ជាតិ
ទោះរៀនបានតិច តែភាពឧស្សាហ៍ព្យាយាមធ្វើឱ្យ កញ្ញា មៀន ម៉ូត ជួយអភិវឌ្ឍសហគមន៍បាន
14, Aug 2023 , 9:29 am        
រូបភាព
កញ្ញា មៀន ម៉ូត ពេលផ្តល់បទសម្ភាសជាមួយសារព័ត៌មានថ្មីៗ
កញ្ញា មៀន ម៉ូត ពេលផ្តល់បទសម្ភាសជាមួយសារព័ត៌មានថ្មីៗ
សៀមរាប៖ កើតក្នុងគ្រួសារកសិករ ហើយសង្រ្គាមស៊ីវិលមិនទាន់រលត់ទាំងស្រុងនៅ តំបន់ ដាច់ស្រយាល នាខេត្តសៀមរាប ធ្វើឱ្យកញ្ញា មៀន ម៉ូត រៀនបានត្រឹមថ្នាក់ទី៣ប៉ុណ្ណោះ។ ប៉ុន្តែដោយសារភាពឈ្លាសវៃ និងឧស្សាហ៍ព្យាយាមធ្វើឱ្យស្រ្តីរូបនេះមានឱកាស ចូលរួម ការងារជាច្រើន ពិសេសបានចូលរួមការងារ អភិវឌ្ឍន៍សហគមន៍ក្នុងមូលដ្ឋានខ្លួន។

 
ជាកូនទី៥ ក្នុងចំណោមបងប្អូន៩នាក់ មៀន ម៉ូត បច្ចុប្បន្នជាអ្នកសម្របសម្រួលក្នុងគម្រោង អភិវឌ្ឍន៍សហគមន៍របស់អង្គការមូលនិធិបុរាណវិទ្យា និងអភិវឌ្ឍន៍ ហៅកាត់ថា ADF។ កញ្ញាធ្វើការជាប់ជាមួយសហគមន៍ភ្នំគូលែន។ ការងារស្នូលរបស់អ្នកសម្របសម្រួលរូបនេះ គឺចុះបង្រៀនពលរដ្ឋពីការដាំដុះដំណាំកសិកម្មផ្សេងៗ និងការចិញ្ចឹមសត្វជាដើម។ 
 
មានវ័យ៤២ឆ្នាំ កញ្ញា មៀន ម៉ូត បានចូលធ្វើការជាមួយអង្គការ ADF ក្នុងឆ្នាំ២០១២ ក្នុង ការងារពាក់ព័ន្ធ នឹងអាហារូបត្ថម្ភ។ ឆ្នាំ២០១៤ បានដូរមកកាន់គម្រោងអភិវឌ្ឍន៍សហគមន៍ រហូតដល់សព្វថ្ងៃ។ ការងារនេះតម្រូវឱ្យកញ្ញាចុះតាមខ្នងផ្ទះពលរដ្ឋ សម្របសម្រួលនិយាយ ពន្យល់ពលរដ្ឋឱ្យចេះដាំដុះ តាមបច្ចេកទេសកសិកម្ម និងការរស់នៅដោយមានអនាម័យ ជាដើម។ 
 
កញ្ញា មៀន ម៉ូត លើកឡើងដូច្នេះថា៖« ការងារសហគមន៍ តម្រូវឱ្យយើងមានទំនាក់ទំនងច្រើន ចេះសម្របសម្រួលចេះនិយាយជាមួយអ្នកភូមិ ព្រោះអ្នកភូមិពិបាកណែនាំ អប់រំ តែយើងត្រូវតាំងចិត្ត អត់ធ្មត់ ត្រូវប្រាប់គាត់ពីបច្ចេកទេសដាំ ថែទាំ និងការអនាម័យតាមផ្ទះ រស់នៅស្អាត បើគាត់មិនធ្វើតាម មិនអាចខឹងឬនិយាយអាក្រក់ទេ ព្រោះយើងជាអ្នកសម្របសម្រួល ត្រូវបន្តណែនាំគាត់»។ 


 
ដូចអ្នកស្រុកបន្ទាយស្រីរូបនេះបានបញ្ជាក់ខាងលើអ៊‍ីចឹង ការងារជាអ្នកសម្របសម្រួលសហគមន៍មិនងាយស្រួលប៉ុន្មានទេ។ ពលរដ្ឋធ្លាប់តែអនុវត្តន៍ការដាំដុះបុរាណ រស់នៅមិនមានអនាម័យនោះមិនងាយចូលរួមផ្លាស់ប្ដូរ ផ្នត់គំនិតចាស់ឡើយ ល្គឹកណាពួកគេមិនបានឃើញការផ្លាស់ប្ដូរផ្ទាល់ភ្នែក។ ដូច្នេះ តួនាទីអ្នកសម្របសម្រួល គឺត្រូវចុះបង្រៀន អនុវត្តន៍ការដាំដុះឱ្យពួកគេមើលសិន ទើបអនុវត្តតាមក្រោយ។ នេះជាការបញ្ជាក់របស់កញ្ញា មៀន ម៉ូត។
 
មានស្រុកកំណើតនៅភូមិត្បែងខាងកើត ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប គឺស្ថិតនៅជើងភ្នំគូលែន។ មៀន ម៉ូត រៀនត្រឹមថ្នាក់ទី៣ប៉ុណ្ណោះ តែដោយសារឪពុកជាមេភូមិ ទើបធ្វើឱ្យគេមានឱកាសបានឃើញឯកសារច្រើន គួបផ្សំនឹងចិត្តចង់ចេះចង់ដឹងផងនោះ ទើបរូបគេព្យាយាមហាត់សរសេរបានរត់ដៃល្អ។ ក្រោយមក មៀន ម៉ូត បានក្លាយជាគ្រូមតេយ្យ និងអ្នកស្ម័គ្រចិត្តភូមិ។ ប្រឡូកការងារនោះបាន៦ឆ្នាំ ឃើញឱកាសនៅអង្គការធំមួយដែលធ្វើការផ្ទាល់ លើភ្នំគូលែន ក៏សាកល្បងដាក់ពាក្យ និងជាប់ធ្វើការដល់សព្វថ្ងៃ។  
 
រយៈពេល១០ឆ្នាំដែលធ្វើការជាមួយអង្គការ ADF កញ្ញា មៀន ម៉ូត ទទួលបានបទពិសោធន៍ច្រើន ទោះបីនាងមិនបានរៀនខ្ពង់ខ្ពស់ដូចគេក៏ដោយ។ ទោះពេលខ្លះនាងធ្លាប់គិតថាចង់បោះបង់ការងារឡើងចុះលើភ្នំគូលែនក៏ពិតមែន តែបំណងនោះត្រូវបានបោះចោលទៅវិញ ព្រោះនាងនៅស្ដាយការងារដែលធ្វើ ពិសេសបានជួយកសិករជាច្រើនទៀត។ 
 
«ដោយសារការងារនេះវាលំបាកក៏មានហើយអាស្រួលក៏មានហើយ អ៊ីចឹងខ្ញុំនៅបន្តចង់ជួយពួកគាត់ឱ្យ ឃើញលទ្ធផលច្រើនជាងនេះ។ ពីមុនអត់ដែលមានចម្ការដូង ចម្ការក្រូច មានដូងតិចតួចជាលក្ខណៈបុរាណ ពេលនេះយើងចង់ឱ្យភ្នំគូលែនមានផ្លែឈើកាន់តែច្រើន ដើម្បីចែកចាយទៅខាងក្រោម ព្រោះឥឡូវទីផ្សារដូងល្អ ចង់ឱ្យអ្នកភូមិភ្នំគូលែនមានដំណាំហូបផ្លែច្រើន និងខ្ជាយខ្មៅកាន់តែច្រើន»។ នេះជាការលើកឡើងរបស់កញ្ញា មៀន ម៉ូត ក្នុងទឹកមុខមោទកភាព។
 
ជាងនេះទៅទៀតនោះ មៀន ម៉ូត បញ្ជាក់ថា នាងរីករាយជាខ្លាំងនៅពេលឃើញការផ្លាស់ប្ដូររបស់កសិករ ពិសេសបានពង្រឹងចំណេះជំនាញដល់សហគមន៍ភ្នំគូលែន ឱ្យមានចំណេះ ដឹងផ្នែកកសិកម្មកាន់តែល្អប្រសើរ។ ទៅមុខទៀត នាងចង់ឃើញសហគមន៍នេះ មានភាព រីកចម្រើន ប្រជាជនមានចំណេះដឹងសព្វគ្រប់ លើវិស័យកសិកម្ម ដែលអាចទាញចំណូល ចូលសេដ្ឋកិច្ចគ្រួសារបានកាន់តែច្រើន។
 
បន្ទាប់ពីប្រឡូកក្នុងការងារស្ម័គ្រចិត្ត និងអភិវឌ្ឍន៍សហគមន៍ជាង១០ឆ្នាំមកនេះ មៀន ម៉ូត ដែលអ្នកភូមិតែងកោតសរសើរថាជាស្រ្តីដ៏អង់អាចមួយរូបនោះ ក៏ចង់ឃើញក្មេងស្រីច្រើន ទៀតមានភាពក្លាហាន និងចូលរួមការងារសង្គមកាន់តែច្រើនផងដែរ។ កញ្ញាផ្តាំទៅ ក្មេងស្រីយ៉ាងដូច្នេះថា ៖«កុំចង់ធ្វើការដែលបានប្រាក់ពេក ចង់ឱ្យធ្វើការស្ម័គ្រចិត្តខ្លះ ដើម្បី បទពិសោធន៍ ទោះជួបបញ្ហាអ្វីត្រូវតែប្រឹងទៅមុខ។ មិនចេះឬឆ្ងល់ត្រូវសួរគេ កុំគិតថាបញ្ហា ទាំងនេះធ្វើមិនកើត ចង់ឈប់ អន់ចិត្ត គឺកុំអី។ ជីវិតតស៊ូណាស់ ទាល់តែមានចិត្តមួយ ទើប ជម្នះអ្វីៗបាន»៕


កញ្ញា មៀន ម៉ូត កំឡុងពេលបំពេញការងារក្នុងសហគមន៍។ រូបភាពពីអង្គការអាគ្រីស៊ូត


Tag:
 មៀន ម៉ូត
  ADF
© រក្សាសិទ្ធិដោយ thmeythmey.com