កីឡាអន្តរជាតិ
អន្តរជាតិ
World Cup៖ កីឡាការិនីវៀតណាម បានម្នាក់៣ម៉ឺនដុល្លារពី FIFA ឯសហព័ន្ធបាន ១,៥៦លានដុល្លារ
09, Aug 2023 , 7:59 am        
រូបភាព
បញ្ចប់យុទ្ធនាការរបស់ខ្លួនត្រឹមវគ្គចែកពូលនៅព្រឹត្តិការណ៍ FIFA Women’s World Cup ឆ្នាំ២០២៣ ក្រុមកីឡាការិនីវៀតណាមទទួលបានប្រាក់រង្វាន់លើកទឹកចិត្តយ៉ាងច្រើនពីសហព័ន្ធកីឡាល់ទាត់អន្តរជាតិ (FIFA) និងសហព័ន្ធបាល់ទាត់វៀតណាម (VFF)។ VFF ក៏ទទួលបានប្រាក់ឧបត្តម្ភពី FIFA ជាង១,៥៦លានដុល្លារផងដែរ។


៣ប្រកួតក្នុងវគ្គសន្សំពិន្ទុក្នុងពូល A ក្រុមកីឡាបាល់ទាត់នារីវៀតណាម ទទួលបានប្រាក់រង្វាន់ពី VFF ចំនួន ១,៨ពាន់លានដុង (៧៥៨០០ដុល្លារ) ក្នុងនោះជំនួបទល់ហូឡង់ និងព័រទុយហ្កាល់ ទទួលបានក្នុងមួយប្រកួត២១០០០ដុល្លារ និងប៉ះក្រុមអាម៉េរិកទទួលបាន៣៣៨០០ដុល្លារ។
 
ការផ្តល់ប្រាក់រង្វាន់ពីសំណាក់ VFF នេះ ដោយសារក្រុមនារីវៀតណាម បានបង្ហាញខ្លួនក្នុងពានរង្វាន់លំដាប់ពិភពលោកលើកដំបូងនៅឆ្នាំ២០២៣ ដែលអូស្ត្រាលី និងនូវែលសេឡង់ធ្វើជាសហម្ចាស់ផ្ទះ។
 
បន្ថែមលើប្រាក់រង្វាន់ពី VFF ក្រុមនារីវៀតណាមក៏ទទួលបានប្រាក់លើកទឹកចិត្តពី FIFA ក្នុងម្នាក់៣ម៉ឺនដុល្លារផងដែរ ដោយសរុបទាំង២៣នាក់ ៦៩ម៉ឺនដុល្លារ។​ ៣ម៉ឺនដុល្លារម្នាក់ ជាប្រាក់រង្វាន់ដែលស្ថាប័នគ្រប់គ្រងកីឡាបាល់ទាត់ពិភពលោកផ្តល់ឱ្យកីឡាការិនីគ្រប់ៗគ្នាដែលមានវត្តមានក្នុងវគ្គចែលពូល នៅ World Cup។
 
ច្បាប់ FIFA បានផ្តល់ប្រាក់រង្វាន់ដល់ក្រុមនារី ដែលបង្ហាញខ្លួននៅ World Cup ឆ្នាំ២០២៣ ដោយក្រុមធ្លាក់នៅវគ្គចែកពូលទទួលបានម្នាក់៣ម៉ឺនដុល្លារ ធ្លាក់វគ្គ១៦ក្រុមបាន៦ម៉ឺនដុល្លារ វគ្គ៨ក្រុមបាន៩ម៉ឺនដុល្លារ ក្រុមទទួលបានចំណាត់ថ្នាក់លេខ៤ បាន១៦៥០០០ដុល្លារ លេខ៣ បាន១៨ម៉ឺនដុល្លារ រងជើងឯក បាន១៩៥០០០ដុល្លារ និងក្រុមជើងឯក បានម្នាក់២៧ម៉ឺនដុល្លារ។
 
ក្រៅពីរង្វាន់សម្រាប់បុគ្គល ប្រទេសសមាជិកនីមួយៗដែលមានក្រុមបង្ហាញវត្តមាននៅ World Cup 2023 នឹងទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុពីសំណាក់ FIFA ដោយអាស្រ័យលើលទ្ធផលក្នុងការប្រកួត។
 
បើតាមការផ្សាយរបស់កាសែតវៀតណាម Vietnamnet សហព័ន្ធកីឡាបាល់ទាត់វៀតណាម  នឹងទទួលបានប្រាក់គាំទ្រពី FIFA ចំនួន ១,៥៦ លានដុល្លារ។
 
ក្រុមកីឡាបាល់ទាត់ស្ត្រីវៀតណាមដែលដឹកនាំដោយគ្រូបង្វឹកលោក Mai Duc Chung បានបញ្ចប់ក្នុងចំណាត់ថ្នាក់បាតតារាងពូល A ក្រោយចាញ់ទាំង៣ប្រកួត។ ក្រុមម្ចាស់មេដាយមាសស៊ីហ្គេមលើកទី៣២នៅកម្ពុជាមួយនេះ បានត្រឡប់ទៅវៀតណាមវិញហើយនៅថ្ងៃទី៣ ខែសីហា បន្ទាប់ពីចប់ភារកិច្ចនៅ World Cup ជាប្រវត្តិសាស្រ្តរបស់ខ្លួន៕
 

Tag:
 Women’s World Cup
  វៀតណាម
© រក្សាសិទ្ធិដោយ thmeythmey.com