កីឡាជាតិ
ជាតិ
រកបាន២គ្រាប់ វឌ្ឍនាកា ថាខ្លួនទទួលឱកាសពីគ្រូបឹងកេតតែ៤៥នាទីប៉ុណ្ណោះ
14, Aug 2023 , 4:09 pm        
រូបភាព
រូបភាព៖-ក្លិបបឹងកេត
រូបភាព៖-ក្លិបបឹងកេត
ចាន់ វឌ្ឍនាកា រកបានពីរគ្រាប់ ជួយក្រុមបឹងកេត វាយបកឈ្នះអង្គរថាយហ្គឺរក្នុងលទ្ធផល ៤-១ ក្នុងការប្រកួតជ្រើសរើសជើងឯកខេមបូឌានព្រីមៀរលីគ (CPL) សប្តាហ៍ទី២ នៅថ្ងៃទី១៣ ខែសីហា។ រកបាន២គ្រាប់ក្នុងការបង្ហាញខ្លួនក្នុងជម្រើស១១នាក់ដំបូង ក្រោយអវត្តមានដោយសាររបួស វឌ្ឍនាកា ថាខ្លួនទទួលបានឱកាសពីគ្រូបង្វឹកតែ៤៥នាទីប៉ុណ្ណោះដើម្បីបង្ហាញសមត្ថភាព។



«ជាការពិតទៅគ្រូបានផ្ដល់ឱកាសអោយខ្ញុំត្រឹមតែ៤៥នាទីប៉ុណ្ណោះ អ្វីដែលខ្ញុំត្រូវធ្វើគឺបង្ហាញគាត់ឱ្យឃើញ វាជាឱកាសល្អសម្រាប់ខ្ញុំចាប់យក ឱកាសមិនចេះតែមានទេសម្រាប់មនុស្សយើង អរគុណគ្រប់គ្នាដែលតែងតែគាំទ្រនឹងជំរុញទឹកចិត្តខ្ញុំរហូតមក»។ វឌ្ឍនាកា សរសេរដូច្នេះ លើផេកហ្វេសប៊ុកផ្លូវការរបស់ខ្លួននៅល្ងាចថ្ងៃទី១៤ ខែសីហា ក្រោយបង្ហាញខ្លួន១១នាក់ដំបូងនៅរដូវកាលថ្មី និងក្នុងនាមជាប្រធានក្រុមបឹងកេត។
 

នាជំនួបលីគសប្តាហ៍ទី២ ក្នុងពហុកីឡដ្ឋានអូឡាំពិក វឌ្ឍនាកា ដែលធ្លាប់ជាម្ចាស់ស្បែកជើងមាសក្នុងនាមអ្នកស៊ុតចូលជាងគេក្នុងលីគកំពូលកម្ពុជា មានឱកាសជាប់ជាជម្រើស១១នាក់ដំបូងរបស់លោក Clement Teo គូ្របង្វឹកសញ្ជាតិសិង្ហបុរី ដែលមកដឹកនាំបឹងកេតកាលពីចុងរដូវកាលមុន។ ក្នុងជំនួបនោះ វឌ្ឍនាកា ពិតជាមិនបានធ្វើឱ្យគ្រូខ្លួនខកចិត្តឡើយ។
 
បន្ទាប់ពីការនាំមុខរបស់ក្រុមភ្ញៀវអង្គរថាយហ្គឺរដោយកីឡាករ Blasco Llorens Victor នៅនាទី២៩ វឌ្ឍនាកា បានប្រើបច្ចេកទេសរបស់ខ្លួនយ៉ាងល្អដើម្បីសម្រេចទីគ្រាប់តាមស្មើឱ្យបឹងកេតនៅចុងវគ្គទី១។ ចូលដល់វគ្គទី២ ក្រោយដំណើរការប្រកួត៩នាទី ខ្សែប្រយុទ្ធឆ្នើមអន្តរជាតិកម្ពុជារូបនេះ បន្ថែមគ្រាប់ទី២ តាមរយៈការបញ្ជូនដ៏ល្អពី ម៉ាត់ នូរុណ ជួយបឹងកេតនាំមុខអង្គរថាយហ្គឺរ ២-១។ ២គ្រាប់បន្តបន្ទាប់ទៀតរបស់បឹងកេត សម្រេចបានដោយកីឡាករជប៉ុន Yoshihama Ryohel នៅនាទី៦៦ និង ម៉ាត់ នូរុណ នៅនាទី៦៩។ ចប់ការប្រកួតបឹងកេត ឈ្នះអង្គរថាយហ្គឺរ ៤-១។
 
បើតាមការបង្ហោះរបស់ វឌ្ឍនាកា ទំនងជាគ្រូបង្វឹកលោក Teo ផ្តល់ឱកាសឱ្យខ្សែប្រយុទ្ធឆ្នើមកម្ពុជារូបនេះ តែ៤៥នាទីដំបូងនៃវគ្គទី១ប៉ុណ្ណោះ ដើម្បីស្ទង់សមត្ថភាពរបស់កូនក្រុម ក្រោយសះស្បើយពីរបូសដាច់សរសៃជង្គង់ខាងស្តាំកាលពីឆ្នាំ២០២២​ អំឡុងពេលបឹងកេត ប៉ះវិសាខា នៅជំនួប Pre-season Cup។
 
យ៉ាងណាក៏ដោយក្នុងជំនួបនោះ វឌ្ឍនាកា នៅតែបង្ហាញខ្លួននៅវគ្គទី២ រហូតដល់នាទី៧៧ទើប ត្រូវបានផ្លាស់ប្តូរចេញជំនួសដោយកីឡាករ អ៊ាវ សុវណ្ណារ៉ា។
 
ឆ្លងកាត់ការប្រកួត២លើក បឹងកេតរកបាន៣ពិន្ទុ ស្ថិតនៅចំណាត់ថ្នាក់ទី៤ បណ្តោះអាសន្ន ក្រោយចាញ់ក្រុមម្ចាស់ការពារជើងឯកភ្នំពេញក្រោននៅជំនួបបើកឆាក ២-១។ អង្គរថាយហ្គឺរចាញ់ទាំងពីរប្រកួតនៅបាតតារាង។
 
វិសាខា ឡើងទៅឈរកំពូលតារាង CPL ជំនួស ព្រះខ័នរាជស្វាយរៀងវិញ ក្រោយឈ្នះ ណាហ្គាវើលដ៍ ៤-១ មាន៦ពិន្ទុពេញ។ ព្រះខ័នរាជស្វាយ នៅលេខ២ ក៏មាន៦ពិន្ទុដែរ តាមរយៈការវាយបកយកឈ្នះភ្នំពេញក្រោន ២-១ នៅកីឡដ្ឋានខេត្តស្វាយរៀង។ ព្រៃវែង ឡើងទៅលេខ៣មាន៣ពិន្ទុ ក្រោយឈ្នះអាយ អេស អាយ ដង្កោសែនជ័យ ៥-០។ គិរីវង់សុខសែនជ័យ ស្មើ កងយោធពលខេមរភូមិន្ទ ១-១៕
 
 

Tag:
 CPL
  ចាន់ វឌ្ឍនាកា
© រក្សាសិទ្ធិដោយ thmeythmey.com