ជាតិ
សង្គមជាតិ
ស្នងការរាជធានីនឹងអនុវត្តច្បាប់លើអធិការរងម្នាក់ដែលប្រើហិង្សាលើអ្នក​បង្កគ្រោះថ្នាក់ចរាចរណ៍
14, Aug 2023 , 9:14 am        
រូបភាព
ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញសេចក្តីបកស្រាយបំភ្លឺទាក់ទងទៅនឹងករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលបង្កឱ្យមានអំពើហិង្សាកាលពីយប់ឈានចូលថ្ងៃទី១៤ ខែសីហា។ បុរសម្នាក់បានជិះរថយន្តបុកឃឿនផ្ទះពលរដ្ឋបណ្តាលឱ្យខូចខាតបន្តិចបន្តួច បន្ទាប់មក មានអធិការរងខណ្ឌមួយរូប បានជិះម៉ូតូទៅឃាត់រថយន្ត ហើយរហូតដល់ប្រើអំពើហិង្សាវាយម្ចាស់រថយន្ត។

 
«ក្នុងនាមជាមន្ត្រីនគរបាលជាតិ ពេលឃើញករណីគ្រោះថ្នាក់ចរាចរណ៍ បណ្តាលខូចខាតទ្រព្យសម្បត្តិសាធារណៈ ត្រូវធ្វើការសួរនាំ និងឃាត់យានយន្តយកមករក្សាទុក ដើម្បីអនុវត្តតាមនិតិវិធី និងផាកពិន័យតាមច្បាប់ ប៉ុន្តែក្នុងនាមជាមន្ត្រីនគរបាល បើអនុវត្តខុសគឺត្រូវតែអនុវត្តតាមច្បាប់»។ នេះបើតាមសេចក្តីបំភ្លឺរបស់ស្នងការរាជធានី។
 
 
រឿងរ៉ាវបានកើតកាលពីវេលាម៉ោងជាង១យប់រំលងអាធ្រាត ឈានចូលថ្ងៃទី១៤ ខែសីហា នៅចំណុចផ្លូវបំបែកជាបួន លើផ្លូវ៤៨៤ កែងផ្លូវលេខ៩៩ ស្ថិតក្នុងសង្កាត់ផ្សារដើមថ្កូវ ព្រំប្រទល់សង្កាត់បឹងត្របែក ខណ្ឌចំការមន ដោយមានករណីបុរសម្នាក់បើករថយន្ត PRIUS ទៅបុកឃឿនផ្ទះប្រជាពលរដ្ឋបណ្តាលឲ្យខូចខាតបន្តិចបន្តួច បន្ទាប់ពីកើតហេតុបុរសម្នាក់ទៀតជិះម៉ូតូម៉ាក PCX ជាអធិការរងនគរបាលខណ្ឌចំការមន បានទៅឃាត់រថយន្ត ហើយប្រើពាក្យសម្ដីមិនសមរម្យ រហូតដល់ប្រើអំពើហិង្សាវាយម្ចាស់រថយន្តខាងលើ ។ 
 
«ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ មន្ត្រីដែលអនុវត្តខុស ដោយបានប្រើអំពើហិង្សាលើប្រជាពលរដ្ឋ គឺត្រូវតែយកច្បាប់មកអនុវត្ត»។
 
 
តាមរូបភាពវីដេអូ ខណៈបុរសដែលបង្កគ្រោះថ្នាក់ចរាចរណ៍ កំពុងរៀបរាប់ពីដំណើររឿងដែលបានកើតឡើង ស្រាប់តែបុរសដែលត្រូវបានអះអាងជាអធិការរងខណ្ឌចំការមន បានវាយទៅលើមុខម្ចាស់រថយន្តនោះ បន្ទាប់មកការមានវាយត្រឡប់ទៅវិញជាច្រើនដៃផងដែរ។
 
 
ក្រោយមកអធិការរងខណ្ឌព្យាយាម បើកម៉ូតូចេញពីកន្លែងកើតហេតុ ប៉ុន្តែត្រូវបុរសម្ចាស់រថយន្តចាប់សោរម៉ូតូជាប់។ ការវាយលើកទីពីរ បានកើតឡើង ខណៈបុរសម្ចាស់រថយន្តឈរនិយាយ ដោយភ្លេចខ្លួន។ អធិការរងខណ្ឌដើរសសៀរទៅជិត ហើយដាល់មួយដៃយ៉ាងពេញទំហឹង បណ្តាលឱ្យបុរសដែលបង្កគ្រោះថ្នាក់ចរាចរណ៍ដួលទៅលើដីភ្លាមៗ៕

 

© រក្សាសិទ្ធិដោយ thmeythmey.com