កីឡាអន្តរជាតិ
អន្តរជាតិ
Caicedo បដិសេធ Liverpool ទៅចូលរួម Chelsea ក្នុងតម្លៃ ១៤៥លានដុល្លារ
15, Aug 2023 , 11:39 am        
រូបភាព
Chelsea ទិញបានខ្សែបម្រើ Moises Caicedo ពី Brighton & Hove Albion ក្នុងតម្លៃបំបែកកំណត់ត្រានៅអង់គ្លេស ១១៥លានផោន (១៤៥លានដុល្លារ)។ មុនសម្រេចទៅចូលរួមជាមួយតោខៀវ Caicedo បានបដិសេដសំណើពី Liverpool ដែលយល់ព្រមតម្លៃផ្ទេរ ១៤០លានដុល្លារ។



កាលពីចុងសប្តាហ៍មុន Liverpool បានយល់ព្រមលើកិច្ចព្រមព្រៀងតម្លៃ ១៤០ លានដុល្លារទៅឱ្យ Brighton សម្រាប់ខ្សែបម្រើអន្តរជាតិអេក្វាទ័រ វ័យ ២១ឆ្នាំ។ ប៉ុន្តែក្លិបដែល Caicedo ពេញចិត្តគឺ Chelsea ហើយទីបំផុតក្រុមតោខៀវ ឈ្នះការដេញថ្លៃរហូតឈានដល់កិច្ចព្រមព្រៀងផ្ទេរដោយជោគជ័យ។
 
«ខ្ញុំមិនចាំបាច់គិតដល់ទៅពីរដងនោះទេ នៅពេលដែល Chelsea ហៅខ្ញុំទៅ ខ្ញុំនឹងទៅចូលរួមជាមួយក្លិបមួយនេះ»។ នេះជាការអះអាងរបស់ Caicedo មុនបន្ថែមថានេះជាក្តីសុបិនក្លាយជាការពិតរបស់រូបគេ។
 
Caicedo ដែលបានចូលរួមជាមួយ Brighton ក្នុងតម្លៃ ៥លានដុល្លារ ពីក្រុម Independiente del Valle នៃលីគកំពូលអេក្វាទ័រ កាលពីឆ្នាំ ២០២១ បានយល់ព្រមលើកិច្ចសន្យារយៈពេល ៨ ឆ្នាំនៅ Stamford Bridge ហើយ Chelsea មានជម្រើសបន្ថែមមួយឆ្នាំទៀត។
 
ការបង់ប្រាក់ផ្ទេរកីឡាករ Caicedo ធ្វើឡើងពីរដំណាក់កាលទី១ ក្រុមដែលដឹកនាំដោយអ្នកចាត់ការទូទៅលោក Mauricio Pochettino ត្រូវបង់១២៦លានដុល្លារ  ឯ ១៩លានដុល្លារទៀតសម្រាប់​ ត្រូវពឹងផ្អែកលើការបង្ហាញខ្លួនរបស់ Caicedo។ 
 
ប្រសិនបើ Chelsea បង់ថ្លៃពេញ ១៤៥លានមែន វាមានន័យថាក្លិបតោខៀវបំបែកកំណត់ត្រាទិញកីឡាករថ្លៃនៅអង់គ្លេសពីរដងក្នុងឆ្នាំ ២០២៣ បន្ទាប់ពីទិញខ្សែបម្រើអាហ្សង់ទីន Enzo Fernandez តម្លៃ១៣៥លានដុល្លារ កាលពីខែមករា៕
 

Tag:
 Moises Caicedo
© រក្សាសិទ្ធិដោយ thmeythmey.com