កីឡាអន្តរជាតិ
អន្តរជាតិ
EPL៖ Man City និង Arsenal រកបាន៣ពិន្ទុនៅជំនួបបើកឆាក ឯ Chelsea-Liverpool ស្មើ
14, Aug 2023 , 11:19 am        
រូបភាព
ការប្រកួតលីគកីឡាបាល់ទាត់កំពូលអង់គ្លេស Premier League រដូវកាល ២០២៣-២៤ បានឆ្លងកាត់ការប្រកួតបើកឆាកចំនួន៩គូរួចហើយនៅសប្តាហ៍ដំបូង ដែលធ្វើឡើងពីថ្ងៃទី១១ ខែសីហា។ ម្ចាស់ការពារជើងឯក Manchester City និងក្រុមជើងឯករង Arsenal រកបានជ័យជម្នះរៀងខ្លួន ស្របពេល Chelsea, Liverpool និង Tottenham Hotspur ជាដើមរកបាន១ពិន្ទុម្នាក់។


ជំនួបបើកឆាកដំបូងគេនៅរដូវកាលថ្មី Man City បានយកឈ្នះ Burley ៣-០។ ម្ចាស់ស្បែកជើងមាស (Golden Boots) Erling Haaland រកបាន២គ្រាប់ម្នាក់ឯង និង១គ្រាប់ទៀតសម្រេចដោយ Rodri។ តាមរយៈការប្រកួតនេះ បានបង្ហាញភាពខ្លាំងរបស់មេឃខៀវដែលមានលោក Pep Guardiola ក្នុងការរក្សាតំណែងជើងឯករបស់ខ្លួន។
 
Arsenal ដែកទទួលបានត្រឹមខកចិត្តនៅរដូវកាលមុនក្នុងការក្លាយជាជើងឯកលីគកំពូលអង់គ្លេស ក៏រកបានជ័យជម្នះរបស់ខ្លួនផងដែរលើក្រុម Nottingham Forest ក្នុងលទ្ធផលប្រផិតប្រផើយ ២-១។ ២គ្រាប់របស់កាំភ្លើងធំ ធ្វើបានដោយ Eddie Nketiah និង Bukayo Saka ឯ១គ្រាប់របស់ Nottingham សម្រេចទីដោយ Taiwo Awoniyi។
 
តាមរយៈជំនួបដំបូងនេះ ក្រុមលោក Mikel Arteta បានបង្ហាញសមត្ថភាពគួរកត់សំគាល់ ជាមួយរបៀបលេងបែបវាយសម្រុកលើគូប្រជែង ដោយមានស្ថិតិគ្រប់គ្រងបាល់ដល់ទៅ ៨២ភាគរយ ទល់១២ ភាគរយ។
 
Newcastle United បានធ្វើឱ្យអ្នកគាំទ្រពួកគេរីករាយយ៉ាងខ្លាំង ក្រោយយកឈ្នះ Aston Villa លើសលុបក្នុងលទ្ធផល ៥-១។ តាមរយៈជ័យជម្នះនេះ ក្រុមរហស្សនាមសារិកាព្រៃ ដែលលេចធ្លោខ្លាំងតាំងពីរដូវកាលមុន និងបានកៅអី Champions League រដូវកាលនេះផង ឈរកំពូលតារាងលីគកំពូលអង់គ្លេសប្រចាំសប្តាហ៍ទី១បណ្តោះអាសន្ន។
 
ជំនួបខ្លាំងប៉ះខ្លាំងប្រចាំសប្តាហ៍ រវាង Chelsea ទល់ Liverpool បញ្ចប់ក្នុងលទ្ធផលស្មើគ្នា ១-១។ តោខៀវដែលដឹកនាំដោយអ្នកចាត់ការថ្មីលោក Mauricio Pochettino មិនមានភារកិច្ចក្នុងករប្រកួតក្របខណ្ឌអឺរ៉ុបទេ ដោយសាររដូវកាលមុនពួកគេបញ្ចប់ក្នុងចំណាត់ថ្នាក់ទី១២។
 
Spurs ដែលបាត់បង់ខ្សែប្រយុទ្ធឆ្នើមរបស់ខ្លួន Harry Kane ទៅកាន់ក្រុម Bayern Munich បញ្ចប់ជំនួបបើឆាករបស់ខ្លួនត្រឹមលទ្ធផលស្មើ ២-២​ ទល់ក្រុម Brentford។
ជំនួបដទៃទៀត AFC Bournemouth ស្មើ West Ham United ១-១, Brighton & Hove Albion ឈ្នះ Luton Town ៤-១, Fulham ឈ្នះ Everton ១-០ និង Crystal Palace ឈ្នះ Sheffield United ១-០។
 
ជំនួបសប្តាហ៍ដំបូងរវាង Manchester United ទល់ Wolverhamton Wanderers នឹងធ្វើនៅរាត្រីថ្ងៃទី១៤​ ខែសីហា វេលាម៉ោង ២ អាធ្រាត្រ៕
 
 

Tag:
 Premier League
© រក្សាសិទ្ធិដោយ thmeythmey.com