ជាតិ
សេដ្ឋកិច្ច
លោក វ៉ាង យី សាទរកម្ពុជា ដែលទទួលបានការវិនិយោគយ៉ាងច្រើនពីបរទេស
13, Aug 2023 , 6:59 pm        
រូបភាព
លោក សុខ ចិន្តាសោភា  អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង​លោក វ៉ាង យី រដ្ឋមន្រ្តី​ការបទេសចិន។ រូបភាព AKP
លោក សុខ ចិន្តាសោភា អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង​លោក វ៉ាង យី រដ្ឋមន្រ្តី​ការបទេសចិន។ រូបភាព AKP
ភ្នំពេញ៖ លោក វ៉ាង យី រដ្ឋមន្រ្តីការបរទេសចិន បានសាទរចំពោះកម្ពុជា ដែលទទួលបានការបណ្តាក់ទុនវិនិយោគយ៉ាងច្រើនសន្ធឹកសន្ធាប់ពីបរទេស។ លោកលើកឡើងបែបនេះធ្វើឡើងក្នុងជំនួបពិភាក្សាការងារជាមួយលោក សុខ ចិន្តាសោភា កាលពីថ្ងៃទី១២ សីហា។


 
ក្នុងជំនួបនេះលោក សុខ ចិន្តាសោភា បានរំលេចពីទំនាក់ទំនងដ៏ល្អប្រសើរ រវាងប្រទេស ទាំងពីរ ដែលមានតាំងពីយូរលង់មកហើយ។ លោក សុខ ចិន្តាសោភា បានលើកឡើង ដូច្នេះ៖ «ទំនាក់ទំនងការទូតដែលបានបង្កើតជាមិត្តភាពដែកថែបនេះ ត្រូវបានឆ្លុះបញ្ចាំង តាមរយៈទំនាក់ទំនងសេដ្ឋកិច្ចយ៉ាងរឹងមាំ ដោយប្រទេសចិនបានក្លាយជាដៃគូពាណិជ្ជកម្ម ប្រភពទុនវិនិយោគ និងទេសចរធំជាងគេរបស់កម្ពុជា។ »។
 
បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោក វ៉ាង យី បានអបអរ សាទរ ចំពោះការរីកចម្រើនដ៏ឆាប់រហ័សរបស់កម្ពុជា និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផល ការងារទាំងឡាយ ដែលរដ្ឋាភិបាលកម្ពុជាសម្រេចបាន។ លើសពីនេះ ការទទួលបានការ បណ្តាក់ទុនវិនិយោគយ៉ាងច្រើនសន្ធឹកសន្ធាប់ពីបរទេស។
 
រដ្ឋមន្រ្តីការបរទេសចិនរូបនេះ ក៏រំលេចនូវកិច្ចសហប្រតិបត្តិការល្អ រវាងប្រទេសទាំងពីរ តាម រយៈការប្រើប្រាស់នូវយន្តការសម្របសម្រួល កិច្ចសន្ទនាទ្វេភាគី និងការផ្លាស់ប្ដូរទស្សនកិច្ច សិក្សា ដែលឆ្លើយតបយ៉ាងវិជ្ជមានទៅនឹងក្របខណ្ឌ នៃការអនុវត្តគំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ»ផងដែរ។
 
តាមរយៈជំនួបនោះ ភាគីទាំងពីរមានជំនឿថា ច្បាប់ស្តីពីវិនិយោគថ្មី និងក្របខណ្ឌគតិយុត្តអនុវត្តច្បាប់នេះ ដែលត្រូវបានដាក់ឱ្យប្រើប្រាស់ជាស្ថាពរ ក៏ដូចការចូលជាធរមាន នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន និងការលើកកម្ពស់ក្របខណ្ឌកិច្ចសហប្រតិបត្តិការ ត្បូងពេជ្រ នឹងជំរុញឱ្យទំនាក់ទំនងកម្ពុជា-ចិន រឹតតែទទួលបានលទ្ធផលត្រចះត្រចង់ថែមទៀត។
 
លោក វ៉ាង យី រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន បានបំពេញទស្សនកិច្ច ផ្លូវការនៅកម្ពុជា ពីថ្ងៃទី១២-១៣ សីហា  ដើម្បីពង្រឹង និងពង្រីកបន្ថែម ទំនាក់ទំនង និងកិច្ច សហប្រតិបត្តិការ ដែលជាប្រយោជន៍សម្រាប់ ប្រជាជននៃប្រទេសទាំងពីរ៕

Tag:
 វ៉ាង យី
  សុខ ចិន្តាសោភា
  កម្ពុជា
  ចិន
  វិនិយោគ
© រក្សាសិទ្ធិដោយ thmeythmey.com