ជាតិ
វត្តមានស្រ្តី នៅក្នុងការងារថែរក្សា និងជួសជុលប្រាសាទបុរាណ
21, Aug 2023 , 9:39 pm        
រូបភាព
អ្នកស្រី ចិ ឌី (ឆ្វេង) និងអ្នកស្រី ម៉ែន រើន (ស្ដាំ) កំពុងចូលរួមជួសជុលប្រាសាទនៅតំបន់អង្គរ
អ្នកស្រី ចិ ឌី (ឆ្វេង) និងអ្នកស្រី ម៉ែន រើន (ស្ដាំ) កំពុងចូលរួមជួសជុលប្រាសាទនៅតំបន់អង្គរ
ដោយ៖ ថោង ប្រណី 

សៀមរាប៖ ស្ត្រីជាច្រើន កំពុងចូលរួមយ៉ាងមមាញឹក ចូលរួមយ៉ាងសកម្ម​ក្នុង​ការងារ​ថែ​ទាំ​ជួស​​ជុល និងអភិរក្សប្រាសាទបុរាណ។ នៅតាមការដ្ឋានជួសជុលប្រាសាទ​នានា ក្នុង​រម​ណីយ​ដ្ឋានអង្គរ តួយ៉ាងដូចនៅការដ្ឋានជួសជុល​ប្រាសាទត្រពាំងល្ពៅ ឬត្រពាំងរពៅ ស្រ្តីដែលកំពុងតែ​ជួសជុលប្រាសាទ​ឥដ្ឋនេះ មានចំនួន​ជិត​ស្មើ​នឹង​បុរស។
 
អ្នកស្រី ម៉ែន រើន ជាកម្មករម្នាក់ដែលមកធ្វើជាអ្នក​ជួសជុលប្រាសាទឥដ្ឋ ​តាំងពី​ឆ្នាំ​២០១៣មក។ មានវ័យ៤៣ឆ្នាំ អ្នកស្រី ម៉ែន រើន បានរំឭកថា នៅ​ពេល​ដែល​ត្រូវមក​ធ្វើការជា​អ្នក​ជួស​ជុ​លប្រាសាទនេះដំបូង អ្នកស្រីត្រូវរៀនទាំងអស់ ព្រោះ​ខ្លួន​គ្មាន​បទពិសោធន៍​ក្នុងការងារជួលជុលនេះទេ។ «លាយកំបោរ​បាយអរ​ ហើយក៏ទ្រាំនឹងក្លិន​ក៏​មិន​ងាយស្រួល​ដែរ ព្រោះនៅពេលលាយកាវស្បែកគោម្ដងៗ វាមានក្លិន ហើយកំបោរ​ក៏ហ៊ុយ។ ពេលក្រុមការងារកាត់ឥដ្ឋវិញហ៊ុយផ្អោង។ ដំបូងៗ គិតក្នុងចិត្តថា មិនដឹងនៅតស៊ូធ្វើ​បានយូរ​ប៉ុនណានោះទេ។»។ នេះជាការរៀបរាប់របស់អ្នកស្រី ម៉ែន រើន។
 
ទោះជាការងារជួសជុលប្រាសាទឥដ្ឋនេះមិនងាយស្រួល ប៉ុន្តែ អ្នកស្រី ម៉ែន រើន បានខិតខំ​ប្រឹង​ប្រែងក្នុងការថែទាំប្រាសាទបុរាណនេះ រហូតដល់សព្វថ្ងៃ ​ដោយសារទឹកចិត្ត​ស្រឡាញ់​​។
 
កម្មករម្នាក់ទៀត គឺអ្នកស្រី ចិ ឌី រស់នៅភូមិថ្នល់ទទឹង ស្រុកបន្ទាយស្រី ក៏បានមកធ្វើជាអ្នក​ជួសជុលប្រាសាទឥដ្ឋនៅឆ្នាំ២០១៣មកដែរ។ ដ្បិតការងារជួសជុល ប្រាសាទមាន​ភាព​លំ​បាក តែនៅពេលឃើញប្រាសាទជួសជុលរួចស្អាត ធ្វើឱ្យអ្នកស្រីរីករាយជាខ្លាំង និង​ចង់​បន្តជួសជុលប្រាសាទបាក់បែកដទៃទៀត។ អ្នកស្រីបន្តថា ៖«ពេលខ្លះក៏មានអារម្មណ៍ហត់ នឿយ​តែដោយសារស្រឡាញ់ទើបព្យាយាមខំប្រឹងមិនដកថយ តែស៊ូទៅមុខទៀត។»។
 
ក្នុងទឹកមុខរីករាយ ស្រ្តីអ្នកជួសជុលប្រាសាទរូបនេះ បញ្ជាក់ថា​ក្នុងរយៈពេល១០ឆ្នាំមកនេះ  អ្នកស្រី ចិ ឌី ទទួលបានបទពិសោធន៍ច្រើន ​ដូចក្រុមការងារផ្សេងទៀត លើបច្ចេកទេស ជួសជុល​ ​ប្រាសាទឥដ្ឋ និងការងារផ្សេងៗ ដែលប្រធានគ្រប់គ្រងបានចាត់ចែងឱ្យធ្វើដែរ។ ស្រដៀងនឹងអ្នកស្រី ម៉ែន រើន ដែរ អ្នកស្រី ចិ ឌី អះអាងថានឹងបន្តការងារ​ជួសជុលប្រាសាទ​បាក់​បែកនេះ ទុកសម្រាប់ឱ្យ​កូនខ្មែរជំនាន់ក្រោយ ហើយក៏សង្ឃឹមថាអ្នកជំនាន់ក្រោយ ក៏​នឹង​បន្តស្មារតីអភិរក្សប្រាសាទបុរាណ​ដូចខ្លួនដែរ។
 
មកដល់បច្ចុប្បន្ន កម្មករស្រ្តី​ទាំងពីរនាក់នេះ និងកម្មករស្ត្រីដទៃទៀត បានចូលរួមជួសជុល​ប្រា​សាទ​ជាច្រើនដូចជា ប្រា​​សាទភ្នំបាខែង ប្រាសាទគោកចក ប្រាសាទក្រវ៉ាន់ និង​ចុងក្រោយ​កំពុង​ជួសជុលនៅប្រាសាទត្រពាំងល្ពៅ។ ស្ត្រីទាំងនេះ ក៏មានភាពស្ទាត់ជំនាញច្រើនផ្នែកដូចជា បច្ចេកទេស​ជួសជុលប្រាសាទឥដ្ឋ របៀបផលិតកំបោរបាយអរ ការសម្អាតទីតាំងជួសជុល ការបិទពង្រឹងឥដ្ឋ និងរៀនពីការសម្រង់ប្លង់ជាដើម៕
 

Tag:
 ស្ត្រី
  ជួសជុលប្រាសាទ
  ​ប្រាសាទត្រពាំងល្ពៅ
© រក្សាសិទ្ធិដោយ thmeythmey.com