ជាតិ
រដ្ឋាភិបាល តម្រូវឱ្យអាជីវករលក់បរិក្ខារប្រើប្រាស់អគ្គិសនីមុខសញ្ញា ដែលមានបិទស្លាកសញ្ញាប្រសិទ្ធភាពថាមពល
12, Aug 2023 , 5:09 pm        
រូបភាព
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យស្ដីពីការគ្រប់គ្រង និងលើកកម្ពស់ប្រសិទ្ធភាពថាមពលនៃបរិក្ខារប្រើប្រាស់អគ្គិសនី។ អនុក្រឹត្យនេះ ផ្ដោតសំខាន់លើការគ្រប់គ្រង តាមរយៈការអនុវត្តបទដ្ឋាន និងការបិទស្លាកសញ្ញាប្រសិទ្ធភាពថាមពល ស្របតាមគោលនយោបាយជាតិ ស្ដីពីប្រសិទ្ធភាពថាមពល។


 
អនុក្រឹត្យចុះហត្ថលេខាដោយសម្ដេច ហ៊ុន សែន កាលពីថ្ងៃទី១១ សីហានេះ មាន១០ជំពូក និង២៨មាត្រា។ អនុក្រឹត្យនេះ មានវិសាលភាពគ្របដណ្ដប់លើរាល់សកម្មភាពនៃការបញ្ញត្តិ ការគ្រប់គ្រង ការទទួលខុសត្រូវរបស់ស្ថាប័នរដ្ឋាភិបាល។ 
 
ក្នុងអនុក្រឹត្យនេះ បញ្ជាក់ថា គ្រប់បរិក្ខារប្រើប្រាស់អគ្គិសនីមុខសញ្ញា ដែលដាក់លក់លើទីផ្សារត្រូវបិទស្លាកសញ្ញាប្រសិទ្ធភាពថាមពល ដើម្បីបង្ហាញអ្នកទិញពីកម្រិតប្រសិទ្ធភាពថាមពល។ ជាមួយគ្នានេះ មិនត្រូវលក់នូវបរិក្ខារប្រើប្រាស់អគ្គិសនីមុខសញ្ញាណាមួយ ដែលមិនមានបិទស្លាកសញ្ញាប្រសិទ្ធភាពថាមពល។
 
បរិក្ខារប្រើប្រាស់អគ្គិសនីមុខសញ្ញា សំដៅដល់បរិក្ខារប្រើប្រាស់អគ្គិសនី ដែលស្ថាប័នរដ្ឋាភិបាលចេញលិខិតបទដ្ឋានគតិយុត្តកំណត់ថាជាបរិក្ខារមុខសញ្ញា ដែលត្រូវគ្រប់គ្រង និងលើកកម្ពស់ប្រសិទ្ធភាពថាមពល តាមបទប្បញ្ញត្តិនៃបទដ្ឋាន និងបិទស្លាកសញ្ញាប្រសិទ្ធភាពថាមពល។
 
ស្លាកសញ្ញាប្រសិទ្ធភាពថាមពល សំដៅដល់ស្លាកសញ្ញាព័ត៌មានដែលចេញដោយស្ថាប័នបង្គោល (ស្ថាប័នរដ្ឋាភិបាល) ពណ៌នាអំពីគុណផលការប្រើប្រាស់ថាមពល កម្រិតប្រសិទ្ធភាពថាមពលនៃបរិក្ខារប្រើប្រាស់អគ្គិសនីមុខសញ្ញានោះ និងព័ត៌មានលម្អិតសំខាន់ៗផ្សេងទៀត។ 
 
បើតាមអនុក្រឹត្យនេះ ក្រសួងរ៉ែ និងថាមពល ជាស្ថាប័នបង្គោល ដែលទទួលខុសត្រូវរួមលើការងារគ្រប់គ្រង និងលើកកម្ពស់ប្រសិទ្ធភាពថាមពលនៃបរិក្ខារប្រើប្រាស់អគ្គិសនី។ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍, ក្រសួងពាណិជ្ជកម្ម និងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ជាស្ថាប័នដៃគូទទួលខុសត្រូវជួយដល់ក្រសួងរ៉ែ និងថាមពល។ នេះបើតាមអនុក្រឹត្យដដែល៕ 

Tag:
 អគ្គិសនី
  ថាមពល
  អនុក្រឹត្យ
© រក្សាសិទ្ធិដោយ thmeythmey.com