អន្តរជាតិ
កាកបាទក្រហម នឹងបញ្ចប់ការផ្តល់មូលនិធិសម្រាប់មន្ទីរពេទ្យចំនួន២៥នៅអាហ្វហ្កានីស្ថាន
18, Aug 2023 , 11:49 am        
រូបភាព
គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC) នឹងបញ្ចប់ដំណើរការហិរញ្ញវត្ថុដល់មន្ទីរពេទ្យ​អាហ្វហ្កានីស្ថានចំនួន២៥នៅចុងខែសីហានេះដោយសារបញ្ហាថវិកា។ អ្នកនាំពាក្យ ICRC ​ប្រាប់​ទីភ្នាក់ងារព័ត៌មាន Reuters បែបនេះនាថ្ងៃទី១៧ ខែសីហា ចំ​ពេល​មាន​ការ​ព្រួយ​បារម្ភ​កាន់​តែ​ខ្លាំង​ឡើង​អំពីការធ្លាក់ចុះនៃជំនួយដល់ប្រជាជនអាហ្វហ្កានីស្ថានដែលកំពុងជួបវិបត្តិជាច្រើន។

 
«ទោះបីជាយើងបន្តចូលរួមជាមួយក្រសួងរដ្ឋាភិបាល ម្ចាស់ជំនួយ និងអង្គការនានាដើម្បីស្វែង រកយន្តការគាំទ្រប្រកបដោយនិរន្តរភាពជំនួសសម្រាប់វិស័យមន្ទីរពេទ្យក៏ដោយ ដំណាក់កាល បញ្ចប់គម្រោងជំនួយនៅតាមមន្ទីរពេទ្យត្រូវបានរំពឹងថានឹងកើតឡើងជាបណ្តោះអាសន្ននៅ ចុងខែសីហា»។ អ្នកនាំពាក្យ ICRC សម្រាប់អាហ្វហ្កានីស្ថានលោក Diogo Alcantara លើក ឡើងបែបនេះរួចបន្តថា ICRC មិនមានអាណត្តិ ឬធនធានដើម្បីរក្សាវិស័យថែទាំសុខភាព​ សាធារណៈដែលដំណើរការពេញលេញក្នុងរយៈពេលវែងជាងនេះឡើយ។
 
នៅក្នុងខែមេសា ICRC បាននិយាយថាក្រុមប្រឹក្សាភិបាលរបស់ខ្លួនបានអនុម័តទឹកប្រាក់ ៤៧៥,៣ លានដុល្លារក្នុងការកាត់បន្ថយការចំណាយក្នុងឆ្នាំ ២០២៣ និងដើមឆ្នាំ ២០២៤ ព្រមទាំងការវិលត្រឡប់មកវិញនៃប្រតិបត្តិការនៅក្នុងទីតាំងមួយចំនួនខណៈដែលថវិកា សម្រាប់ជំនួយមនុស្សធម៌ត្រូវបានរំពឹងថយចុះ។
 
លោក Alcantara បញ្ជាក់ផងដែរថា ផលលំបាកផ្នែកហិរញ្ញវត្ថុដែល ICRC កំពុងប្រឈម មុខបានកើនឡើងខ្លាំងជាងមុន ដែលដល់ពេលក្រសួងសុខាភិបាលសាធារណៈគ្រប់គ្រង ដោយក្រុមតាលីបង់ត្រូវទទួលខុសត្រូវពេញលេញចំពោះការផ្ដល់សេវាថែទាំសុខភាពជូន ប្រជាជន។
 
យ៉ាងណាមិញអង្គការដែលមានមូលដ្ឋាននៅទីក្រុងហ្សឺណែវមួយនេះនឹងបន្តកម្មវិធីសុខភាពអាហ្វហ្កានីស្ថានផ្សេងទៀតរបស់ខ្លួនរួមទាំងការគាំទ្រការស្តារនីតិសម្បទាសម្រាប់ជនពិការ ផងដែរ។ ជុំវិញរឿងការដកចេញគម្រោងនេះ  អ្នក​នាំពាក្យ​ក្រសួង​សុខាភិបាល​អាហ្វហ្កានី ស្ថាន​គ្រប់គ្រង​ដោយក្រុម​តាលីបង់​មិន​ទាន់បាន​ឆ្លើយតបថាយ៉ាងណាឡើយ។
 
កម្មវិធីមន្ទីរពេទ្យ ICRC ដើមឡើយបានគ្របដណ្តប់មន្ទីរពេទ្យចំនួន ៣៣ ដែលក្នុងនោះចំនួន ៨ ត្រូវបានលុបចោលរួចហើយៗ បានបង់ប្រាក់សម្រាប់បុគ្គលិកសុខាភិបាលជាង ១ ម៉ឺន នាក់ និងការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្រ្តមួយចំនួន។ មន្ទីរពេទ្យបានផ្តល់គ្រែរាប់ពាន់ និងតំបន់ផ្ដល់សេវា ដែលគ្របដណ្តប់មនុស្សជាង ២៥ លាននាក់ ឬជាងពាក់កណ្តាលនៃចំនួនប្រជាជនសរុប។
 
មន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់មួយសង្កត់ធ្ងន់ថា ប៉ាគីស្ថានដែលជាប្រទេសជិតខាងកំពុងឃ្លាំមើល ការអភិវឌ្ឍនេះយ៉ាងដិតដល់។ ក្រុមមន្ត្រីបាននិយាយថា ប៉ាគីស្ថាន ដែលជាគោលដៅសំខាន់ សម្រាប់ការថែទាំសុខភាពសម្រាប់ជនជាតិអាហ្វហ្កានីស្ថាន តែងតែមានពាក្យសុំទិដ្ឋាការពេទ្យ រាប់ពាន់ ដែលដាក់នៅស្ថានទូតរបស់ខ្លួន។
 
គួរបញ្ជាក់ថា ការដកចេញកម្មវិធីជំនួយនេះកើតឡើងចំពេលមានការព្រួយបារម្ភកាន់តែខ្លាំង ឡើងលើការកាត់បន្ថយជំនួយមនុស្សធម៌របស់អាហ្វហ្កានីស្ថាន ហើយទម្រង់ជំនួយអន្តរជាតិ ភាគច្រើនផ្សេងទៀតដែលបង្កើតជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចត្រូវបានបញ្ឈប់ពីរឆ្នាំបន្ទាប់ពីក្រុមតាលីបង់បានកាន់កាប់៕
 

© រក្សាសិទ្ធិដោយ thmeythmey.com