំនួបបន្តបន្ទាប់ក្នុងពូល U23 កម្ពុជា ត្រូវប៉ះមីយ៉ាន់ម៉ានៅថ្ងៃទី១៩ ខែសីហា នៅវេលាម៉ោង៤រសៀល មុនបន្តជួបម្ចាស់ផ្ទះថៃចុងក្រោយនៅថ្ងៃទី២១ ខែសីហា វេលាម៉ោង ៨យប់។
 
ឆ្លងកាត់ការប្រកួតប្រជែងក្នុងព្រឹត្តិការណ៍តំបន់អាស៊ីអាគ្នេយ៍នេះ ៣លើកន្លងមក ថៃឈ្នះជើងឯកមួយលើកនៅឆ្នាំ ២០០៥, ឥណ្ឌូណេស៊ី ឈ្នះជើងឯកឆ្នាំ២០១៩ និងវៀតណាមដែលជាម្ចាស់ការពារជើងឯកឈ្នះនៅឆ្នាំ២០២២។ កម្ពុជា ធ្លាប់បានលេខ៤ម្តងដែរ នៅលើទឹកដីខ្លួនឯងក្នុងឆ្នាំ២០១៩៕
 

Tag:
 AFF U23
© រក្សាសិទ្ធិដោយ thmeythmey.com