កីឡាអន្តរជាតិ
អន្តរជាតិ
ទីបំផុត Maguire សម្រេចមិនចេញពី Man Utd ហើយសន្យាដណ្តើមជម្រើសដំបូងមកវិញ
17, Aug 2023 , 10:49 am        
រូបភាព
ការផ្លាស់ប្តូររបស់ Harry Maguire ទៅកាន់ West Ham United ត្រូវបានបិទបញ្ចប់ ស្របពេលចេតនារបស់ខ្សែការពារអង់គ្លេសរូបនេះ បន្តស្នាក់នៅ Manchester United ដោយដាក់គោលដៅប្រជែងយកតំណែងជម្រើសដំបូងរបស់ខ្លួនមកវិញ។



ខ្សែការពារអន្តរជាតិអង់គ្លេសវ័យ ៣០ឆ្នាំ ដំបូងឡើយ បានត្រូវរូវគ្នាក្នុងលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយ West Ham បន្ទាប់ពីតម្លៃ៣៨លានដុល្លារត្រូវបានព្រមព្រៀងគ្នារវាងក្លិប និងក្លិប។ បំណងចង់ចាកចេញពី Old Trafford របស់ Maguire បន្ទាប់ពីរូបគេបានតស៊ូសម្រាប់ឱកាសក្នុងក្រុមដំបូងកាលពីរដូវកាលមុន ប៉ុន្តែនៅតែធ្វើមិនបានល្អ ហើយត្រូវបានដកចេញពីតំណែងប្រធានក្រុមនៅរដូវកាលនេះថែមទៀត។
 
ស្របពេល Man Utd និង West Ham ស្ថិតនៅការចរចាលើការផ្ទេរ Maguire អ្នកចាត់ការទូទៅលោក Erik ten Hag បានផ្តល់ដំបូន្មានឱ្យកូនក្រុមរបស់ខ្លួនរូបនេះពីរជម្រើស។ អ្នកចាត់ការបិសាចក្រហមឱ្យយោបល់ទៅ Maguire ថាគួរប្រឹងប្រជែងតំណែង១១ដំបូងនៅ Man Utd ឬក៏ចាកចេញ។ ការផ្តល់យោបល់នេះ ដោយសារ Man Utd ចង់រក្សាទុកខ្សែការពារថ្លៃជាងគេនៅអង់គ្លេសរូបនេះនៅក្នុងក្រុមបន្តទៀត។
 
តាមរយៈការផ្សាយរបស់កាសែត BBC នៅថ្ងៃទី១៦ ខែសីហា ប្រភពជិតស្និទ្ធនឹង Maguire បាននិយាយថាខ្សែការពាររូបនេះចង់បន្តស្នាក់នៅជាមួយបិសាចក្រហម ដោយជឿជាក់នឹងដណ្តើមយកតំណែង១១នាក់មកវិញ។
 
ប្រភពដដែលនៅបន្តថា Maguire គោរពក្លិប West Ham និងអ្នកចាត់ការ David Moyes ប៉ុន្តែខ្សែការពារអង់គ្លេសបដិសេធមិនដែលមានកិច្ចព្រមព្រៀងណាមួយ"លើលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយក្លិបរហស្សនាមញញ៉ួឡើយ។
 
ប្រកួតដំបូងក្នុងលីគកំពូល Premier League របស់អង់គ្លេស Maguire នៅតែស្ថិត​ក្នុង​កៅអី​បម្រុង​ដដែល ខណៈ Man Utd ​ឈ្នះ Wolves ១-០។ ជំនួបនោះ អ្នក​ចាត់​ការ Erik ten Hag បាន​ផ្លាស់ប្តូរ​កីឡាករ​បម្រុង​ចំនួន៥នាក់ ក្នុងនោះមានការផ្លាស់ប្តូរខ្សែការពារ​​កណ្តាល Lisandro Martinez ជាមួយ Victor Lindelof នៅ​តង់​ទី​មួយ ស្របពេល Maguire មិនត្រូវបានប្តូរចូលឡើយ។
 
Maguire ជាខ្សែការពារដែលមានតម្លៃខ្លួនថ្លៃបំផុតប្រចាំប្រវត្តិសាស្ត្រ Premier League បន្ទាប់ពីផ្ទេរពីក្រុម Leicester City ក្នុងឆ្នាំ ២០១៩ តម្លៃ ១០០លានដុល្លារ​ ទៅកាន់ Old Trafford អំឡុងលោក Ole Gunnar Solskjaer នៅដឹកនាំ៕
 
 

Tag:
 Harry Maguire
  Manchester United
© រក្សាសិទ្ធិដោយ thmeythmey.com