កីឡាជាតិ
ជាតិ
លោក ហ៊ុន ម៉ាណែត ស្វាគមន៍ស្តេចប្រដាល់មីយ៉ាន់ម៉ា Leduc មកប្រកួតគុនខ្មែរនៅកម្ពុជា
15, Aug 2023 , 2:09 pm        
រូបភាព
ស្តេចប្រដាល់មីយ៉ាន់់ម៉ា Dave Leduc បានផ្ញើសារសាទរលោកហ៊ុន ម៉ាណែត ដែលនឹងទទួលតំណែងជានាយករដ្ឋមន្ត្រីថ្មីរបស់កម្ពុជា។ Leduc សង្ឃឹមបានចាប់ដៃលោកម៉ាណែត នៅពេលរូបគេមកប្រកួតគុនខ្មែរនៅទឹកដីកម្ពុជា ទល់កីឡាករព្រំ សំណាង។ តបទៅ Leduc លោក ហ៊ុន ម៉ាណែត ទំនងជាយល់ព្រមតាមការស្នើរបស់ស្តេចប្រដាល់មីយ៉ាន់ម៉ា។



កីឡាករ ព្រំ សំណាង ម្ចាស់មេដាយមាសគុនខ្មែរកីឡាស៊ីហ្គេមលើកទី៣២ យល់ព្រមសាកថ្វីដៃជាមួយ Dave Leduc ស្តេចប្រដាល់គុន Leth Wei របស់មីយ៉ាន់ម៉ា នៅក្នុងខែតុលា ឆ្នាំ២០២៣។ 
 
បើទោះមិនទាន់កំណត់ថ្ងៃប្រកួតច្បាស់នៅឡើយ ប៉ុន្តែ Leduc ជឿជាក់ថា ជំនួបរវាងខ្លួន និង ព្រំ សំណាង នឹងកើតឡើងនៅលើទឹកដីកម្ពុជា ក្នុងការប្រកួតបែបគុនខ្មែរ។ តាមរយៈការបង្ហោះរបស់ខ្លួនលើបណ្តាញសង្គមហ្វេសប៊ុក កីឡាករដើមកំណើតកាណាដារូបនេះ ថែមទាំងឆ្លៀតយកឱកាសដែលខ្លួនមកកាន់កម្ពុជា ដើម្បីបានជួបចាប់ដៃជាមួយលោកហ៊ុន ម៉ាណែត ថែមទៀតផង។
 
«ខ្ញុំ​សូម​អបអរសាទរ​ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត សម្រាប់​តំណែង​ជា​នាយករដ្ឋមន្ត្រី​ថ្មី​នៃ​ប្រទេស​កម្ពុជា»។ នេះជាសំណេរលើហ្វេសប៊ុករបស់ Leduc នៅថ្ងៃទី១៤ ខែសីហា ក្រោយរូបគេបានដឹងពីដំណឹងនៃការផ្លាស់ប្តូរក្បាលម៉ាស៊ីនដឹកនាំថ្មីរបស់រដ្ឋាភិបាលកម្ពុជា។ ក្នុងសំណេរដដែលនោះ អ្នកប្រដាល់វ័យ៣១ឆ្នាំ សង្ឃឹមថាលោកម៉ាណែត នឹងតបតាមការស្នើរបស់ខ្លួន ទៅធ្វើជាភ្ញៀវកិត្តិយស ក្នុងការប្រកួតរវាងខ្លួនទល់នឹង ព្រំ សំណាង ផងដែរ។
 

«តើឯកឧត្ដមចូលចិត្តសិល្បៈក្បាច់គុនឬទេ ? ប្រសិនបើចូលចិត្ត នោះពិតជាមហាកិត្តិយសសម្រាប់ខ្ញុំ សម្រាប់គូប្រជែងរបស់ខ្ញុំ និងប្រជាជនកម្ពុជាទាំងអស់ ប្រសិនបើឯកឧត្ដមមានវត្តមានអញ្ជើញចូលរួមជាភ្ញៀវមហាកិត្តិយសនៅទីក្រុងភ្នំពេញ»។ នេះជាសំណេររបស់ Leduc។
 
Leduc ដែលយកជំនួបទល់ ព្រំ សំណាង ជាការប្រកួតចុងក្រោយក្នុងអាជីពប្រដាល់ អះអាងថា ខ្លួនពិតជាដឹងច្បាស់ពីប្រវត្តិសាស្ត្រពិតរបស់គុនខ្មែរ ដែលជាហេតុធ្វើឱ្យរូបគេសម្រេចប្រកួតក្នុងលក្ខខណ្ឌគុនខ្មែរ។
 
«ទោះ​បីជាខ្ញុំជាជនជាតិ​បរទេស​ក៏ដោយ ក៏​ខ្ញុំ​ស្រឡាញ់​និង​គោរព​កម្ពុជា​ដែរ ហេតុ​នេះ​ហើយ​ បាន​ជា​ខ្ញុំ​ព្រម​ប្រកួត​ក្រោម​គុន​ខ្មែរ​បុរាណ ព្រោះ​ខ្ញុំ​ដឹង​ពីប្រវត្តិ​សាស្ត្រពិត… ខ្ញុំ​ចង់​ចាប់​ដៃ​​ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត។ សង្ឃឹមថា ឯកឧត្ដមអាចពិចារណាតាមការអញ្ជើញរបស់ខ្ញុំ ???? សូមទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់ពីខ្ញុំ»។ នេះជាការបញ្ជាក់របស់ Leduc ដែលទទួលបានរហស្សនាម ជាស្តេចប្រដាល់គុន Leth Wei របស់មីយ៉ាន់ម៉ា។ Leduc ទទួលបានរហស្សនាមនេះ ក្រោយផ្តួលកីឡាករខ្លាំងៗរបស់មីយ៉ាន់ម៉ា ដូចជា Too Too និង un Tun Min ជាដើម។
 
តបទៅ Dave Leduc វិញ លោក ហ៊ុន ម៉ាណែត តាមរយៈការបង្ហោះលើហ្វេសប៊ុកផ្លូវការបស់ខ្លួន នៅថ្ងៃទី១៥ ខែសីហា ទំនងជាយលព្រមសម្រាប់ការស្នើធ្វើជាភ្ញៀវកិត្តិយសក្នុងប្រកួតគុនខ្មែររវាង Leduc និងព្រំ សំណាង។
 
លើហ្វេសប៊ុកនោះ លោកម៉ាណែត ដែលគ្រោងទទួលតំណែងជានាយករដ្ឋមន្ត្រីកម្ពុជាពីឪពុក សម្តេច ហ៊ុន សែន ឆាប់ៗនេះ សរសេរថា៖«សួស្ដីលោក Dave Leduc ! សូមអរគុណលោកចំពោះទឹកចិត្តស្រឡាញ់ប្រទេសកម្ពុជា និងក្បាច់គុនបុរាណខ្មែរ (គុនខ្មែរ)។ សូមជូនពរលោកទទួលបានជោគជ័យ។ រង់ចាំជួបគ្នានាចុងឆ្នាំនេះ ពេលដែលលោកមកកាន់ប្រទេសកម្ពុជា»៕
 

Tag:
 ហ៊ុន ម៉ាណែត
  Dave Leduc
  ព្រំ សំណាង
  គុនខ្មែរ
© រក្សាសិទ្ធិដោយ thmeythmey.com