កីឡាជាតិ
ជាតិ
AFF U23៖ អវត្តមានកីឡាករសំខាន់ តែ Felix រីករាយឱ្យកីឡាករជំនាន់ថ្មីបង្ហាញសមត្ថភាព
16, Aug 2023 , 3:59 pm        
រូបភាព
លោក Felix G.Dalmas (រាប់ពីស្តាំទី២) និងគ្រូបង្វឹកថៃ ព្រុយណេ និងមីយ៉ាន់ម៉ា។ រូបភាព៖ FFC
លោក Felix G.Dalmas (រាប់ពីស្តាំទី២) និងគ្រូបង្វឹកថៃ ព្រុយណេ និងមីយ៉ាន់ម៉ា។ រូបភាព៖ FFC
លោក Felix G.Dalmas​ នឹងដឹកនាំក្រុមជម្រើសជាតិអាយុក្រោម២៣ឆ្នាំកម្ពុជា ប្រកួតបើកឆាកទល់ព្រុយណេក្នុងពូល A ពានរង្វាន់ជើងឯកអាស៊ីអាគ្នេយ៍ AFF U23 នៅថ្ងៃទី១៧ ខែសីហា នាកីឡដ្ឋាន Rayong ប្រទេសថៃ។ ទោះបង្ហាញពីការលំបាកដោយសារអវត្តមានកីឡាករសំខាន់មួយចំនួនដូចជាសៀង ចន្ធា ជាដើម ប៉ុន្តែលោក Felix រីករាយឱ្យកីឡាករជំនាន់ថ្មីបញ្ចេញសមត្ថភាព។



«យើងមានការលំបាកបន្តិចដែរ សម្រាប់ការប្រមូលផ្តុំកីឡាករ ព្រោះ AFF U23 មិនស្ថិតក្នុង FIFA Day ទើបកីឡាករសំខាន់មួយចំនួនត្រូវអវត្តមាន ប៉ុន្តែពួកយើងទទួលបានកីឡករថ្មីច្រើន យើងរីករាយឱ្យកីឡាករជំនាន់ថ្មីបង្ហាញសមត្ថភាព»។ លោក Felix អះអាងដូច្នេះ ក្នុងសន្និសីទសារព័ត៌មានពូល A មុនការប្រកួតពានរង្វាន់ AFF U23 ​នៅថ្ងៃទី១៦ ខែសីហា។
 
នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដើម្បីត្រៀមចេញទៅទឹកដីថៃនៅថ្ងៃទី១៥​​​ សីហា លោក Felix បានប្រាប់អ្នកសារព័ត៌មានថា ខ្លួនបានជ្រើសកីឡាករល្អសម្រាប់ការប្រកួតក្នុងតំបន់នេះ ហើយសង្ឃឹមថាពួកគេនឹងអាចទទួលបានលទ្ធផលល្អផងដែរ។
 
ក្នុងពូល A មាន៤ក្រុមលើសពូលផ្សេង ដូចជាម្ចាស់ផ្ទះថៃ កម្ពុជា ព្រុយណេ និងមីយ៉ាន់ម៉ា។ ជំនួបដំបូងក្នុងព្រឹត្តិការណ៍ AFF U23 ធ្វើឡើងរវាង កម្ពុជា ទល់ ព្រុយណេ នៅវេលាម៉ោង៤រសៀល ថ្ងៃទី១៧ សីហា មុនពេលម្ចាស់ថៃ ស្វាគមន៍មីយ៉ាន់ម៉ា នៅម៉ោង៨យប់។
 
គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីន ដែលឡើងជំនួសលោក Keisuke Honda ក្នុងនាមជាអ្នកដឹកនាំក្រុមកម្ពុជាទាំងឈុតធំ និងយុវជន បានលើកសរសើរក្រុមម្ចាស់ផ្ទះថៃ ដែបានរៀបចំទទួលភ្ញៀវបានល្អទាំងការហូបចុក និងកន្លែងស្នាក់នៅផងដែរ។
 
ទៅដល់ប្រទេសថៃ លោក Felix បានបង្ហាញពីការត្រៀមខ្លួនបានល្អសម្រាប់ក្រុម U23 ដែលលោកហៅថាជាក្រុមជំនាន់ថ្មី ក្នុងការប្រកួតពានរង្វាន់កម្រិតកំពូលក្នុងតំបន់ដំបូង ក្រោមការដឹកនាំរបស់ខ្លួន។
 
ពូល B មានទីម័រខាងកើត ម៉ាឡេស៊ី និងឥណ្ឌូណេស៊ី ខណៈពូល C មាន ម្ចាស់ការពារជើងឯកវៀតណាម ហ្វីលីពីន និងឡាវ។ ក្រុមលេខ១នៃពូលនីមួយៗ រួមជាមួយក្រុម​លេខ២ល្អជាងគេ នឹងឈាន​ទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ ព្រឹត្តិការណ៍នេះ នឹងចាប់ផ្តើមការប្រកួតពីថ្ងៃទី១៧ និងបញ្ចប់វិញនៅថ្ងៃទី២៦ ខែសីហា។
 
ជំនួបបន្តបន្ទាប់ក្នុងពូល A U23 កម្ពុជា ត្រូវប៉ះមីយ៉ាន់ម៉ានៅថ្ងៃទី១៩ ខែសីហា នៅវេលាម៉ោង៤រសៀល មុនបន្តជួបម្ចាស់ផ្ទះថៃ សម្រាប់ជំនួបចុងក្រោយនៅថ្ងៃទី២១ ខែសីហា វេលាម៉ោង ៨យប់៕
 

Tag:
 AFF U23
  Felix G.Dalmas
© រក្សាសិទ្ធិដោយ thmeythmey.com