កីឡាជាតិ
ជាតិ
មាស ម៉ើ ប្តេជ្ញាដណ្តើមមេដាយកីឡា MMA ដើម្បីបង្ហាញកូនសិស្សខ្លួន
12, Aug 2023 , 9:19 am        
រូបភាព
កីឡាករគុនចម្រុះកម្ពុជា មាស ម៉ើ
កីឡាករគុនចម្រុះកម្ពុជា មាស ម៉ើ
ដោយ:
កីឡាករយុទ្ធគុនចម្រុះ មាស ម៉ើ ប្តេជ្ញានឹងដណ្តើមមេដាយឱ្យបាន ពីការប្រកួតកីឡាយុទ្ធគុនចម្រុះអាស៊ី (MMA) ដែលធ្វើឡើងនៅថ្ងៃទី១១ ដល់ទី២០ ខែសីហា ឆ្នាំ២០២៣ នាខេត្តឈុនបូរី ប្រទេសថៃ។ ការដាក់ គោលដៅយកមេដាយ  ដើម្បីទុកជាគំរូសម្រាប់សិស្សគុនជំនាន់ក្រោយរបស់ មាស ម៉ើ ដែលចូលហ្វឹកហាត់ កីឡាគុនចម្រុះនេះ។

 
«មិនថាកាលៈទេសៈណាមួយនោះទេ ខ្ញុំនឹងជម្នះយកមេដាយមួយឱ្យបានទោះមាស ប្រាក់ ឬសំរឹទ្ធក៏ដោយ ព្រោះគោលដៅរបស់ខ្ញុំ យកមេដាយទុកជាគំរូដល់សិស្សគុន ដែលហ្វឹកហាត់នៅក្នុងក្លិបរបស់ខ្ញុំបានឃើញ»។ គ្រូបង្វឹកគុនខ្មែរ មាស ម៉ើ និយាយដូច្នេះក្នុងបទសម្ភាសផ្ទាល់ជាមួយសារព័ត៌មានថ្មីៗ។
 
ការត្រៀមខ្លួនរយៈពេលជាង៣ខែ ម្ចាស់ក្លិបប្រដាល់មហិទ្ធិរិទ្ធគុនខ្មែរ លោក មាស ម៉ើ ថាការប្រកួត លើកនេះ ជារឿងអស្ចារ្យសម្រាប់លោក និងបង្ហាញទង់ជាតិកម្ពុជាលើទឹកដីថៃជាថ្មីម្តងទៀត តាមរយៈ ការវាយក្នុងទ្រុង MMA។​ ថ្លែងក្នុងបទសម្ភាសផ្ទាល់ជាមួយសារព័ត៌មានឌីជីថលថ្មីៗ កីឡាករយុទ្ធគុនចម្រុះ MMA បញ្ជាក់ថា ទាំងការហ្វឹកហាត់ និងកម្លាំងចិត្តពីមជ្ឈដ្ឋានជុំវិញខ្លួន រូបគេជឿជាក់ថានឹងទទួលបានជ័យជម្នះជូនប្រជាជន កម្ពុជា។
 
កីឡាករ មាស ម៉ើ ដែលសព្វថ្ងៃមានវ័យ៣៧ឆ្នាំ និយាយថា៖«ការប្រកួតកីឡាគុនចម្រុះនៅប្រទេសថៃ កម្រិត អាស៊ីនេះខ្ញុំបានត្រៀមខ្លួនរួចរាល់ហើយ ទាំងការធ្វើទម្ងន់ និងការបុកហាត់ហ្ស៊ូស ពិសេសគឺកម្លាំងចិត្ត នៃ ការគាំទ្ររបស់បងប្អូនប្រជាពលរដ្ឋកម្ពុជា»។ បន្ថែមពីលើការត្រៀមខ្លួនបុរសមានដើមកំណើត មកពីខេត្ត កំពង់ធំ ក៏អរគុណដល់ថ្នាក់ដឹកនាំកីឡាយុទ្ធគុនចម្រុះ ដែលបានបើកភ្លើងខៀវឱ្យខ្លួន បានបង្ហាញវត្តមានជាថ្មី ក្រោយបញ្ហារបួសគន្លាក់ជង្គង់ជាង ៤ឆ្នាំ។
 
គួបញ្ជាក់ថា សម្រាប់ការប្រកួតកីឡាយុទ្ធគុនចម្រុះអាស៊ី MMA ដែលធ្វើឡើងនៅប្រទេសថៃពី ថ្ងៃទី១១ ដល់ទី២០ ខែសីហា ឆ្នាំ២០២៣ មានសមាសភាពកីឡាករកម្ពុជា ៣រូប និងកីឡាការិនី១រូប ក្នុងនោះមាន ប្រធានប្រតិភូដឹកនាំដោយលោក សេង ប៊ុនសុង លោក ហ៊ុន ច័ន្ធរាជ្យ គ្រូបង្វឹក លោក ធីម ធារ៉ា គ្រូជំនួយ លោក ជា វ៉ាន់សាន្ត សមាជិក និងលោក សាន្ត ចាន់បុរ៉ី៕
 

Tag:
 កីឡាយុទ្ធគុនចម្រុះ
 មាស ម៉ើ
© រក្សាសិទ្ធិដោយ thmeythmey.com