កីឡាអន្តរជាតិ
អន្តរជាតិ
AFF U23៖ ជំនួបសំខាន់រវាង កម្ពុជា ទល់មីយ៉ាន់ម៉ា នៅម៉ោង៤ល្ងាចនេះ
19, Aug 2023 , 11:39 am        
រូបភាព
ក្រុម U23 កម្ពុជា ពេលប៉ះព្រុយណេ នៅជំនួបដំបូង។ រូបភាព៖ FFC
ក្រុម U23 កម្ពុជា ពេលប៉ះព្រុយណេ នៅជំនួបដំបូង។ រូបភាព៖ FFC
ក្រុមកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម២៣ឆ្នាំ (U23) ត្រូវបន្តជួបមីយ៉ាន់ម៉ា ក្នុងការប្រកួតលើកទី២ពូល A ដែលជាជំនួបសំខាន់របស់ក្រុមទាំងពីរ ពានរង្វាន់ជើងឯកអាស៊ីអាគ្នេយ៍ AFF U23។ ជំនួបក្រុមទាំងពីរ ធ្វើឡើងនៅថ្ងៃទី១៩ ខែសីហា វេលាម៉ោង៤រសៀលនេះ នាកីឡដ្ឋាន Rayong ប្រទេសថៃ។



ជំនួបដំបូងពូល A U23 កម្ពុជា បានយកឈ្នះព្រុយណេ ៥-០ ស្របពេលមីយ៉ាន់ម៉ាចាញ់ម្ចាស់ផ្ទះថៃ ៣-០។ ដោយសារពូល A មាន៤ក្រុមលើសពូល B និង C ដែលមានត្រឹម៣ក្រុម មានការប្រកួតលើសគេ១លើក ដូច្នេះ ពិន្ទុ ឬគ្រាប់បាល់ដែលទទួលបានពីក្រុមបញ្ចប់នៅបាតតារាងពូល A មិនត្រូបានរាប់បញ្ចូលដើម្បីប្រជែងក្រុមលេខ២ល្អឡើយ។
 
ពូល B មានទីម័រខាងកើត ម៉ាឡេស៊ី និងឥណ្ឌូណេស៊ី ខណៈពូល C មាន ម្ចាស់ការពារជើងឯកវៀតណាម ហ្វីលីពីន និងឡាវ។ ក្រុមលេខ១នៃពូលនីមួយៗ រួមជាមួយក្រុម​លេខ២ល្អជាងគេ នឹងឈាន​ទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ ជំនួបដំបូងពូល B ម៉ាឡេស៊ីឈ្នះ ឥណ្ឌូណេស៊ី ១-០ ឯពូល C ឡាវ ស្មើហ្វីលីពីន ១-១។ 
 
ការប្រកួតវគ្គសន្សំពិន្ទុលើកទី២ រវាងកម្ពុជាដែលឈរលេខ១ពូល A បណ្តោះអាសន្ន និងលេខ៣ មីយ៉ាន់ម៉ា ត្រូវបានចាត់ទុកជាជំនួបសំខាន់ ក្នុងការប្រជែងយកចំណាត់ថ្នាក់ទី២ ដ្បិតពូល A ម្ចាស់ផ្ទះថៃ ត្រូវគេជឿជាក់ថាជាក្រុមខ្លាំង នឹងមានភាគរយខ្ពស់ឈរកំពូលតារាង។ ដោយឡែក ព្រុយណេ តាមរយៈទម្រង់លេងនិងសមត្ថភាព ក្រុមនេះគ្មានឱកាសទៅវគ្គបន្ត ឬចំណាត់ថ្នាក់ទី២ឡើយ។
 
កាលពីឆ្នាំ២០១៩ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ U23 កម្ពុជា​ បានយកឈ្នះមីយ៉ាន់ម៉ា ២-០ ក្នុងវគ្គសន្សំពិន្ទុតាមពូល។ កាលនោះកម្ពុជាបញ្ចប់ក្នុងចំណាត់ថ្នាក់កំពូលតារា ហើយបន្តប៉ះថៃនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ ក្រោយចាញ់ថៃ កម្ពុជាត្រូវប្រកូតដណ្តើមយកលេខ៣ជាមួយវៀតណាម ហើយចាញ់វៀតណាម ១-០ ទទួលបានចំណាត់ថ្នាក់លេខ៤ ឯឥណ្ឌូណេស៊ីឈ្នះថៃ ២-១ គ្រងជើងឯក។
 
តើនៅឆ្នាំ២០២៣  U23 កម្ពុជា អាចយកឈ្នះមីយ៉ាន់ម៉ា ដូចឆ្នាំ២០១៩ ឬុយ៉ាងណា?
ជំនួបរវាងម្ចាស់ផ្ទះថៃ ទល់នឹងព្រុយណេ នឹងធ្វើឡើងនៅម៉ោង ៧យប់ នៅកីឡដ្ឋាន Rayong ដដែល ពោលក្រោយបញ្ចប់ការប្រកួតរវាងកម្ពុជា-មីយ៉ាន់ម៉ា៕
 

Tag:
 AFF U23
© រក្សាសិទ្ធិដោយ thmeythmey.com