កីឡាជាតិ
ជាតិ
លោក សេន ប៊ុនថេន ប្រាប់សិស្សខ្លួនឱ្យប្រឹងប្រែងពង្រឹងជំហក្នុងអាជីព ហើយកុំឆ្លេឆ្លា
13, Aug 2023 , 9:39 pm        
រូបភាព
លោក សេន ប៊ុនថេន រូបពី Mao-Sport
លោក សេន ប៊ុនថេន រូបពី Mao-Sport
លោក សេន ប៊ុនថេន គ្រូបង្វឹកគុនខ្មែរជម្រើសជាតិកម្ពុជា ប្រាប់សិស្សខ្លួនឱ្យតស៊ូ និងប្រឹងប្រែង ពង្រឹងជំហនៅក្នុងអាជីព ដែលនឹងជួយដល់ការសម្រេចគោលដៅជីវិតរបស់ពួកគេ។ គ្រូបង្វឹកគុនខ្មែរជម្រើសជាតិកម្ពុជារូបនេះ លើកឡើងដូច្នេះ នៅក្នុងកិច្ចសម្ភាសជាវីដេអូមួយ ដែលត្រូវបានផ្សាយនៅទំព័រហ្វេសប៊ុក ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ នៅថ្ងៃតី១១ ខែសីហា។
ក្នុងនាមជាមួយគ្រូបង្វឹក លោក សេន ប៊ុនថេន ក៏លើកឡើងពីកង្វល់របស់ខ្លួនជុំវិញនិន្នាការផ្លាស់ប្តូរពីក្លិប មួយទៅក្លិបមួយទៀតរបស់កីឡាករដែរ។


 
គួរកត់សម្គាល់ថា មួយរយៈពេលចុងក្រោយនេះ កីឡាករប្រដាល់គុនខ្មែរ មួយចំនួនបានបញ្ចប់កុងត្រា ជាមួយក្លិប ព្រោះតែមិនសូវមានទីផ្សារឡើងប្រកួត និងបញ្ហាផ្ទៃក្នុងមួយចំនួន ដែលមិនអាចបញ្ចេញ បាន។ 
 
ក្នុងកិច្ចសម្ភាសដដែល លោក សេន ប៊ុនថែន មិនបានបញ្ជាក់ពីរារាំងការផ្លាស់ប្តូរបស់កីឡាករទេ  ប៉ុន្តែក្នុងនាមជាគ្រូបង្វឹក លោករំឭកកីឡាករ ឱ្យគិតគូរឱ្យច្បាស់លាស់ មុននឹងសម្រេចចិត្ត។ កុំព្រោះដើម្បីតែប្រយោជន៍រយៈពេលខ្លី ធ្វើឲ្យបរាជ័យទៅថ្ងៃអនាគត។ គ្រូបង្វឹករូបនេះលើកឡើងដូច្នេះក្នុងវីដេអូដដែល ដោយលោកបញ្ជាក់ទៀតថា ៖ «ក្នុងនាមជាកីឡាករ គួរតែមានចិត្តអំណត់ឲ្យបានខ្ពស់ ដ្បិតឱកាសជោគជ័យនឹងកើតមានឡើង ប្រសិនភាពអំណត់នេះ ដើរលើផ្លូវមួយ ដ៏ត្រឹមត្រូវ។»។
គួរបញ្ជាក់ដែរថា បច្ចុប្បន្ន លោក សេន ប៊ុនថេន ក៏ជាគ្រូបង្វឹកនៅក្លិបប្រដាល់ សេន ប៊ុនថេន ប៉ែន កាក់ គុនខ្មែរ៕ 

Tag:
 សេន ប៊ុនថេន
  ប្រដាល់គុនខ្មែរ
© រក្សាសិទ្ធិដោយ thmeythmey.com