ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក វ៉ាង យី ជឿថារដ្ឋាភិបាលអាណត្តិថ្មី នឹងបន្តជំរុញកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចិន
13, Aug 2023 , 2:49 pm        
រូបភាព
សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា(ស្តាំ) ចាប់ដៃជាមួយ លោក វ៉ាង យីរដ្ឋមន្ត្រីបរទេសចិន(ឆ្វេង) ក្នុងជំនួបពិភាក្សាការងារ នៅព្រឹកថ្ងៃទី១៣សីហានៅវិមានសន្តិភាព។ (រូបភាព៖ ទំព័រហ្វេសប៊ុកដែលដាក់ឈ្មោះ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា)
សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា(ស្តាំ) ចាប់ដៃជាមួយ លោក វ៉ាង យីរដ្ឋមន្ត្រីបរទេសចិន(ឆ្វេង) ក្នុងជំនួបពិភាក្សាការងារ នៅព្រឹកថ្ងៃទី១៣សីហានៅវិមានសន្តិភាព។ (រូបភាព៖ ទំព័រហ្វេសប៊ុកដែលដាក់ឈ្មោះ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា)
ភ្នំពេញ៖  លោក វ៉ាង យី (Wang Yi)  រដ្ឋមន្ត្រីការបរទេសចិន បានបញ្ជាក់ប្រាប់ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ថាដំណើរទស្សនកិច្ចរបស់ខ្លួន នៅកម្ពុជានាពេលនេះ គឺដើម្បីបញ្ជាក់ជំហជាថ្មីថា ចិនគាំទ្រកម្ពុជា គ្រប់កាលៈទេសៈ។ ប្រមុខការទូតចិន បញ្ជាក់ដូច្នេះក្នុងជំនួបសម្តែងការគួរសម ជាមួយសម្តេច នាយករដ្ឋមន្ត្រីហ៊ុន សែន នៅថ្ងៃទី១៣ សីហានេះ។

 
ក្នុងជំនួបនេះ ប្រមុខការទូតចិន រូបនេះ ក៏ជឿជាក់ដែរថា រដ្ឋាភិបាលអាណត្តិថ្មី នឹងបន្តជំរុញកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចិន នឹងកាន់តែរីកចម្រើន ហើយកម្ពុជា នឹងកាន់តែ រុងរឿង។ «ក្រោមការដឹកនាំរបស់ឯកឧត្តមកិត្តិសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចិននឹងរីកចម្រើនឡើងកាន់តែធំធាត់ហើយជាពិសេស កម្ពុជានឹងកាន់តែមានភាពរុងរឿងឡើងថែមទៀត»។ ទំព័រហ្វេសប៊ុកដែលដាក់ឈ្មោះ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសរសរដូច្នេះ។ 
 


 សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា(ស្តាំ) ទទួលជួប លោក វ៉ាង យីរដ្ឋមន្ត្រីបរទេសចិន(ឆ្វេង) ដើម្បីពិភាក្សាការងារ នៅព្រឹកថ្ងៃទី១៣សីហានៅវិមានសន្តិភាព។ (រូបភាព៖ ទំព័រហ្វេសប៊ុកដែលដាក់ឈ្មោះ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា)

ឆ្លើយតបនឹងការលើកឡើងនេះ សម្ដេច ហ៊ុន សែន បានអរគុណ លោក វ៉ាង យី ចំពោះពាក្យពេចន៍ដ៏ល្អ និងជាពិសេសការគាំទ្រដ៏ធំធេងរបស់មិត្តចិន។

សូមជម្រាបថា បន្ទាប់ពីជំនួបជាមួយសម្តេច ហ៊ុន សែន លោក វ៉ាង យី ក៏មានជំនួបដាច់ដោយឡែក ជាមួយលោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីតែងតាំងនៃកម្ពុជាផងដែរ។ 
 
 


 
លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីតែងតាំងនៃកម្ពុជា(ស្តាំ) ចាប់ដៃជាមួយ លោក វ៉ាង យីរដ្ឋមន្ត្រីបរទេសចិន(ឆ្វេង) ក្នុងជំនួបពិភាក្សាការងារ នៅព្រឹកថ្ងៃទី១៣សីហានៅវិមានសន្តិភាព។ (រូបភាព៖ ទំព័រហ្វេសប៊ុកដែលដាក់ឈ្មោះ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា)

លោក វ៉ាង យី   រដ្ឋមន្រ្តីការបរទេសចិន កំពុងបំពេញទស្សនកិច្ចផ្លូវការ ២ថ្ងៃនៅកម្ពុជា ដោយចាប់ផ្តើមនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៣។ ក្រសួងការបរទេសកម្ពុជា បានចាត់ ទុកថា ដំណើរទស្សនកិច្ចនេះ នឹងរួមចំណែកបន្ថែមដល់ការពង្រឹងកិច្ចសហប្រតិបត្តិការ នៃ ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ពង្រឹងសហគមន៍វាសនារួមប្រកបដោយគុណ ភាពខ្ពស់ កម្រិតខ្ពស់ និងស្ដង់ដារខ្ពស់ លើកកម្ពស់ក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូង ពេជ្រ ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការនៅក្នុងវេទិកាតំបន់និងអន្តរជាតិ ដើម្បីជាផល ប្រយោជន៍ទៅវិញទៅមក សម្រាប់ប្រទេសនិងប្រជាជនទាំងពីរ៕

អត្ថបទទាក់ទង
 
 

© រក្សាសិទ្ធិដោយ thmeythmey.com