ជាតិ
លោក នេត សាវឿន ជានាយករដ្ឋមន្រ្តីស្តីទី នៅពេលអវត្តមានលោក ហ៊ុន ម៉ាណែត
23, Aug 2023 , 11:59 am        
រូបភាព
រដ្ឋាភិបាលថ្មី ដែលដឹកនាំដោយលោក ហ៊ុន ម៉ាណែត បានបែងចែងភារកិច្ច និងមុខងារផ្សេង ដល់ឧបនាយករដ្ឋមន្រ្តី និងទេសរដ្ឋមន្រ្តី ។ ក្នុងការបែងចែកនេះ លោក នេត សាវ៉ឿន នឹងទទួលបន្ទុកជានាយករដ្ឋមន្រ្តីស្តីទី នៅពេលអវត្តមានលោក ហ៊ុន ម៉ាណែត ។



តាមសេចក្តីសម្រេចបែងចែកការងារ លោក ហ៊ុន ម៉ាណែត បានអនុញ្ញាតឱ្យឧបនាយករដ្ឋមន្រ្តី ២រូប ទទួលភារកិច្ចជានាយករដ្ឋមន្ត្រីស្តីទី នៅពេលអវត្តមានរូបលោក។ ក្នុងនោះឧបនាយករដ្ឋមន្រ្តី លោក នេត សាវឿន នឹងត្រូវជួយនាយករដ្ឋមន្រ្តីលើវិស័យសន្តិសុខជាតិ និងសណ្ដាប់ធ្នាប់សាធារណៈ, ក្នុងក្របខណ្ឌអន្តរក្រសួង ជួយនាយករដ្ឋមន្រ្តីក្នុងការសម្របសម្រួលដឹកនាំកម្លាំងគ្រប់ប្រភេទ ដើម្បីការពារសន្តិសុខជាតិ និងសណ្ដាប់ធ្នាប់សាធារណៈ, ទទួលសិទ្ធិពីនាយករដ្ឋមន្រ្តីក្នុងការបញ្ជាកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្នុងពេលនាយករដ្ឋមន្រ្តីអវត្តមាន, ជួយតម្រង់ទិសដល់អាជ្ញាធរ គណៈកម្មាធិការ ក្រុមប្រឹក្សាដែលចំណុះឱ្យរដ្ឋាភិបាល តាមការប្រគល់សិទ្ធិរបស់នាយករដ្ឋមន្រ្តី ព្រមទាំងទទួលបន្ទុកអនុវត្តការងារពិសេស ឬបេសកកម្មពិសេសផ្សេងៗទៀត ដែលនាយករដ្ឋមន្រ្តីប្រគល់ជូន។
 
នាយករដ្ឋមន្រ្តីស្តីទី បន្ទាប់គឺលោកឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន ដែលត្រូវទទួលភារកិច្ចនេះ នាពេលនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត និងលោក នេត សាវឿន អវត្តមានពីប្រទេសកម្ពុជា។
លោក អូន ព័ន្ធមុនីរ័ត្ន មានសិទ្ធិជួយនាយករដ្ឋមន្រ្តីលើវិស័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ជាប្រធានគណៈកម្មការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ជាប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម និងជាប្រធានឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ ព្រមទាំងទទួលបន្ទុកអនុវត្តការងារពិសេស ឬបេសកកម្មពិសេសផ្សេងទៀត។

Tag:
 នយោបាយ
  នេត សាវឿន
  ហ៊ុន ម៉ាណែត
© រក្សាសិទ្ធិដោយ thmeythmey.com