ជាតិ
អ្នកស្រី ទុយ អៀង ត្អូញត្អែរថាគ្មានឈ្មួញបញ្ជាទិញផលបន្លែរបស់ខ្លួន
13, Aug 2023 , 5:59 pm        
រូបភាព
អ្នកស្រី ទុយ អៀង ពេលប្រមូលផលបន្លែត្រសក់
អ្នកស្រី ទុយ អៀង ពេលប្រមូលផលបន្លែត្រសក់
ដោយ:
កំពង់ធំ៖ អ្នកស្រី ទុយ អៀង ជាកសិករដាំដុះតាសក់ទ្រើង សណ្តែកកួរ និងប៉េងប៉ោះ នៅលើផ្ទៃដីជាង ៣ហិកតា នៅក្នុងភូមិស្នោ  ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ កសិកររូបនេះ កំពុងប្រឈមនឹងកង្វះទីផ្សារលក់ផលដំណាំរបស់ខ្លួន។


 
បើតាមកសិកររូបនេះ បច្ចុប្បន្នពុំមានឈ្មួញបញ្ជាទិញបន្លែរបស់ខ្លួនឡើយ ខណៈដំណាំទាំង៣មុខរបស់ខ្លួន ត្រូវប្រមូលផលបន្តបន្ទាប់គ្នានោះ។ ទោះជាយ៉ាងនេះក្តី អ្នកស្រី ទុយ អៀង នៅតែចិញ្ចឹមក្តីសង្ឃឹមថា នឹងមានអ្នកបញ្ជាទិញបន្លែរបស់ខ្លួន ក៏ដូចជាផលដំណាំរបស់កសិករក្នុងភូមិដទៃទៀតនៅក្នុងពេលឆាប់ៗ។ 
 
មកទល់ពេលនេះ មិនទាន់មានឈ្មួញកណ្តាល មកបញ្ជាទិញទេ។  បន្លែដល់ពេលសម្បូរទៅមិនដឹងនាំចេញទៅទីណា។ អត់មានឈ្មួញធំចុះមកទិញ»។ អ្នកស្រី ទុយ អៀង ត្អូញត្អែរដូច្នេះ ក្នុងបទសម្ភាសដោយផ្ទាល់ជាមួយសារព័ត៌មានឌីជីថលថ្មីៗ កាលពីថ្ងៃទី១១ ខែ សីហាកន្លងទៅ។
 
ពីមុនមក ក៏មានការជួយជ្រោមជ្រែងពីមន្ទីរកសិកម្មខេត្តដែរ ក៏ប៉ុន្តែពុំមានឈ្មួញធំៗជួយទិញនោះទេ គឺមានតែឈ្មួញតូច ដែលមកជួយទិញតិចតួចប៉ុណ្ណោះ។ ស្ត្រីវ័យ ៤៧ឆ្នាំរូបនេះ បញ្ជាក់ដូច្នេះ មុននឹងបន្តថា កាលពីឆ្នាំ២០២២ ផលដំណាំរបស់ខ្លួន ក៏ សល់លក់មិនចេញរាប់រយគីឡូក្រាមដែរ។
 
យ៉ាងណាក៏ដោយ អ្នកស្រី អៀង  នៅមានគំនិតបោះបង់ចោលការដាំបន្លែនេះឡើយ ដ្បិតថារបរនេះ បានផ្តល់ចំណូលសមរម្យដល់ខ្លួន និងបានជួយផ្តល់ការងារមួយចំនួន ដល់ពលរដ្ឋក្នុងភូមិ ដោយពួកគេមិនចាំបាច់ចំណាកស្រុក។ អ្នកស្រី បន្ថែមថា៖ «បងប្អូនដែលគ្មានការងារ ខ្ញុំហៅឱ្យមកជួយការងារខ្ញុំដែលផ្តល់កម្រៃពលកម្មសមរម្យជូនពួកគាត់»៕


កសិករទុយ អៀង ដើរបេះត្រសក់

 

Tag:
 កសិកម្ម
 ទុយ អៀង
© រក្សាសិទ្ធិដោយ thmeythmey.com