ជាតិ
អត្ថបទពាណិជ្ជកម្ម
គម្រោងអភិវឌ្ឍន៍វារីវប្បកម្មសម្រាប់និរន្តរភាពពាណិជ្ជកម្មនៅកម្ពុជា ចាប់ផ្តើមយុទ្ធនាការឌីជីថល ដើម្បីគាំទ្រ គុណភាពផលិតផលជលផល និងវារីវប្បកម្ម
15, Aug 2023 , 8:29 am        
រូបភាព
គម្រោងអភិវឌ្ឍន៍វារីវប្បកម្មសម្រាប់និរន្តរភាពពាណិជ្ជកម្មនៅកម្ពុជា (ហៅកាត់ថា ខាស់) ដែលផ្ដល់មូលនិធិដោយក្រសួងកសិកម្មសហរដ្ឋអាមេរិកកំពុងចាប់ផ្តើមយុទ្ធនាការឌីជីថលថ្មីមួយ ដើម្បីលើកកម្ពស់ការយល់ដឹងស្ដីពីសារៈសំខាន់នៃវិញ្ញាបនបត្របញ្ជាក់និមិត្តសញ្ញាគុណភាពផលិតផលជលផល ក្នុងគោលបំណងជួយគាំទ្រដល់សុវត្ថិភាពសុខភាពអ្នកបរិភោគត្រី និងផលិតផលវារីវប្បកម្មផ្សេងៗនៅកម្ពុជា។
 
យុទ្ធនាការនេះ​ សហការដោយគម្រោងខាស់ ដឹកនាំដោយ (អេ អេស អេ) សមាគមសណ្តែកសៀងអាមេរិកសម្រាប់កម្មវិធី សណ្តែកសៀងក្នុងសុខុមាលភាពមនុស្សលោក ជាមួយអង្គការទស្សនៈពិភពលោកអន្តរជាតិនៅកម្ពុជា។ រដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ របស់កម្ពុជា និងអង្គការអភិវឌ្ឍន៍ឧស្សាហកម្ម របស់អង្គការសហប្រជាជាតិក៏បានចូលរួមផ្សព្វផ្សាយយុទ្ធនានេះ លើប្រព័ន្ធផ្សព្វផ្សាយសង្គម រយៈពេល ១៤សប្តាហ៍ ដោយចាប់ផ្តើមពីថ្ងៃទី ០៣ ខែសីហា ឆ្នាំ ២០២៣ ផងដែរ។
 
គម្រោងខាស់ កម្ពុជា នឹងរៀបចំយុទ្ធនាការនេះ នៅលើទំព័រហ្វេសប៊ុករបស់ខ្លួន ដើម្បីលើកកម្ពស់ការយល់ដឹងស្ដីពីសារៈសំខាន់នៃវិញ្ញាបនបត្រ បញ្ជាក់និមិត្តសញ្ញាគុណភាពផលិតផលជលផលដើម្បីឲ្យអាជីវករ និងអ្នកផ្គត់ផ្គង់វារីវប្បកម្មផ្សេងទៀតអាចទទួលបានព័ត៌មានអំពីរបៀប ចូលរួមក្នុងកម្មវិធីនេះ ដោយអនុវត្តតាមក្បួនអនាម័យត្រឹមត្រូវ ស្របតាមស្តង់ដាជាតិ និងអន្តរជាតិ។ យុទ្ធនាការនេះនឹងជូនដំណឹងដល់អ្នកប្រើប្រាស់ អំពីរបៀប ដែលវិញ្ញាបនបត្របញ្ជាក់និមិត្តសញ្ញាគុណភាពផលិតផលជលផលផ្តល់ជាមធ្យោបាយក្នុងការទិញត្រី និង ចំណីអាហារ សុវត្ថិភាពត្រូវតាមស្តង់ដាជាតិ និងអន្តរជាតិផងដែរ។
 


យុទ្ធនាការឌីជីថលនេះក៏ទទួលបានការគាំទ្រដោយ លោក ហាស សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក ខូវ គួង អនុប្រធាននាយកដ្ឋានបច្ចេកទេសកែច្នៃ និងគុណភាពនៃរដ្ឋបាលជលផលកម្ពុជា។
 
នាយកដ្ឋានបច្ចេកវិទ្យាកែច្នៃនិងគុណភាព លោក ឈួន ចំណាន មានប្រសាសន៍ថា “តាមរយៈការគាំទ្រផ្នែកបច្ចេកទេសពីគម្រោង EU CAPFish-Capture (ស៊ី ខ្យូ អេស) បានរចនាឡើងដើម្បីជំរុញឲ្យមានការអនុវត្ត និងការផលិតល្អក្នុងការធានានូវសុវត្ថិភាព ចំណីអាហារល្អ និងការត្រួតពិនិត្យអនាម័យដោយប្រតិបត្តិករជលផល ដើម្បីជំរុញឲ្យបាននូវម្ហូបអាហារ ដែលមានសុវត្ថិភាព ស្របតាមបទប្បញ្ញត្តិជាតិ និងអន្តរជាតិ ព្រមទាំងបន្ថែមគុណតម្លៃលើត្រី និងផលិតផលជលផលកម្ពុជាផងដែរ។ ប្រព័ន្ធវិញ្ញាបនបត្របញ្ជាក់និមិត្តសញ្ញា (ស៊ី ខ្យូ អេស) ដើរតួយ៉ាងសំខាន់ៗក្នុងខ្សែសង្វាក់ជលផល ដែលផ្តល់នូវតម្លាភាព ភាពជឿជាក់ សុចរិតភាព និងយុត្តិធម៌ ក្នុងពាណិជ្ជកម្មជលផល ឆ្ពោះទៅរកការកសាងទំនុកចិត្តរបស់អ្នកប្រើប្រាស់ ការគាំពារសុខភាពសាធារណៈ និងកំណើនលទ្ធភាពទីផ្សារ និងការនាំចេញ។”
 


កម្មវិធីនិមិត្តសញ្ញាគុណភាពផលិតផលជលផលកម្ពុជា (ស៊ី ខ្យូ អេស) តម្រូវឱ្យភាគីពាក់ព័ន្ធ និងវិស័យវារីប្បកម្មទាំងអស់អនុលោម តាមស្ដង់ដាអនាម័យ ក៏ដូចជាប្រើជាមធ្យោបាយសម្រាប់ការបញ្ជាក់គុណភាព និងសុវត្ថិភាពនៃផលិតផលវារីវប្បកម្មនៅក្នុងខ្សែសង្វាក់ ផ្គត់ផ្គង់ ដែលចាប់ពីការផលិតធាតុដើម រហូតដល់ការកែច្នៃ ការចែកចាយ និងការលក់ដល់អ្នកប្រើប្រាស់។ 
 
លោក ចំណាន បន្ដថា “ឧបករណ៍ និងឯកសារគាំទ្រ (ស៊ី ខ្យូ អេស) ត្រូវបានបង្កើតឡើងក្នុងដំណើរវិភាគយ៉ាងគ្រប់ជ្រុងជ្រោយ និង ប្រកបដោយតម្លាភាព ដោយរួមបញ្ចូលទាំងមតិសាធារណៈ ការវាយតម្លៃពីអ្នកប្រើប្រាស់ និងការពិគ្រោះយោបល់ពីភាគីពាក់ព័ន្ធផ្សេងៗ។”
 
“ដើម្បីរក្សាបាននូវភាពជឿជាក់ និងសុចរិតភាពនៃប្រព័ន្ធវិញ្ញាបនបត្រ (ស៊ី ខ្យូ អេស) មានតែសវនករ ដែលមានជំនាញប៉ុណ្ណោះ ដោយត្រូវបានជ្រើសរើសមកធ្វើសវនកម្មលើគម្រោងនេះ ក្នុងនោះសវនករចំនួន ១៤នាក់ បានសវនកម្មលើគម្រោងនេះក្នុងពេល បច្ចុប្បន្ន ហើយគម្រោងក៏ត្រៀមខ្លួនរួចរាល់សម្រាប់ចេញជាសេវាកម្មផងដែរ”។ នេះបើតាមលោក ឈួន ចំណាន លើកឡើងបន្ថែម។
 


លោក Shetty Thombathu ទីប្រឹក្សាបច្ចេកទេស UNIDO សម្រាប់គម្រោង CAPFish-Capture ក៏សង្កត់ធ្ងន់លើ សារៈសំខាន់នៃគំនិតផ្តួចផ្តើមនេះថា  “ការមានប្រព័ន្ធវិញ្ញាបនបត្របញ្ជាក់និមិត្តសញ្ញានៅនឹងកន្លែងមិនគ្រប់គ្រាន់ទេ ព្រោះរឿងនេះចាំបាច់ ត្រូវចូលរួមអនុវត្តពីវិស័យឯកជនផងដែរ។ គម្រោង CAPFish-Capture ក៏បានផ្តល់ការគាំទ្រផ្នែកបច្ចេកទេស និងឧបករណ៍ ដល់សហគ្រាសកែច្នៃត្រី ចំនួន២៨ ដើម្បីធ្វើឲ្យប្រសើរឡើងនូវប្រតិបត្តិការ និងការអនុវត្តសុវត្ថិភាពចំណីអាហាររបស់ពួកគេ ស្របតាមតម្រូវការ (ស៊ី ខ្យូ អេស) ហើយបច្ចុប្បន្នរដ្ឋបាលជលផល ក៏កំពុងធ្វើសវនកម្មលើសហគ្រាសទាំងនោះផងដែរ។ ការបង្កើតប្រព័ន្ធសុវត្ថិភាព ចំណីអាហារដែលមានរចនាសម្ព័ន្ធ និងដំណើរការល្អនឹងធានាឲ្យប្រជាជនកម្ពុជាទទួលបានអាហារដែលមានសុវត្ថិភាព និងសុខភាពល្អ ក៏ដូចជារួមបញ្ចូលសហគ្រាសនេសាទ ធុនតូច និងមធ្យម ទៅក្នុងខ្សែសង្វាក់តម្លៃក្នុងតំបន់ និងពិភពលោកផងដែរ។”
 
ប្រធានគម្រោង ខាស់ លោក Jim Hershey មានប្រសាសន៍ថា “អ្នកដឹកនាំឧស្សាហកម្មវារីវប្បកម្មកម្ពុជា រីករាយនឹងផ្តល់ត្រីចិញ្ចឹមកម្ពុជា ដែលមានការទទួលស្គាល់ពីសុវត្ថិភាព និងសុខភាពល្អទៅកាន់អ្នកបរិភោគកម្ពុជា។ ហើយ គម្រោង ខាស់ នៅតែជំរុញគាំទ្រការបណ្តុះ បណ្តាលសុវត្ថិភាពចំណីអាហារ និងវគ្គសិក្សាច្រើនទៀត និងពិតជារំភើបដែលឃើញ សមាគមវារីវប្បកម្មកម្ពុជាមានតួនាទីជាអ្នកដឹក នាំក្នុងសកម្មភាពនេះ។” 
  


ទំនាក់ទំងប្រព័ន្ធផ្សព្វផ្សាយ 
លោកស្រី ពេជ្រ គីមធា | គម្រោងអភិវឌ្ឍន៍វារីវប្បកម្មសម្រាប់និរន្តរភាពពាណិជ្ជកម្មនៅកម្ពុជា 
អ៊ីម៉ែល : [email protected]
លេខទូរស័ព្ទ: (+855) 10 531 160
 
អំពីគម្រោងខាស់៖
គម្រោង ខាស់ ជាគម្រោងរបស់ក្រសួងកសិកម្មសហរដ្ឋអាមេរិក ដែលផ្ដល់ជំនួយដើម្បីជំរុញផលិតកម្មត្រី ឲ្យស្របនឹងតម្រូវការ ទីផ្សារ និងជួយអភិវឌ្ឍន៍ឧស្សាហកម្មវារីវប្បកម្មនិងលើកកម្ពស់ផលិតផលត្រីចិញ្ចឹមនៅក្នុងប្រទេសកម្ពុជាផងដែរ។ គម្រោង ខាស់ ក៏ជួយពង្រឹង ការផលិតចំណី និងផលិតផលត្រី ក៏ដូចជាជួយបង្កើតប្រព័ន្ធទីផ្សារ ដែលរកអាចប្រាក់ចំណេញសម្រាប់ ផលិតផលវារីវប្បកម្មនៅកម្ពុជា។ 
 
សម្រាប់ព័ត៌មានបន្ថែម សូមទៅចូលទៅកាន់គេហទំព័រហ្វេសប៊ុកផ្លូវការរបស់ CAST ៖
 
អំពីអង្គការទស្សនៈពិភពលោកអន្តរជាតិប្រចាំកម្ពុជា៖
អង្គការទស្សនៈពិភពលោកអន្តរជាតិប្រចាំកម្ពុជា (WVC) គឺជាអង្គការគ្រិស្ទបរិស័ទដែលផ្ដោតសំខាន់លើការជួយកុមារ និងគ្រួសារ​ ទន់ខ្សោយ។ អង្គការទស្សនៈពិភពលោកអន្តរជាតិប្រចាំកម្ពុជា ក៏ធ្វើការជាមួយសហគមន៍ងាយរងគ្រោះទូទាំងប្រទេសដើម្បីប្រយុទ្ធប្រឆាំង នឹងភាពក្រីក្រ និងភាពអយុត្តិធម៌ដែលកើតក្នុងសង្គម ដោយមិនរើសអើងពីសាសនា ពូជសាសន៍ ភេទ ឬទម្រង់នៃការរើសអើងផ្សេងឡើយ។ 
 
សម្រាប់ព័ត៌មានបន្ថែម សូមទៅចូលទៅកាន់គេហទំព័រហ្វេសប៊ុកផ្លូវការរបស់ World Vision Cambodia៖
 
(អត្ថបទពាណិជកម្ម)


 

© រក្សាសិទ្ធិដោយ thmeythmey.com