ជាតិ
ក្រសួងកសិកម្ម បានឱ្យម្ចាស់អាជីវកម្មបញ្ឈប់ការនាំចូលត្រី«ពីរ៉ាន់ញ៉ា» និងបំផ្លាញត្រីដែលបាននាំចូល
13, Aug 2023 , 5:41 pm        
រូបភាព
រូបភាព៖ Encyclopedia Britannica
រូបភាព៖ Encyclopedia Britannica
ភ្នំពេញ៖ តាំងពីថ្ងៃទី ៦សីហា ឆ្នាំ២០២៣មកម្ល៉េះ រដ្ឋបាលជលផល បានចុះត្រួតពិនិត្យដល់ទីកន្លែងលក់ត្រី«ពីរ៉ាន់ញ៉ា» ដែលស៊ី សាច់ជាអាហារ ដោយបានធ្វើកិច្ចសន្យាឈប់ នាំចូល និងបំផ្លាញត្រីពីរ៉ាន់ញ៉ាដែលត្រូវបាននាំចូល ជាមួយម្ចាស់អាជីវកម្មផងដែរ។  នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះថ្ងៃទី១៣ សីហានេះ។


 
ការបញ្ជាក់របស់ក្រសួងកសិកម្ម ធ្វើឡើងបន្ទាប់ពីមានការផ្សព្វផ្សាយយ៉ាងផុសផុលលើបណ្តាញសង្គម Tiktok និងហ្វេសប៊ុក អំពីការនាំចូល និងលក់ចែកចាយប្រភេទត្រីដែលស៊ីសាច់ជាអាហារនេះ។  
 
តាមរយៈសេចក្ដីប្រកាសព័ត៌មានដដែល ក្រសួងកសិកម្ម ក៏បញ្ជាក់ពីការហាមប្រាមដាច់ខាត ចំពោះការលែងត្រីពីរ៉ាន់ញ៉ា ឬត្រីកាចសាហាវផ្សេងទៀត ចូលទៅក្នុងទឹកធម្មជាតិដែរ។ ទន្ទឹមនឹង ក្រសួងក៏បានអំពាវនាវដល់សាធារណជន និងអាជីវករ មិនឱ្យនាំចូលប្រភេទត្រី«ពីរ៉ាន់ញ៉ា» ឬប្រភេទត្រីកាចសាហាវផ្សេងទៀត ដែលអាចនាំឱ្យមានផលប៉ះពាល់ដល់ប្រភេទត្រីធម្មជាតិ ក៏ដូចមនុស្ស សត្វ និងបរិស្ថាន។ ក្នុងករណី ប្រទះឃើញមានការនាំចូលត្រីប្រភេទកាចសាហាវនេះ យកមកចិញ្ចឹម ត្រូវរាយការណ៍ដល់មន្រ្តីជំនាញជលផល ដើម្បីចាត់វិធានការសមស្រប។ ក្រសួងកសិកម្មបន្ថែមដូច្នេះ៕

Tag:
 រដ្ឋបាលជលផល
  ត្រីពីរ៉ាន់ញ៉ា
  ក្រសួងកសិកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com