អន្តរជាតិ
អូស្ត្រាលី ប្រកាសទិញមីស៊ីល​​ចម្ងាយ​ឆ្ងាយ Tomahawk ពីអាម៉េរិក
21, Aug 2023 , 8:59 pm        
រូបភាព
រដ្ឋមន្ត្រីការពារជាតិអូស្ត្រាលីលោក Richard Marles អះអាងថា អូស្ត្រាលីនឹងចំណាយថវិកាប្រមាណ៨៣៣លានដុល្លារ ទិញមីស៊ីល​ Tomahawk របស់​អាម៉េរិកដើម្បីបង្កើនសមត្ថភាពវាយប្រហាររយៈចម្ងាយឆ្ងាយរបស់ខ្លួន។ ការលើកឡើងនេះបានធ្វើឡើងបន្ទាប់ពីអូស្រ្តាលី នឹងអាម៉េរិកបានបញ្ចប់កិច្ចពិភាក្សាលើការទិញលក់មីស៊ីល​ Tomahawk ជាង២០០​គ្រាប់។



រដ្ឋមន្ត្រីការពារជាតិអូស្ត្រាលីលោក Richard Marles បានលើកឡើងនៅថ្ងៃទី២១ ខែសីហាថា អូស្ត្រាលីនឹងក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសបីដែលមានមីស៊ីល​រយៈ​ចម្ងាយ​ឆ្ងាយ Tomahawk រួមជាមួយអាម៉េរិក និងអង់គ្លេស។
 
«យើងកំពុងពង្រឹងសមត្ថភាពរបស់កងកម្លាំងការពារជាតិយើង ដែលត្រូវការដើម្បីទប់ទល់នឹងការគំរាមគំហែងពីសត្រូវនៅដែនទឹក និងធ្វើឱ្យប្រជាជនអូស្ត្រាលីមានសុវត្ថិភាពនៅក្នុងពិភពលោកដ៏ស្មុគស្មាញនិងមិនច្បាស់លាស់»។ រដ្ឋមន្ត្រីការពារជាតិអូស្ត្រាលីលើកឡើងបែបនេះក្នុងសេចក្តីថ្លែងការណ៍មួយ។​ 
 
បើតាមលោក Richard Marles មីស៊ីល Tomahawk ដែលផលិតដោយក្រុមហ៊ុន RTX Corp របស់អាម៉េរិកនេះ នឹងត្រូវបានដាក់ពង្រាយនៅលើនាវាពិឃាត Hobart-class របស់កងទ័ពជើងទឹកអូស្រ្ដាលី។ 
 
គួរបញ្ជាក់ថា ក្រសួងការបរទេសអាម៉េរិកកាលពីខែមីនា បានអនុម័តការលក់មីស៊ីល Tomahawk ដែលសមត្ថភាពបាញ់បានរយៈចម្ងាយ១៥០០គីឡូម៉ែត្រឯណោះ។ ប៉ុន្តែក្រសួងការបរទេសអាម៉េរិកមិនបានបញ្ជាក់ពីពេលវេលាជាក់ស្ដែងដែលកិច្ចព្រមព្រៀងនេះត្រូវចុះហត្ថលេខា ឬបញ្ចប់កិច្ចពិភាក្សាឡើយ។ 
 
រដ្ឋមន្ត្រីការពារជាតិអូស្ត្រាលីរូបនេះក៏បានអះអាងថា ក្រៅពីមីស៊ីល Tomahawks អូស្ត្រាលីនឹងចំណាយថវិកាប្រហែល៤៣១លានដុល្លារអូស្ត្រាលី ដើម្បីទិញមីស៊ីលប្រឆាំងវិទ្យុសកម្មកម្រិតខ្ពស់ជាង៦០គ្រាប់ពីអាម៉េរិក។ លើសពីនេះ អូស្ត្រាលីក៏នឹងអាចទិញមីស៊ីលប្រឆាំងរថក្រោះរយៈចម្ងាយឆ្ងាយសម្រាប់រថពាសដែកឈ្លបយកការណ៍ Boxer ក្នុងកិច្ចព្រមព្រៀងដែលមានតម្លៃប្រមាណជាង៥០លានដុល្លារអូស្ត្រាលីទៀត។
 
មួយរយៈចុងក្រោយនេះ អូស្រ្តាលី បានព្យាយាមពង្រឹងកងកម្លាំងការពាររបស់ខ្លួន ខណៈពេលដែលចិនកំពុងពង្រឹងវិស័យ​យោធាដែរនោះចាប់តាំងពីការបញ្ចប់សង្គ្រាមលោកលើកទីពីរមក។ កាលពីដើមឆ្នាំនេះ អូស្ត្រាលីក៏បានព្រមព្រៀងជាមួយអាម៉េរិកនិងអង់គ្លេស ដើម្បីបង្កើតនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ។
 
ការប្រកាសទិញមីស៊ីល Tomahawk របស់អូស្ត្រាលីនេះ បានកើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពីអាម៉េរិកបានអនុម័តការលក់ប្រព័ន្ធរ៉ុក្កែត M142 High Mobility Artillery Rocket Systems (HIMARS) ក្នុងតម្លៃ៩៧៥លានដុល្លារទៅឱ្យអូស្ត្រាលី៕ 
 

Tag:
 អូស្ត្រាលី
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com