ជាតិ
កម្ពុជា បានចំណូលជាង២ពាន់លានដុល្លារ ពីការនាំចេញកសិផល ៧ខែឆ្នាំនេះ
12, Aug 2023 , 6:59 pm        
រូបភាព
រូបភាព៖ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម
រូបភាព៖ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម
ភ្នំពេញ៖ កម្ពុជាទទួលបានចំណូលជាង២ពាន់លានដុល្លារ ពីការនាំចេញកសិផលប្រមាណ៤.៥លានតោន ក្នុងរយៈពេល៧ខែ ឆ្នាំ២០២៣។ ទំហំនាំចេញនេះ ធ្លាក់ចុះ១៩ភាគរយ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២២។


 
ក្នុងរយៈពេល៧ខែមកនេះ ការនាំចេញកសិផលទៅបរទេសសម្រេច បានប្រមាណ៤.៥លានតោន ក្នុងនោះមានអង្ករប្រមាណ៣៦ម៉ឺនតោន ស្រូវជាង១.៥លានតោន និងកសិផលផ្សេងទៀតជាង ២.៦លានតោន ទៅកាន់ទិសដៅ ៦៨ប្រទេស។ នេះបើតាមរបាយការណ៍ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានចេញផ្សាយ នៅថ្ងៃទី៨ ខែសីហា។ របាយការណ៍ដដែល បញ្ជាក់ថា ការនាំចេញនេះ ធ្លាក់ចុះ១៩ភាគរយ ធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២២។ 
 
តាមការប៉ាន់ប្រមាណរបស់ក្រសួងកសិកម្ម ក្នុងរយៈពេល៧ខែនេះ កម្ពុជាទទួល បាន ចំណូលជាង២.៦ពាន់លានដុល្លារ ក្នុងនោះ អង្ករបានប្រមាណ ៣១៣លានដុល្លារ, ស្រូវ ជាង ៥០៥លានដុល្លារ និងកសិផលក្រៅពីស្រូវអង្ករប្រមាណ១.៨ពាន់លានដុល្លារ។ 
 
ក្នុងរបាយការណ៍ខាងលើ កញ្ញា អ៊ឹម រចនា អ្នកពាក្យក្រសួងកសិកម្ម បានបញ្ជាក់ថា ថ្វីដ្បិតការនាំចេញកសិផលថយចុះបន្តិចមែន ប៉ុន្តែបើសិនធៀបទៅនឹងត្រីមាសទី១ ឆ្នាំ២០២៣ ការនាំចេញនេះ មានកំណើនប្រមាណ៣ភាគរយ។ 
 
អ្នកនាំពាក្យរូបនេះ រំពឹងថា ការនាំចេញកសិផលកម្ពុជា កើនឡើងវិញនៅពេលខាងមុខដ៏ខ្លី បន្ទាប់ពីឥណ្ឌា បានប្រកាសបិទការនាំចេញអង្ករ ដើម្បីរក្សាសន្តិសុខស្បៀងក្នុងប្រទេស។ ក្នុងបរិបទនេះ កម្ពុជាក៏កំពុងសិក្សាអំពីយុទ្ធសាស្ត្រទាញប្រយោជន៍ផ្នែកសេដ្ឋកិច្ច តាមរយៈ ការបង្កើនសមត្ថភាពប្រមូលទិញស្រូវស្តុកទុក ដើម្បីបង្កើនការកែច្នៃ និងនាំចេញផ្ទាល់ទៅ កាន់ទីផ្សារអន្តរជាតិ៕       
 

Tag:
 កសិកម្ម
  កសិផល
  ក្រសួងកសិកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com