កីឡាអន្តរជាតិ
អន្តរជាតិ
Messi ជួយ Inter Miami ឡើងវគ្គផ្តាច់ព្រ័ត្រ League Cup លើកដំបូង
16, Aug 2023 , 10:10 am        
រូបភាព
Inter Miami កក់កៅអីទៅកាន់វគ្គផ្តាច់ព្រ័ត្រ Leagues Cup លើកដំបូងក្រោយឈ្នះ Philadephia Union ៤-១ នាជំនួបវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅព្រឹកថ្ងៃទី១៦ ខែសីហា។ Lionel Messi រួមចំណែកយ៉ាងសំខាន់ក្នុងជ័យជម្នះនេះ ជាមួយការរកគ្រាប់ទី៩ ក្នុងការបង្ហាញខ្លួន៦លើកឱ្យក្រុមអាម៉េរិក។



នាជំនួបវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅកីឡដ្ឋាន Subaru Park ក្រុមភ្ញៀវ Inter Miami បានបង្ហាញភាពលេចធ្លោដោយគ្របសង្កត់លើគូប្រជែង Philadephia Union តាំងពីដើមវគ្គដំបូងរហូតសម្រេចគ្រាប់ទី១ នៅនាទីទី៣ ដោយ Josef Martínez។ Messi បន្ថែមគ្រាប់ទី២ តាមរយៈការស៊ុតពីចម្ងាយយ៉ាងល្អ នៅនាទីទី២០ មុនពេល Jordi Alba រកបានគ្រាប់ទី៣ នៅចុងវគ្គទី១។
 
ចូលដល់វគ្គទី២ នាទី៧៣ Alejandro Bedoya រកបាន១គ្រាប់ឱ្យ Philadephia Union វិញ មុនពេល David Ochoa បន្ថែមគ្រាប់ទី៤ឱ្យ Inter Miami នៅ១១នាទីបន្ទាប់។ ចប់ការប្រកួត Inter Miami ឈ្នះ Philadephia Union ៤-១។
  


តាមរយៈជ័យជម្នះនេះ បានជួយ Inter Miami ឈានទៅវគ្គផ្តាច់ព្រ័ត្រ Leagues Cup ពានរង្វាន់លំដាប់កំពូលតំបន់ CONCACAF ជាលើកដំបូង។ ដោយមានវត្តមានកីឡាករឆ្នើមដូចជា ប្រធានក្រុមអាហ្សង់ទីន Messi ខ្សែបម្រើអេស្ប៉ាញ Sergio Busquets និងខ្សែការពារ Jordi Alba ជាដើម បានធ្វើឱ្យ Inter Miami ដែលមាន David Beckham ជាសហម្ចាស់ភាគហ៊ុន មានភាគរយខ្ពស់ ដើម្បីគ្រងជើងឯក Leagues Cup ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ។
 
ភាពលេចធ្លោរបស់ Inter Miami កើតមានឡើងចាប់តាំងពីវត្តមានរបស់ Messi បើទោះសព្វថ្ងៃរូបគេ ឈានដល់វ័យ៣៦ឆ្នាំទៅហើយ។ បង្ហាញខ្លួន៦ប្រកួត ឱ្យក្រុមលីគកំពូលអាម៉េរិកនេះ អតីតសមាជិក Barcelona និង PSG រកបានគ្រាប់បាល់ពីគ្រប់ការប្រកួត សរុបចំនួន៩គ្រាប់។ ៦ប្រកួតចុងក្រោយ ដោយមានវត្តមាន Messi ក្រុម Inter Miami មិនដែលស្គាល់ពាក្យចាញ់ឡើយ ពោលគឺឈ្នះគ្រប់ប្រកួត។
 
Inter Miami ត្រូវជួបក្រុម  Nashville SC នៅវគ្គផ្តាច់ព្រ័ត្រ Leagues Cup នៅថ្ងៃទី១៩ ខែសីហា។ Nashville SC បានយកឈ្នះ Monterrey ២-០ ក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅព្រឹកថ្ងៃទី១៦ ខែសីហា៕
 
 

Tag:
 Inter Miami
  Leagues Cup
© រក្សាសិទ្ធិដោយ thmeythmey.com