ជាតិ
សេដ្ឋកិច្ច
លោក លាង ម៉េង៖ ​មិន​អាចវិនិយោគ១០០លាន ហើយ​ខ្ចីបំណុលដល់ទៅ​៨០លានឡើយ
14, Aug 2023 , 1:59 pm        
រូបភាព
ដោយ: រួបរួម
លោក លាង ម៉េង ប្រធានអគ្គនាយកក្រុមហ៊ុនជីបម៉ុងគ្រុប បាន​ចែក​រំលែក​ទស្សនៈ និង​បទពិសោធ​ន៍​របស់ខ្លួន អំពី​ការ​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ នាវេទិកាធុរកិច្ច​ឆ្នាំ២០២៣ ដែល​រៀបចំដោយសមាគម​អ្នក​ឧកញ៉ាកម្ពុជា ក្រោមកិច្ចសហការជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅ​សណ្ឋាគារហ្គាឌិនស៊ីធីភ្នំពេញ កាលពី​ថ្ងៃទី​១១ ខែសីហា។




«ការវិនិយោគត្រូវមាន​ការ​វិភាគ​​លើ​ចរាចរសាច់ប្រាក់ (Cash flow) ត្រឹមត្រូវ មាន​ប្រតិបត្តិការ​ច្បាស់លាស់ (Gear) និងមិនចេះតែ​​វិនិយោគតាម​គ្នានោះឡើយ»។ ទាំងនេះ គឺជាគំនិត​មួយ​ចំនួន​របស់​លោក លាង ម៉េង រំលឹក​ដល់​អ្នក​វិនិយោគ និង​បណ្តាឧកញ៉ា ពាក់ព័ន្ធ​នឹង​វិស័យ​អចលនទ្រព្យ។
 
លោក លាង ម៉េង ដែលជាអ្នក​វិនិយោគធំមួយ​រូប​​ក្នុងវិស័យ​អចនទ្រព្យ បាន​ចែក​បញ្ហា​៣ចំណុច។ "អចលនទ្រព្យនៅ​ស្រុក​ខ្មែរយើង ម្នាក់​ៗនាំគ្នា​ធ្វើ​ច្រើនពេក [..]"។ នេះជាចំណុច​ទីមួយ​ដែល​លោក​មើលឃើញពី​ការនាំគ្នា​សម្រុក​វិនិយោគលើ​វិស័យ​អចលនទ្រព្យនៅ​កម្ពុជា។
 
ចំណុចទីពីរ លោក​និយាយពី​បញ្ហា​សាច់​ប្រាក់ (Cash flow) និងទីបីអ្នកជំនួញ​ដែលមាន​គោរមងារជាអ្នក​ឧកញ៉ារូបនេះ កត់សម្គាល់ពី​ការវិនិយោគ​តាមគ្នា ដោយសារឃើញឱកាស​ចំណេញ ប៉ុន្តែ​ស្របពេល​ដែល​សេដ្ឋកិច្ចពិភពលោក​មិន​មាន​ភាព​ប្រកដប្រជា។
 
ករណីមាន​ការតវ៉ា និង​ចោទប្រកាន់​អ្នក​វិនិយោគអចលនទ្រព្យមួយចំនួន​ថា​បាន​បោក​ប្រាស់​ពលរដ្ឋនោះ លោក លាង ម៉េង វាយតម្លៃ​ថា ជា​ការវិនិយោគដែលមិនមាន​​ Cash flow ត្រឹមត្រូវ និងមិនមាន​ការ​គិត​ច្បាស់​លាស់លើទុន​វិនិយោគ។
 
លោក​ថា បើ​និយោគទុន​១០០លាន ត្រូវមាន​បំណុល​ ឬ​ខ្ចីគេ​៣០លាន​បាន​ហើយ ដោយ​យើង​មិនអាច​វិនិយោគទុន​១០០លាន ហើយ​ខ្ចី​បំណុល​គេ​ដល់ទៅ​៨០លាននោះឡើយ។ «អាហ្នឹង​វាប៉ះពាល់ធំណាស់»។ នេះជាការ​ណែនាំ​​របស់​លោក លាង ម៉េង។
 
អគ្គនាយក​ក្រុមហ៊ុនជីបម៉ុងគ្រុប ថា លោក​មាន​គម្រោង​អចនទ្រព្យ​ចំនួន​៦ ហើយ​អះអាង​តែនៅ​តែលក់​ចេញបាន ដោយគ្រាន់តែចំនួន​ថយ​ជាងមុន ប៉ុន្តែអ្នកទិញ​របស់​លោកភាគច្រើន​គឺជាម្ចាស់ដែល​រស់នៅ​ទីនោះពិត​ប្រាកដ មិន​មែន​គ្រាន់តែទិញតាមគ្នា​ដើម្បី​ប្រាក់ចំណេញនោះឡើយ។
 
តើវិស័យអចលនទ្រព្យងើ​បឡើង​វិញនៅពេលណា? អ្នក​ឧកញ៉ា លាង ម៉េង ប្រមើល​ឃើញថា អាច​ចាប់ពី​ខែ​តុលា ឆ្នាំ​២០២៤​តទៅ។  លោកថា៖ «ចំពោះខ្ញុំ សម្រាប់ឆ្នាំ​ក្រោយ​យើងនៅ​រៀងពិបាក​បន្តិច ដោយសារខ្ញុំអ្នកកាន់ផ្ទាល់។ ឥលូវ យើងបានការបញ្ជាទិញ [Purchase Order] ពីមុន​មក...បន្តិចទៀត អស់ Purchase ចាប់ផ្តើមធ្លាក់បន្តិចហើយ»។
 
ដើម​ឆ្នាំ​២០២៤ ក៏នៅ​មិនទាន់ ប៉ុន្តែចាប់ពី​ខែតុលាទៅ នឹង​រើបឡើងវិញ ហើយ​លោក លាង ម៉េង ដាក់ក្តីរំពឹង​យ៉ាងខ្លាំងលើ​រដ្ឋាភិបាលថ្មីក្រោម​ការដឹកនាំរបស់​លោក ហ៊ុន ម៉ាណែត ក្នុងការ​ស្វែងរកយុទ្ធសាស្ត្រពង្រឹងវិស័យ​អចនទ្រព្យ។ ​«យើងជឿជាក់ថា គាត់ [រដ្ឋាភិបាល] បានយល់អាហ្នឹង​ច្បាស់ គាត់នឹងមាន​តិចនិចយុទ្ធសាស្ត្រ ដើម្បីធ្វើ​ឱ្យ ដូចឆ្នាំ​​២០១៨ លើ​​ការ​​វិនិយោគនៅ​ក្រុងព្រះសីហនុ»៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com