កីឡាជាតិ
ជាតិ
English Premier League នឹងគ្មានវត្តមាន Harry Kane តែគ្រូបង្វឹកថា Man UTD មិនស្ដាយក្រោយទេ
12, Aug 2023 , 7:39 pm        
រូបភាព
កីឡាករ Harry Kane និង  កីឡាករ Rasmus Hojlund រូបពី Livescore
កីឡាករ Harry Kane និង កីឡាករ Rasmus Hojlund រូបពី Livescore
លោក Erik Ten Hag គ្រូបង្វឹក Manchester United និយាយថា Harry Kane ខ្សែប្រយុទ្ធជនជាតិអង់គ្លេស នឹងមិនមានវត្តមានប្រកួតក្នុងក្របខណ្ឌ English Premier League រដូវកាល ២០២៣-២០២៤ នោះទេ។ ទោះយ៉ាងនេះមែន តែក្លិប Manchester United ក៏មិនសោកស្ដាយដែលមិនបានទិញកីឡាកររូបនេះដែរ ព្រោះក្លិបបាននាំយកខ្សែបម្រើប្រយុទ្ធ Rasmus Hojlund មកពីក្លិប Atalanta នៃប្រទេសអ៊ីតាលី។


 
លោក Erik Ten Hag ដូចជាមិនមានការសោកស្ដាយទេ ចំពោះការខកខាននាំយកអតីតខ្សែប្រយុទ្ធ Tottenham Hotspur កីឡាករ Harry Kane មកទឹកដីកីឡដ្ឋាន Old Trafford ហើយបាននាំយក កីឡាករ Rasmus Hojlund មកជំនួស ហើយទុកឲ្យ Harry Kane ចូលរួមជាមួយម្ចាស់ជើងឯក Bundesliga (លីគកំពូលអាល្លឺម៉ង់) ក្លិប Bayern Munich។ គ្រូបង្វឹករូបនេះ បានប្រាប់ថា ក្លិប Man UTD ពេញចិត្តចំពោះសមត្ថភាព និងទេពកោសល្យរបស់ អតីតខ្សែប្រយុទ្ធ Tottenham Hotspur រូបនេះ ប៉ុន្ដែក្លិបបានចុះហត្ថលេខាជាមួយអតីតខ្សែបម្រើប្រយុទ្ធរបស់ Atalanta ដែលមានវ័យក្មេង ហើយមានសក្ដានុពល គឺ Hojlund។
 
គ្រូបង្វឹក Man UTD បាននិយាយដូច្នេះថា៖ «Premier League នឹងខកខាន Harry Kane ប៉ុន្តែ Manchester United មិនសោកស្តាយចំពោះការសម្រេចចិត្តទៅទិញ Rasmus Hojlund លើតារាឆ្នើមរបស់ Bayern Munich ឡើយ ។»។
 
យោងតាមការផ្សាយរបស់ Livescore គ្រូបង្វឹក Manchester United រូបនេះ បានសរសើរ Harry Kane ថាជាខ្សែប្រយុទ្ធដែលល្អ និងជាអ្នករកគ្រាប់បាល់ដ៏អស្ចារ្យ។ ក្រៅពីនេះ ខ្សែប្រយុទ្ធនេះ មានលក្ខណៈសម្បត្តិដ៏ល្អ ដែលអាចឃើញពី Harry Kane។
 
គួរបញ្ជាក់ផងដែរថា Manchester United គ្រោងផ្ដល់តម្លៃខ្លួន ១២៧លានដុល្លា ទៅ Harry Kane ប៉ុន្ដែត្រូវបាន Bayern Munich កាត់មុខ ដោយផ្ដល់តម្លៃខ្លួន ១៥២លានដុល្លា។ ដោយឡែកក្លិបអង់គ្លេសនេះ បានយល់ព្រមផ្ដល់តម្លៃខ្លួន ៩២លានដុល្លា ឲ្យកីឡាករ Rasmus Hojlund ដោយកុងត្រាមានរយៈពេល ៥រដូវកាល៕

Tag:
 បាល់ទាត់
  Manchester United
  Erik Ten Hag
© រក្សាសិទ្ធិដោយ thmeythmey.com