ជាតិ
វីដេអូ
របរតាមដងផ្លូវ៖ ពងទាកូនឆ្ងាញ់ ដោយសារខ្ទឹមជ្រក់?
13, Aug 2023 , 4:29 pm        
រូបភាព
ពងទាកូន
ពងទាកូន
ដោយ៖ គន្ធ ស្រីនីន
 
ភ្នំពេញ៖ អ្នកស្រី ឆាយ សូនី ជាអ្នកលក់ពងទាកូន នៅក្នុងផ្សារបឹងឈូក និងនៅម្ដុំមន្ទីរពេទ្យព្រះកុសុមៈ។ រយៈពេលជាង១០ឆ្នាំមកហើយ ដែលស្រ្តីវ័យ៤៣ឆ្នាំរូបនេះ ចាប់យករបរជាអ្នកលក់ពងទាកូនដើម្បីចិញ្ចឹមជីវិត។ កាលពីមុនក្នុងមួយថ្ងៃអ្នកស្រីអាចលក់ពងទាកូនពី២០០គ្រាប់ទៅ ៣០០គ្រាប់ ប៉ុន្តែចំនួននេះត្រូវបានថយចុះពីមួយថ្ងៃទៅមួយថ្ងៃក្រោយជំងឺកូវីដ-១៩។ បច្ចុប្បន្នអ្នកស្រីអាចលក់បានត្រឹម ១៥០ គ្រាប់ប៉ុណ្ណោះ។

 
ពងទាកូននៅតែជាអាហារពេញនិយមចំពោះបងប្អូនខ្មែរ។ អ្នកហូបពងទាកូនភាគច្រើនចូលចិត្តខ្ទឹមជ្រក់ ដូច្នេះហើយទើបខ្ទឹមជ្រក់ជាចំណុចទាក់ទាញរបស់ពងទាកូនអ្នកស្រី ឆាយ សូនី។ អ្នកស្រីបាននិយាយថា៖ «ខ្ទឹមមួយថ្ងៃ១គីឡូកន្លះ បើលក់ច្រើន ជាងនឹងអាច ២គីឡូ ធ្វើតែមួយយប់ៗទេ ធ្វើពីល្ងាច ព្រឹកឡើងចេញលក់ទៅ។ ប៉ុន្មានគីឡូក៏អស់ដែល តាអត់ខ្ទឹមជ្រក់ លក់មិនដាច់ទេ »។ 
 
 
ពងទាកូនមានតម្លៃមិនថេរទេ វាប្រែប្រួលតាមរដូវកាល ហើយក្នុងខែនេះមានតម្លៃថ្លៃ។ អ្នកស្រីបានរៀបរាប់ថា៖ « អត់ថេរទេ មានឡើងមានចុះ ពេលខ្លះលើសនឹង តម្លៃអាច៨៥០ ៧០០ ឬ ៧៥០ មានចុះមានឡើងតាមពេលវេលារបស់គេ។ ឥឡូវតម្លៃមួយគ្រាប់ ៨០០ ទិញមកពីឡគេ នៅស្ទឹងមានជ័យ ឡគេភ្ញាស់។ ជួនកាល យក២០០ ឬ២០០ជាងទៅ ពេលណាលក់អត់សូវដាច់អ៊ីថយមកវិញ នៅ១៥០ គ្រាប់អ៊ីចឹងទៅ»។
 
ពងទាកូនក្នុងរដូវនេះពិបាកលក់ណាស់ មនុស្សមិនសូវពិសា ការលក់ក៏ថយចុះ ចំណូលរកមិនសូវបាន ដូច្នេះអ្នកស្រីត្រូវថយចំនួនពងទា។ ចំណូលនៃការលក់ពងទាកូនបានធ្លាក់ចុះ ហើយអ្នកស្រីត្រូវរ៉ាប់រងបន្ទុកគ្រួសារ ជួនកាលមានការខ្វះខាត តែបានប្រាក់ខែប្ដីយោង។ ប្ដីអ្នកស្រីជាសន្តិសុខក្នុងសាលាឯកជនមួយកន្លែង។ «ឥឡូវលក់បានប្រហែល២-៣ម៉ឺន អស់ហើយមួយថ្ងៃ។ ត្រូវចំណាយទាំងអស់នឹង អ៊ីរ៉ាប់រងទាំងអស់នឹង កូនផង សាំងម៉ូតូអីចឹងទៅណា ទិញអង្ករ ទិញអី ប្រចាំគ្រួសារយើង គ្រប់មុខចំណាយ។ អឺ...ពិបាកខ្លាំងម៉ង ពិបាកដោយសារ អត់មានលុយបង់សាលាកូន។ បង់ខែគេមួយខែ១៨០ ហើយលក់មួយខែជួនកាលមិនបានប៉ុណ្ណឹងផង។ ខ្វះខាតនោះខ្វះហើយ តែថ្ងៃណាខ្វះចឹងទៅ ដកលុយប្រាក់ខែមកចាយទៅ ប្រាក់ខែប្ដី... »។
 
ក្នុងកំឡុងពេលកូវីដ១៩ សេដ្ឋកិច្ចគ្រួសាររបស់អ្នកស្រីថយចុះយ៉ាងខ្លាំង ព្រោះមិនបានលក់ដូរទើបគ្មានចំណូលចូលគ្រួសារ។ មនុស្សមិនសូវហ៊ានចេញក្រៅដូចមុនធ្វើឱ្យការលក់មានការថយចុះពីមួយថ្ងៃទៅមួយថ្ងៃ។ អ្នកស្រីបានបន្តថា «មុនកូវីដគ្រាន់ តែតាំងពីកូវីដនឹងមកដូចជាវារៀងស្បើយៗ។ ដល់ពេលចូលឆ្នាំ២០២៣នេះមកតឹងហ្មង តឹងខ្លាំងហ្មង»។
 
ថ្វីត្បិតរបរជាអ្នកលក់ពងទាកូនជាមុខរបរតូចតាច ប៉ុន្តែអ្នកស្រីមិនដែលគិតចង់ផ្លាស់ប្ដូរអាជីពមួយនេះឡើយ។ អ្នកស្រីមើលឃើញអ្នកប្រកបរបរផ្សេងៗកំពុងជួបការលំបាកដូចអ្នកស្រីដែរ ហើយបច្ចុប្បន្ននេះ ពិបាកក្នុងការផ្លាស់ប្ដូរមុខរបរណាស់៕
 

Tag:
 ពងទាកូន
© រក្សាសិទ្ធិដោយ thmeythmey.com