សេដ្ឋកិច្ច
អន្តរជាតិ
អាម៉េរិករឹតបន្តឹងច្បាប់ប្រឆាំងនឹងការលាងលុយកខ្វក់ តាមរយៈអចលនទ្រព្យ
13, Aug 2023 , 8:59 pm        
រូបភាព
អគាររតនាគារអាម៉េរិក។ រូបភាព AFP ។
អគាររតនាគារអាម៉េរិក។ រូបភាព AFP ។
ក្រោមបទប្បញ្ញត្តិនៃសេចក្តីព្រាងច្បាប់ថ្មី ដោយតម្រូវឱ្យក្រុមហ៊ុនក្នុងវិស័យអចលនទ្រព្យទាំងអស់ ត្រូវតែរាយការណ៍ពីអត្តសញ្ញាណរបស់អតិថិជនដែលប្រើសាច់ប្រាក់ផ្ទាល់ ទៅកាន់និយតករឧក្រិដ្ឋកម្មហិរញ្ញវត្ថុរបស់ក្រសួងរតនាគារអាម៉េរិក។

 
ក្រសួងរតនាគារអាម៉េរិកនឹងប្រកាសនាពេលឆាប់ៗនេះ នូវសំណើសម្រាប់បទប្បញ្ញត្តិថ្មីមួយ ក្នុងគោលបំណងទប់ស្កាត់ការទិញផ្ទះប្រណីតដោយជនអនាមិក ដែលត្រូវបានគេលើកឡើងថា បណ្តាញលាងលុយកង្វក់ដ៏មានឥទ្ធិពល ដោយពួកប្រព្រឹត្តអំពើពុករលួយ និងភេរវកម្ម ក៏ដូចជាឧក្រិដ្ឋកម្មផ្សេងៗទៀត។
 
ច្បាប់នេះនឹងតម្រូវឱ្យអ្នកជំនាញផ្នែកអចលនទ្រព្យក៏ដូចជា ក្រុមហ៊ុនធានារ៉ាប់រង រាយការណ៍ពីអត្តសញ្ញាណអ្នកទិញអចលនទ្រព្យដោយសាច់ប្រាក់ផ្ទាល់ ទៅកាន់និយតករឧក្រិដ្ឋកម្មហិរញ្ញវត្ថុ (FinCEN)របស់ក្រសួងហិរញ្ញវត្ថុ។
 
FinCEN ត្រូវបានគេរំពឹងថា នឹងបោះពុម្ពផ្សាយសេចក្តីព្រាងនៅខែនេះ ដោយសន្យាថានឹងបង្កើតប្រព័ន្ធច្បាប់ដ៏តឹងរ៉ឹងថ្មីមួយ ដើម្បីជំនួសប្រព័ន្ធច្បាប់ចាស់ៗរបស់អាម៉េរិក។ 
 
លោក David Szakonyi សាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រនយោបាយនៅសាកលវិទ្យាល័យ George Washington បាននិយាយថា ដើម្បីឱ្យច្បាប់ថ្មីមានប្រសិទ្ធភាព FinCEN នឹងត្រូវការធនធានពង្រឹងបន្ថែមរួមទាំងកម្លាំងមនុស្ស និងប្រព័ន្ធកុំព្យូទ័រដើម្បីដំណើរការព័ត៌មាន។
 
នៅខែមីនា ឆ្នាំ២០២៣ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុលោកស្រី Janet Yellen បានព្រមានអំពីការអនុវត្តរាប់ទសវត្សរ៍នៃឧក្រិដ្ឋជនដែលពឹងផ្អែកលើទិញអចលនទ្រព្យដើម្បីលាក់បាំងប្រាក់ចំណូលខុសច្បាប់។
 
បើតាមលោកស្រី Yellen លុយកង្វក់ដែលលាងតាមរយៈទីផ្សារអចលនទ្រព្យអាចឈានដល់ ២,៣ពាន់លានដុល្លារនៅចន្លោះឆ្នាំ ២០១៥ និង ២០២០ ។ ធនាគារអាម៉េរិកបានតាមដានយូរមកហើយ ក្នុងការស្វែងយល់ពីប្រភពនៃមូលនិធិរបស់អតិថិជនរបស់ពួកគេ និងរាយការណ៍អំពីប្រតិបត្តិការគួរឱ្យសង្ស័យ។
 
ប៉ុន្តែវិស័យអចលនទ្រព្យរបស់អាម៉េរិកទាំងមូលមិនត្រូវបានគេកំណត់ដោយច្បាប់បែបនេះទេ។ កន្លងមក FinCEN បានដំណើរការច្បាប់ដែលតម្រូវឱ្យមានការជូនដំណឹងអំពីការទិញអចលនទ្រព្យដែលអនុវត្តនៅក្នុងទីក្រុងធំៗមួយចំនួនរួមមានទីក្រុង New York, Miami និង Los Angeles។ ហើយច្បាប់ថ្មីត្រូវបានគេរំពឹងថា នឹងពង្រីកតម្រូវការនេះទូទាំងប្រទេស ៕ 
 

Tag:
 អចលនទ្រព្យ
  អាម៉េរិក
  លាងលុយកង្វក់
© រក្សាសិទ្ធិដោយ thmeythmey.com