សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
វៀតណាមនាំចេញអង្ករមានតម្លៃខ្ពស់ជាងគេលើពិភពលោក
21, Aug 2023 , 7:39 pm        
រូបភាព
រូបភាពពី bao thanh nien ។
រូបភាពពី bao thanh nien ។
តម្លៃអង្ករបាក់វៀតណាមមានតម្លៃ ៦២៨ដុល្លារក្នុងមួយតោនដែលជាតម្លៃខ្ពស់បំផុតមួយលើទីផ្សារអន្តរជាតិ។ រយៈពេល ៧ខែដើមឆ្នាំនេះ វៀតណាមបាននាំចេញអង្ករបានជិត ៤,៩លានតោនដែលរកចំណូលបាន ២,៦២ពាន់លានដុល្លារ។ នេះបើតាមទូរទស្សន៍វៀតណាម VTV ។

 
បច្ចុប្បន្នតម្លៃ​អង្ករ​វៀតណាម​ស្ថិត​នៅ​លំដាប់​កំពូល​ក្នុង​ពិភពលោក។ បើតាមសមាគមស្បៀងអាហារវៀតណាម (VFA) នៅថ្ងៃទី១៨ ខែសីហា តម្លៃអង្ករបាក់វៀតណាមមានតម្លៃ៦២៨ដុល្លារក្នុងមួយតោន។ 
 
នេះ​ជា​តម្លៃ​ខ្ពស់​បំផុត​ក្នុង​ពិភពលោក ដែលខ្ពស់​ជាង​អង្ករ​ថៃ​ដែល​មានប្រភេទដូចគ្នា ១៦ដុល្លារ​ក្នុង​មួយ​តោន។ បើទោះបីប្រភេទអង្ករបាក់ អង្ករក្រអូប អង្ករគុណភាពខ្ពស់ បានធ្លាក់ថ្លៃពី១០ ទៅ២០ដុល្លារក្នុងមួយតោនក៏ពិតមែន ប៉ុន្តែវានៅតែជាប់ចំណាត់ថ្នាក់អង្ករដែលតម្លៃខ្ពស់ជាងគេនៅលើទីផ្សារពិភលោក។
 
រយៈពេល ៧ខែឆ្នាំនេះ វៀតណាមនាំចេញអង្ករជិត ៤,៩លានតោនរកបានចំណូល ២,៦២ពាន់លានដុល្លារ កើនជាង ២០ភាគរយជាបរិមាណ និង៣១,៤ភាគរយជាតម្លៃក្នុងរយៈពេលដូចគ្នាធៀបឆ្នាំមុន។
 
កាលពីដើមខែសីហាឆ្នាំនេះ នាយករដ្ឋមន្ត្រីវៀតណាម ផាម មិញ ជិញ បានចុះហត្ថលេខាលើសេចក្តីណែនាំមួយស្តីពីការធានាយ៉ាងម៉ឺងម៉ាត់នូវសន្តិសុខស្បៀងជាតិ និងការលើកកម្ពស់ផលិតកម្ម និងនាំចេញអង្ករប្រកបដោយនិរន្តរភាពក្នុងដំណាក់កាលបច្ចុប្បន្ន។
 
ក្នុងសារាចរណែនាំនោះ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យក្រសួងពាក់ព័ន្ធពិនិត្យមើលទិសដៅផែនការ និងអភិវឌ្ឍតំបន់ផលិតកម្មទ្រង់ទ្រាយធំដើម្បីទទួលបានអង្ករទំនិញមានគុណភាព ធានាបាននូវផ្ទៃដីដាំដុះស្រូវពិសេស តាមដានអាកាសធាតុ គ្រោះធម្មជាតិ និងជំងឺរាតត្បាតយ៉ាងដិតដល់ ដើម្បីកែសម្រួលផលិតកម្មភ្លាមៗ ធានាបាននូវគោលដៅផលិតកម្មស្រូវឱ្យបានជាង ៤៣ លានតោននៅឆ្នាំបន្តបន្ទាប់៕
 

Tag:
 វៀតណាម​
  អង្ករ
  ពិភពលោក
© រក្សាសិទ្ធិដោយ thmeythmey.com