អន្តរជាតិ
របបសឹកមីយ៉ាន់ម៉ាបណ្តេញអ្នកការទូតកំពូលទីម័រខាងកើតចេញពីប្រទេស
28, Aug 2023 , 11:29 am        
រូបភាព
លោក Jose Ramos-Horta ប្រធានាធិបតីទីម័រខាងកើត។ រូបភាព AFP
លោក Jose Ramos-Horta ប្រធានាធិបតីទីម័រខាងកើត។ រូបភាព AFP
រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា នៅថ្ងៃទី២៧ ខែសីហា បានសម្រេចបណ្តេញមន្រ្តីការទូតជាន់ខ្ពស់ទីម័រខាងកើតចេញពីប្រទេស។ ទីម័រខាងកើតក៏បានថ្កោលទោសមីយ៉ាន់ម៉ាចំពោះការសម្រេចចិត្តនេះ។

 
តាមគណនីFacebook របស់ក្រសួងការបរទេសគ្រប់គ្រងដោយយោធា នៅថ្ងៃទី២៧ ខែសីហា រដ្ឋាភិបាលទីម័រខាងកើត បានលើកទឹកចិត្តក្រុមភេរវករឱ្យបន្តប្រព្រឹត្តអំពើហិង្សានៅមីយ៉ាន់ម៉ា ជាមួយការបង្ហាញការមិនពេញចិត្តចំពោះជំនួបរវាងប្រធានាធិបតីទ័ម័រខាងកើត Jose Ramos-Horta និងរដ្ឋមន្រ្តីការបរទេសរបស់រដ្ឋាភិបាលស្រមោលមីយ៉ាន់ម៉ា លោកស្រី Zin Mar Aung នៅក្នុងរដ្ឋធានីឌីលី។
 
ក្រសួងការបរទេសគ្រប់គ្រងដោយយោធាមីយ៉ាន់ម៉ា បានរិះគន់យ៉ាងខ្លាំង និងចាត់ទុកជាសកម្មភាពមិនទទួលខុសត្រូវរបស់រដ្ឋាភិបាលទីម័រខាងកើត។ 
ទាក់ទិននឹងបញ្ហានេះ ក្រសួងការបរទេសគ្រប់គ្រងដោយយោធា បានបញ្ជាឱ្យភារធារីទីម័រខាងកើតចេញពីក្រុងយ៉ាំងហ្គោនមិនឱ្យលើសពីថ្ងៃទី១​ ខែកញ្ញា ឆ្នាំ២០២៣។ 
 
បន្ទាប់ពីរដ្ឋប្រហារនៅខែកុម្ភៈ ឆ្នាំ២០២១ របបយោធាមីយ៉ាន់ម៉ា បានដាក់រដ្ឋាភិបាលបង្រួបបង្រួមជាតិមីយ៉ាន់ម៉ា (NUG) ឬរដ្ឋាភិបាលស្រមោល និងក្រុមពាក់ព័ន្ធ ជាក្រុមភេរវករ។ 
 
ជាការឆ្លើយតប រដ្ឋាភិបាលក្រុងឌីលី បានថ្កោលទោសសេចក្តីថ្លែងការណ៍បណ្តេញចេញមន្រ្តីទូតរបស់ខ្លួនពីសំណាក់យោធាមីយ៉ាន់ម៉ា ហើយថែមទាំងជំរុញឱ្យរបបសឹកគោរពសិទ្ធិមនុស្ស និងស្វែងរកដំណោះស្រាយប្រកបដោយសន្តិភាព និងប្រកបដោយការស្ថាបនាថែមទៀត។
 
ស្របគ្នានេះ ទីម័រខាងកើត ក៏បានលើកឡើងពីភាពចាំបាច់ ក្នុងការគាំទ្ររាល់កិច្ចខិតខំទាំងអស់ដើម្បីស្តារប្រជាធិបតេយ្យឡើងវិញនៅមីយ៉ាន់ម៉ាផង។ 
 
នៅដើមខែសីហា នាយករដ្ឋមន្រ្តីទីម័រខាងកើត លោក Xanana Gusmao បានអះអាងថា រដ្ឋាភិបាលខ្លួន អាចពិចារណាឡើងវិញ ក្នុងការចូលជាសមាជិកអាស៊ាន ប្រសិនបើប្លុកមួយនេះ បរាជ័យក្នុងការបញ្ចុះបញ្ចូលរបបសឹកឱ្យបញ្ចប់ជម្លោះ។ កន្លងមក អាស៊ាន មិនបានដាក់ចំណាត់ការធំដុំអ្វីឡើយលើមីយ៉ាន់ម៉ា ដើម្បីអាចឈានទៅដល់ការបញ្ចប់ជម្លោះក្នុងប្រទេស និងអាចមានការបោះឆ្នោតប្រកបដោយសេរី។ 
 
នៅក្នុងឆ្នាំ២០២២ មេដឹកនាំអាស៊ាន យល់ព្រមជាគោលការណ៍ឱ្យទីម័រខាងកើត ចូលជាសមាជិកទី១១ របស់ខ្លួន។ នៅក្នុងខែឧសភាកន្លងមក អាស៊ាន ក៏បានដាក់ចេញផែនទីបង្ហាញផ្លូវសម្រាប់ទីម័រខាងកើតចូលជាសមាជិកអាស៊ានជាផ្លូវការផង៕ 
 

Tag:
 មីយ៉ាន់ម៉ា
  ទីម័រខាងកើត
© រក្សាសិទ្ធិដោយ thmeythmey.com