ជាតិ
តួប្រាង្គទី២២របស់ប្រាសាទបាគង កំពុងជួសជុល និងពង្រឹងគ្រឹះឡើងវិញ
17, Aug 2023 , 8:19 pm        
រូបភាព
ប្រាង្គទី២២នៃប្រាសាទបាគងកំពុងជួសជុលឡើងវិញ។ រូបភាពពីអាជ្ញាធរជាតិអប្សរា
ប្រាង្គទី២២នៃប្រាសាទបាគងកំពុងជួសជុលឡើងវិញ។ រូបភាពពីអាជ្ញាធរជាតិអប្សរា
ដោយ៖ ថោង ប្រណី
 
សៀមរាប៖ អាជ្ញាធរជាតិអប្សរាតាមរយៈក្រុមការងារជួសជុលប្រាសាទក្នុងតំបន់រលួស កំពុងជួសជុលពង្រឹងគ្រឹះប្រាង្គទី២២របស់ប្រាសាទបាគង ដែលបានសាងឡើងពី​ឥដ្ឋនៅផ្នែកខាងជើង​ដោយមានសភាពទ្រុឌទ្រោម និងមានគ្រោះថ្នាក់។

 
លោក សារាយ គឹមហួល ជាបុរាណវិទូ និងជាប្រធនអភិរក្សតំបន់រលួស នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ស្ថានភាពនៃការខូចខាតប្រាង្គទី២២ នៃប្រាសាទបាគងនេះ កំពុងប្រឈមនឹងហានិភ័យខ្លាំង ទើបអាជ្ញាធរជាតិអប្សរាធ្វើការជួសជុលពង្រឹងរចនាសម្ពន្ធប្រាង្គ ដើម្បីលើកតម្លៃសំណង់បុរាណ។ មន្ត្រីដដែលបញ្ជាក់ទៀតថា ប្រាង្គនេះ មានបញ្ហាប្រឈមខ្ពស់ ដោយប្រាង្គកណ្ដាលនៅរួតទី៣ ទី៤ផ្នែកខាងលិច និងនៅតាមជញ្ជាំងប្រាង្គ​នាទិសឦសាន​មានស្នាមប្រេះហែកចេញពីគ្នាតាំងតែពីលើរហូតដល់ក្រោម ដែលអាចនឹងដួលរលំ ប្រសិនបើមានការប្រែប្រួលអាកាសធាតុ។ នេះបើតាមការចុះផ្សាយរបស់អាជ្ញាធរជាតិអប្សរា។ 

ការជួសជុលប្រាង្គទី២២នៃប្រាសាទបាគង។ រូបភាពពីអាជ្ញាធរជាតិអប្សរា 
 
បើតាមលោក សារាយ គឹមហួល បច្ចុប្បន្ន ក្រុមការងារកំពុងជួយសង្គ្រោះពង្រឹងរចនាសម្ពន្ធឥដ្ឋ ជញ្ជាំង, តួប្រាង្គដែលរងការពុកផុយខ្លាំងតាំងពីក្រោមរហូតដល់កំពូលលើ ជាមួយនឹងបច្ចេកទេសបិទស្នាមប្រេះនៅតាមជញ្ជាំង ដើម្បីការពារជម្រាបទឹក ជាពិសេសពង្រឹងឡើងវិញនូវរចនាសម្ព័ន្ធពាក់ព័ន្ធមួយចំនួនទៀត ដោយប្រើខ្សែកាបចងគ្រីបនៅខាងក្រៅកុំឱ្យរលុះផង។
 
លោក សារាយ គឹមហួល ពន្យល់ថា ដំណាក់កាលដំបូងដែលត្រូវសង្រ្គោះបន្ទាន់ គឺត្រូវពង្រឹងគ្រឹះឬសង្រ្គោះត្រង់ចំណុចណាដែលមានហានិភ័យខ្ពស់ បន្ទាប់មកត្រូវសង្រ្គោះនៅកន្លែង​​ផ្សេងៗទៀតដែលមានហានិភ័យបន្តបន្ទាប់។  លោក គឹមហួល ពន្យល់បន្ថែមថា ការងារមួយទៀត គឺត្រូវសម្អាតស្ងួត​ដោយដកយកកូនរុក្ខជាតិ​តូចៗ​ដែលដុះនៅលើប្រាង្គ បោសសម្អាតដីចេញពីកន្លែងដែលត្រូវពង្រឹង បន្ទាប់មក ត្រូវកោសស្លែ​ចេញឱ្យអស់ហើយ និងត្រូវសម្អាតដោយទឹកដើម្បីងាយស្រួលតភ្ជាប់ជាមួយកំបោរ​បាយអជាដើម៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com