សង្គមអន្តរជាតិ​
អន្តរជាតិ
កូរ៉េខាងត្បូងដាក់គោលដៅទាក់ទាញនិស្សិតបរទេសមករៀនឱ្យបាន ៣០ម៉ឺននាក់ នៅឆ្នាំ២០២៧
17, Aug 2023 , 10:19 pm        
រូបភាព
រដ្ឋមន្ត្រីក្រសួងអប់រំ លោក Lee Ju-ho ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី១៦ខែសីហា ។ រូបភាពពី Yonhab ។
រដ្ឋមន្ត្រីក្រសួងអប់រំ លោក Lee Ju-ho ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី១៦ខែសីហា ។ រូបភាពពី Yonhab ។
ក្រសួងអប់រំកូរ៉េខាងត្បូងបានប្រកាសផែនការរយៈពេល ៥ ឆ្នាំដើម្បីទាក់ទាញនិស្សិតអន្តរជាតិចំនួន ៣០ម៉ឺននាក់ ។ ផែនការនេះមានគោលបំណងទប់ទល់នឹងការថយចុះចំនួនប្រជាជន ដែលស្ថិតក្នុងកម្រិតអាយុចូលរៀន មានការថយចុះ និងពង្រឹងការប្រកួតប្រជែងរបស់សាកលវិទ្យាល័យក្នុងស្រុក ដែលកំពុងតែប្រឈមមុខនឹងកង្វះការចុះឈ្មោះចូលរៀន។

 
ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីធានាបាននូវធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ និង ដើម្បីកែលម្អប្រជាជនដែលមានវ័យចំណាស់ច្រើននៅឆ្នាំ ២០២៧ រដ្ឋាភិបាលកូរ៉េមានគោលបំណងទាក់ទាញនិស្សិតបរទេសចំនួន ៣០ម៉ឺននាក់មកសិក្សា បង្កើតការងារ និងរស់នៅទីនេះ។
 
ដើម្បីទាក់ទាញនិស្សិតបរទេសឱ្យមកចុះឈ្មោះចូលរៀននៅសាកលវិទ្យាល័យកូរ៉េកាន់តែច្រើន ក្រសួងអប់រំគ្រោងនឹងធ្វើវិសោធនកម្មប្រព័ន្ធធានាគុណភាពអប់រំអន្តរជាតិ ដែលកំណត់ថាជាង ៣០ភាគរយនៃនិស្សិតបរទេសឆ្នាំទី១ ត្រូវតែប្រឡងជាប់កម្រិត ២ ឬ ៣ នៃតេស្តភាសាកូរ៉េជំនាញ TOPIK។
 
ក្រសួង​អប់រំ​នឹង​ពិចារណា​ដក​របាំង​ខាងលើ​ចេញ ដោយបង្កើនការ​អប់រំ​ជា​ភាសា និង​វប្បធម៌​កូរ៉េវិញ។ ក្រសួង​ក៏​នឹង​សហការ​ជាមួយ​ក្រសួង​វប្បធម៌ ដើម្បី​បំពេញ​តម្រូវការ​សិក្សា​ភាសា​កូរ៉េ​ដែល​កំពុង​កើនឡើង។
 
ដើម្បីដោះស្រាយការធ្លាក់ចុះនៃអត្រាកំណើតដែលអូសបន្លាយពេលនាំឱ្យមានការខ្វះខាតកម្លាំងពលកម្មឆ្លើយតបតម្រូវការទីផ្សារ ក្រសួងអប់រំនឹងទាក់ទាញនិស្សិតបរទេសដែលមានឯកទេសខាងវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងវិស្វកម្ម ដើម្បីលើកកម្ពស់បច្ចេកវិទ្យាខ្ពស់នៅក្នុងប្រទេសនេះ។ 
 
តាមរយៈកម្មវិធីអាហារូបករណ៍នានា កូរ៉េខាងត្បូងត្រូវបានគេរំពឹងថា នឹងផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុដល់និស្សិតអន្តរជាតិចំនួន ២៧០០នាក់ ដើម្បីសិក្សាផ្នែកវិទ្យាសាស្ត្រ និងវិស្វកម្មនៅក្នុងកម្មវិធីថ្នាក់អនុបណ្ឌិត និងបណ្ឌិតនៅឆ្នាំ ២០២៧។ អាហារូបករណ៍នេះ ក៏នឹងគាំទ្រដល់និស្សិតចំនួន ៦០០០នាក់នៅមុខវិជ្ជាដែលមិនមែនជាវិទ្យាសាស្ត្រផងដែរ។
 
ដើម្បីទាក់ទាញអ្នកដែលមានទេពកោសល្យ ក្រសួងអប់រំសង្ឃឹមថានឹងពង្រីកអាហារូបករណ៍ដល់និស្សិតមកពីប្រទេសដែលមានតម្រូវការខ្ពស់សម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយកូរ៉េ ដូចជាប៉ូឡូញ (ឧស្សាហកម្មអវកាស និងការពារជាតិ), បណ្តាប្រទេសអារ៉ាប់ (ឧស្សាហកម្មថាមពលនុយក្លេអ៊ែរ)។
 
បច្ចុប្បន្ននេះ និស្សិតមកពីចិន វៀតណាម និងអ៊ូសបេគីស្ថានមានចំនួន ៦៨ភាគរយនៃចំនួននិស្សិតអន្តរជាតិនៅក្នុងកូរ៉េខាងត្បូង ដែលភាគច្រើនផ្តោតលើការសិក្សាផ្នែកមនុស្សសាស្ត្រ។ នេះបើយោងតាមទិន្នន័យក្រសួងអប់រំកូរ៉េខាងត្បូង។
 
រដ្ឋមន្ត្រីក្រសួងអប់រំលោក Lee Ju-ho បាននិយាយថា ក្រសួងបានប្តេជ្ញាចិត្តគាំទ្រអ្នកដែលមានទេពកោសល្យបរទេសមកតាំងលំនៅនៅក្នុងប្រទេស។ 
 
លោកបន្តថា ៖ « យើង​ត្រូវ​ការ​បណ្ដុះបណ្ដាលអ្នកមាន​ទេពកោសល្យ (វិទ្យាសាស្ត្រ) ជា​បន្ទាន់ ក្នុងបរិបទដែលមានការប្រកួតប្រជែង​​​បច្ចេកវិទ្យា​កាន់តែ​ខ្លាំង។ ជាឧទាហរណ៍ ជប៉ុនមានបំណងទាក់ទាញនិស្សិតបរទេសចំនួន ៤០ម៉ឺននាក់នៅឆ្នាំ ២០៣៣។ ឥឡូវនេះគឺជាពេលវេលាដើម្បីទាក់ទាញអ្នកដែលមានទេពកោសល្យពីបរទេសដែលជាយុទ្ធសាស្ត្រមួយ»។
 
ក្រោមផែនការថ្មីនេះ ក្រសួងអប់រំនឹងសហការជាមួយក្រសួងយុត្តិធម៌ ដើម្បីបង្កើតប្រព័ន្ធទិដ្ឋាការបានលឿនរហ័ស ដើម្បីទាក់ទាញអ្នកមានរទេពកោសល្យផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាពីបរទេស ដើម្បីកុំឱ្យបេក្ខជនប្រឈមមុខនឹងស្ថានភាពធ្ងន់ធ្ងរ និងពន្យារពេលការចេញទិដ្ឋាការ។
 
នៅពេលដែលប្រព័ន្ធនេះចូលជាធរមាន និស្សិតដែលមានសញ្ញាប័ត្រអនុបណ្ឌិត ឬបណ្ឌិតផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាអាចទទួលបានស្ថានភាពស្នាក់នៅអចិន្ត្រៃយ៍ ឬសញ្ជាតិកូរ៉េក្នុងរយៈពេលត្រឹមតែ៣ឆ្នាំ ដែលពីមុន ៦ឆ្នាំ។
 
អ្នកកាន់ទិដ្ឋាការ D-2 ឬទិដ្ឋាការនិស្សិត នឹងអាចធ្វើការបានរហូតដល់ ៤០ម៉ោងក្នុងមួយសប្តាហ៍។ កាលពីមុន ពួកគេមិនត្រូវបានអនុញ្ញាតឱ្យធ្វើការលើសពី ២៥ម៉ោងក្នុងមួយសប្តាហ៍។ និស្សិតបរទេសក៏អាចធ្វើការក្រៅម៉ោងបានរហូតដល់ 30 ម៉ោងផងដែរ។
 
ទន្ទឹមនេះ ដើម្បីទាក់ទាញអ្នកមានទេពកោសល្យពីប្រទេសដែលនិយាយភាសាអង់គ្លេស ក្រសួងអប់រំគ្រោងនឹងផ្តល់វគ្គសិក្សាបន្ថែមទៀតដែលបង្រៀនជាភាសាអង់គ្លេសនៅតាមសាកលវិទ្យាល័យនានា ដោយសារថ្នាក់ភាគច្រើនជាភាសាកូរ៉េ។ វគ្គសិក្សាសមស្របក្នុងការសរសេរ និងក្រមសីលធម៌ស្រាវជ្រាវ នឹងមាននៅលើសេវាអនឡាញបើកចំហ ដែលផ្តល់ជូនវគ្គសិក្សាឥតគិតថ្លៃ។ 
 
និស្សិតបរទេសដែលសិក្សានៅកូរ៉េខាងត្បូងកើនឡើងខ្ពស់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយមាននិស្សិតចំនួន ១៥៣ ៦៩៥ នាក់ក្នុងឆ្នាំ ២០២០ និង១៥២ ២៨១ នាក់ក្នុងឆ្នាំ ២០២១ ហើយកើនដល់ ១៦៦ ៨៩២នាក់នៅឆ្នាំ ២០២២។ ក្នុងចំណោមនោះ មាននិស្សិតបរទេសជិត ៣ម៉ឺននាក់ដែលបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យកូរ៉េជារៀងរាល់ឆ្នាំ៕
 

Tag:
 កូរ៉េខាងត្បូង
  និស្សិតបរទេស
© រក្សាសិទ្ធិដោយ thmeythmey.com